33 C
Phnom Penh

លោក ហ៊ុន សែន៖ រលក​ថ្មី​នៃ​ជំងឺ Covid-19 ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរ​ថា រលក​ថ្មី​នៃ​ជំងឺ Covid-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ នេះ។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នេះ លោក ហ៊ុន សែន បាន​លើកឡើង​ថា រលក​ថ្មី​នៃ​ជំងឺ Covid-19 បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​ដែល​ជា​កត្តា​សំខាន់ៗ​ក្នុង​ការ​ជំរុញ​ឱ្យ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា សម្រាប់​ឆ្នាំ​២០២១ ដូចជា​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​ជាច្រើន​ដទៃ​ទៀត។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ដល់​ដំណើរ​សេដ្ឋកិច្ច​របស់​ខ្លួន និង​រក្សា​លំនឹង​ជីវភាព​របស់​ពលរដ្ឋ​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​សភាពការណ៍​ជំងឺ Covid-19 ដោយ​ផ្ដោត​លើ​កិច្ចការ​អាទិភាព​មួយ​ចំនួន ដូចជា​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ដើម្បី​បង្កើត​ភាព​ស៊ាំ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​ក្នុង​សហគមន៍​ជាដើម។

លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់ ដូចជា​ចិន វៀតណាម មីយ៉ាន់ម៉ា និង​ថៃ ថា​ដើម្បី​ធានា​នូវ​ប្រតិបត្តិការ​ដោយ​រលូន​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ការ​ការពារ​សុខភាព​សាធារណៈ​ក្នុង​តំបន់ ប្រទេស​ទាំងនេះ​ត្រូវតែ​រួម​គ្នា​ដាក់​ចេញ​នូវ​ផែនការ​ឆ្លើយតប​នឹង​ជំងឺ Covid-19 និង​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ទៀត​ដែរ​ថា ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បាន​ល្អ ក៏​ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ និង​ប្រទេស​ជា​មិត្ត​ផ្សេង​ទៀត​ដែល​បាន​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ។

កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​អះអាង​ថា ដើម្បី​រក្សា​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ក្រសួង​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុង​ដំណាក់កាល​ទី​២ កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​បរិបទ​នៃ​ជំងឺ Covid-19 ជាពិសេស​ការ​បិទ​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ការ​បិទ​ខ្ទប់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​នា​ពេល​កន្លងមក។

ជុំវិញ​បញ្ហា​នេះ ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករ​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​កំណើន​ជិត ៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១ បន្ទាប់ពី​ធ្លាក់​ចុះ​ប្រមាណ ៣,១​ភាគរយ​កាលពី​ឆ្នាំ​២០២០។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក​បញ្ជាក់​ថា កំណើន​នេះ​នៅតែ​មាន​ភាព​មិន​ប្រាកដប្រជា​នៅឡើយ។

ទោះ​ជា​បែប​នេះ​ក្តី កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២០ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani-Jamal បាន​អះអាង​ថា ជំងឺ Covid-19 បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បណ្តាល​ឱ្យ​ធ្លាក់​ចុះ​ដល់ ៩៨,១% ដែល​បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ប្រមាណ​ជាង ៣​ពាន់​ត្រូវ​បិទ​ទ្វារ ហើយ​កម្មករ​ប្រមាណ​ជាង ៤​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រូប​នេះ​បញ្ជាក់​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ២៥០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ដើម្បី​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ក្រោយ​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស