29 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​គឺ​ដើម្បី​បង្ហាញ​ថា​ចិន​នៅ​តែ​អាច​ធ្វើ​មិត្ត​ល្អ​ជាមួយ​សម្ពន្ធមិត្ត​របស់​អាមេរិក

បទវិភាគ

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន ទៅកាន់​ប្រទេស​ទាំង​៤ ក្នុង​តំបន់​អាស៊ី គឺ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ចិន​នៅតែ​អាច​ធ្វើជា​មិត្ត​ល្អ​ទាំង​ការទូត និង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ កញ្ញា ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​នៅ​ពេលនេះ គឺ​ដើម្បី​ស្ទាបស្ទង់​ទំនោរ​ប្រទេស​ក្នុង​តំបន់​អាស៊ី ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី សឺមែន (Wendy Sherman) កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ។

លោក គឹម សុខ អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​មាន​កិច្ចសន្យា​សហប្រតិបត្តិការ​ក្នុង​កម្រិត​ណាមួយ​ផង​ដែរ​រវាង​ចិន និង​ប្រទេស​ទាំងនេះ ហើយ​នេះ​ជា​វិធី​ដែល​ចិន​អាច​លេង​ល្បែង​ចិត្តសាស្ត្រ​នយោបាយ​ដើម្បី​បង្ហាញ​ថា ការ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មិន​សូវ​បាន​ផល ខណៈ​នយោបាយ​ការទូត​របស់​ខ្លួន គឺ​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង។

កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ សារព័ត៌មាន​របស់​ចិន China Global Television Network (CGTN) បាន​ចុះផ្សាយ​ថា ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ប្រជាមានិត​ចិន លោក វ៉ាង យី នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា វៀតណាម សិង្ហបុរី និង​កូរ៉េ​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។

ប្រភព​ដដែល​អះអាង​ថា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង លោក វ៉ាង វិនប៊ីន លើកឡើង​ថា ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នឹង​ធ្វើ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​ជាមួយ​គ្រប់​ភាគី​ទាំងអស់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ដោយ​ជំរុញ​ការ​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម​គ្នា​សម្រាប់​មនុស្ស​ជាតិ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​បញ្ជាក់​ថា ចិន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​បួន​នេះ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​រួម​គ្នា​ការពារ​ពហុភាគី​និយម និង​យុត្តិធម៌​អន្តរជាតិ ដើម្បី​បញ្ចូល​ថាមពល​វិជ្ជមាន​បន្ថែម​ទៀត​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប្រទេស​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូច​អាមេរិក​ជាដើម​ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ​នោះ កម្ពុជា​ក៏​មិន​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។

លោក​អះអាង​ថា បើ​មិន​មែន​ចិន​ជា​អ្នក​ជួយ​ដល់​កម្ពុជា​ទេ រដ្ឋាភិបាល​របស់​លោក​ក៏​មិន​មាន​ថ្នាំបង្ការ​ជំងឺ Covid-19 ចាក់​ជូន​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះ​យ៉ាងណាក៏ដោយ កម្ពុជា​នៅតែ​ស្វាគមន៍​រាល់​ជំនួយ​របស់​ប្រទេស​នានា​ក្រៅពី​ចិន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២០ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​លុយ​មិត្ត​ដែកថែប​របស់​ខ្លួន គឺ​មហាអំណាច​កុម្មុយនីស្ត​ចិន ៥​ពាន់​លាន​ផោន ដែល​ស្មើ​នឹង​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក ជា​បំណុល​ដែល​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​៣០ ដែល​ជំពាក់​លុយ​មហាយក្ស​កុម្មុយនីស្ត​មួយ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស