ក្រសួងសុខាភិបាល ព្រមានថា រយៈពេលចុងក្រោយនេះក្រសួងបានរកឃើញករណីផ្ទុះជំងឺ Covid-19 ភាគច្រើនបានបន្តកើនឡើងនៅទីផ្សារលក់ដូរដែលនៅតាមបណ្តាខេត្ត ក្រុង ស្រុក ឃុំ និងតាមទីប្រជុំជននានា ខណៈតាមទីផ្សារទំនើបកំពុងតែថយចុះ។
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយអំពាវនាវប្រជាពលរដ្ឋទាំងអស់កុំពឹងផ្អែកទៅលើតែប្រសិទ្ធភាពវ៉ាក់សាំងទាំងស្រុង ពីព្រោះលទ្ធភាពចម្លងវីរុស Covid-19 ទៅលើអ្នកដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចចម្លងបានដដែល ប្រសិនបើមិនអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ។
ប្រភពដដែលអះអាងថា ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 និងឆ្ពោះទៅរកការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសនេះឱ្យបានខ្ជាប់ខ្លួនជានិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បញ្ជាក់ថា បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ក៏បានទទួលស្គាល់ផងដែរពីការបំប្លែងខ្លួនថ្មីច្រើនបែបច្រើនយ៉ាងនៃវីរុស Covid-19 ដូចជាវីរុសបំប្លែងថ្មីប្រភេទ DELTA ជាដើម ដែលកំពុងវាយលុកយ៉ាងលឿនចូលទៅក្នុងប្រទេសប្រមាណ ១៣០ប្រទេសហើយនៅពេលនេះ ខណៈកម្ពុជាក៏រកឃើញវីរុសប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ។
ជុំវិញបញ្ហានេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) អ្នកស្រី Li Ailan បានអះអាងកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ កន្លងទៅថា ការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយស័ក្ដិសិទ្ធិដើម្បីបញ្ចប់ជំងឺរាតត្បាត Covid-19 នោះទេ ព្រោះវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ត្រូវគេរកឃើញថាមានសមត្ថភាពអាចបន្សាបប្រសិទ្ធភាពវ៉ាក់សាំងបាន។
ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ថា ខ្លួនបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី១ បានជាង ១១លាន ៤សែននាក់ រីឯដូសទី២ បានជាង ៩លាន ៥សែននាក់ ចំណែកអ្នកចាក់ដូសទី៣ ចំនួន ៧សែន ៨ម៉ឺននាក់ ដោយឡែកកុមារចាក់បានជាង ៨៦ភាគរយផងដែរ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៦២៩នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៤២២នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ៩នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ១សែន ១០០នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៩ម៉ឺន ៤ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើង ២ពាន់ ៤៩នាក់ផងដែរ ខណៈអ្នកឆ្លងវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA បានកើនឡើងជាង ៣ពាន់ ៧០០នាក់ហើយនៅពេលនេះ ដែលបានរកឃើញ ២៤រាជធានី-ខេត្ត នៅសល់តែខេត្តកែបមួយប៉ុណ្ណោះដែលមិនទាន់រកឃើញនៅឡើយ៕