លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រុមអ្នកវិនិយោគដែលបានបាត់លុយចំនួន ៣០លានដុល្លារអាមេរិកពីការបណ្ដាក់ទុនក្នុងក្រុមហ៊ុន GoldFX Investment ឱ្យប្តឹងទៅតុលាការកម្ពុជាដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយនៅក្នុងប្រអប់បញ្ចេញមតិលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថា ដោយសារមានអ្នកចូលមកសំណូមពរយ៉ាងច្រើន ដូច្នេះលោកសូមឆ្លើយដោយខ្លីថា សូមភាគីអ្នកដាក់ទុនវិនិយោគ និងម្ចាស់ភាគីក្រុមហ៊ុនសម្រុះសម្រួលគ្នាសិនទៅ ព្រោះថាភាគីទាំងសងខាងបានយល់ព្រមស្រុះស្រួលរកស៊ីជាមួយគ្នានាពេលកន្លងមក។
លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងករណីភាគីទាំងសងខាងរកការស្រុះស្រួលមិនបានលើករណីដែលភាគីខាងក្រុមហ៊ុនផ្តល់សំណងហើយ តែភាគីអ្នកបណ្ដាក់ទុនមិនយល់ព្រមទទួលយកសំណងនោះ សូមនាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់តុលាការចុះ ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌ជាអ្នកវែកញែករកខុសត្រូវលើករណីនេះ។
ការណែនាំរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីក្រុមវិនិយោគិនជាច្រើននាក់បាននាំគ្នាចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិលើទំព័រ Facebook របស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានគណនី Facebook ជាច្រើនដែលបានសំអាងថាខ្លួនជាជនរងគ្រោះ នាំគ្នាចូលទៅសរសេរសំណូមពរទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្អូញត្អែរថា ពួកគេគឺជាវិនិយោគិនប្រមាណជា ៥០០នាក់បានដាក់ប្រាក់វិនិយោគក្នុងក្រុមហ៊ុន (GOLDFX INVESTMENT CO., LTD) នាពេលកន្លងមក។ ប៉ុន្តែអស់រយៈពេលជាច្រើនខែមកនេះ ពួកគេមិនបានទទួលប្រាក់ពីការបណ្ដាក់ទុនដូចអ្វីដែលក្រុមហ៊ុនធ្លាប់បានអះអាងនោះទេ។
ប្រភពដដែលអះអាងថា ពួកគេសុំតែប្រាក់ដើម ១០០% វិញតែប៉ុណ្ណោះ ប៉ុន្តែអស់រយៈពេលជាង ៦ខែមកហើយដែលភាគីក្រុមហ៊ុនមិនបានរកដំណោះស្រាយសងប្រាក់ដើមដែលពួកគេបានដាក់វិនិយោគកន្លងទៅនោះទេ ហើយភាគីក្រុមហ៊ុនបែរជាអះអាងជាឯកតោភាគីថា ខ្លួននឹងផ្តល់សំណងត្រឹមតែ ៣០% នៃប្រាក់ដើមសរុបរបស់អតិថិជនប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ និយតករមូលប័ត្រកម្ពុជា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានបាត់បង់ថវិកាក្នុងការបណ្ដាក់ទុនជាមួយក្រុមហ៊ុន GoldFX Investment ជិត ៨០០បណ្តឹង ដោយទាមទារប្រាក់បណ្ដាក់ទុនពួកគេវិញ ដែលក្រុមហ៊ុនបានធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់អតិថិជនប្រមាណជា ៣០លានដុល្លារអាមេរិក។

ក្រុមអ្នកវិនិយោគក្នុងក្រុមហ៊ុន GoldFX Investment នេះ ត្រូវសារព័ត៌មានក្នុងស្រុកដែលមានឈ្មោះថា ខ្មែរថាមស៍ (Khmer Times) ដកស្រង់សម្ដីកាលពីពេលកន្លងទៅថា ប្រាក់វិនិយោគនៅក្រុមហ៊ុន GFX នេះត្រូវបានគណៈគ្រប់គ្រងក្រុមហ៊ុនដែលជាជនជាតិសិង្ហបុរី ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ លួចដកអស់ប្រមាណ ២០លានដុល្លារអាមេរិក ហើយក៏គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកលុយដែលពួកគេបានវិនិយោគក្នុងក្រុមហ៊ុននេះមានចំនួនចាប់ពី ១ពាន់ដុល្លារអាមេរិករហូតដល់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ ហើយចំណោមនោះក៏មានសិស្សនិស្សិតផងដែរ។
យ៉ាងណាក៏ដោយ ក្រោយកើតមានបញ្ហានេះ ក្រុមហ៊ុន GoldFX Investment បានណាត់ជួបអតិថិជនបានមួយចំនួនដែរក្នុងចំណោមអតិថិជនសរុបប្រមាណ ៣ពាន់នាក់ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២១ មក ក្នុងនោះក៏មានអ្នកដែលបានយល់ព្រមទទួលដំណោះស្រាយរួមរវាងក្រុមហ៊ុន និងពួកគេផងដែរ។
ក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD ហៅកាត់ថា GFX ជាក្រុមហ៊ុនឯកជនដែលបានចុះបញ្ជីជាផ្លូវការកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានការិយាល័យកណ្តាលនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាភ្នាក់ងារឈ្មួញជើងសាដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលប័ត្រកម្ពុជា ដែលសំដៅលើការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស និងប្រេងឆៅជាដើម។

ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា តុលាការកម្ពុជាគួរតែពិនិត្យ និងដោះស្រាយលើបញ្ហានេះជូនប្រជាពលរដ្ឋឱ្យបានឆាប់ ត្បិតពលរដ្ឋនៅពេលនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ផងដែរ ដូច្នេះដំណោះស្រាយផ្តល់ប្រាក់សំណងដល់ក្រុមវិនិយោគិនទាំងនោះ ១០០% ជូនពួកគេវិញ គឺជាហេតុផលត្រឹមត្រូវបំផុត។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងគណៈគ្រប់គ្រងក្រុមហ៊ុន GFX នេះដើម្បីបំភ្លឺលើបញ្ហានៃការទាមទារប្រាក់សំណងនេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕