ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បន្តអំពាវនាវរំឭកដល់ពលរដ្ឋដែលរស់នៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ឬនៅតាមក្រុមគ្រួសារនីមួយៗឲ្យបានជាប្រចាំ ព្រោះអាចមានជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយឆ្លងកាត់ប្រទេសភូមា ថៃ ឡាវ និងវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា។ ចំណែកឯប្រទេសកម្ពុជា ក៏នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មីមួយទៀតពីប្រទេសឥណ្ឌា និងខ្យល់មូសុងនិរតីផងដែរ។
ក្រសួងធនធានទឹក បញ្ជាក់ថា បណ្ដាខេត្តមួយចំនួននៅតំបន់វាលទំនាបកណ្ដាល មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។
ទាក់ទិនបញ្ហានេះដែរ គណៈកម្មការទន្លេមេគង្គក៏បានព្រមានអំពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ការបាក់ដី និងបាក់ច្រាំងទន្លេនៅប៉ុន្មានថ្ងៃខាងមុខ ខណៈព្យុះត្រូពិកឈ្មោះ ខន់សិន (Conson) នឹងមានឥទ្ធិពលមកលើបណ្តាប្រទេសនៅអាងទន្លេមេគង្គក្រោម ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងផងដែរ។
គណៈកម្មការទន្លេមេគង្គបញ្ជាក់ថា ផ្លូវលាតសន្ធឹងនៃព្យុះត្រូពិកនេះ គឺគ្របដណ្តប់ចាប់ពីខេត្តភាគខាងជើងដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងត្រូវរងផលប៉ះពាល់នៅក្នុងរយៈពេល ៥ថ្ងៃខាងមុខ។ ចំណែកនៅតាមបណ្តាខេត្តភាគខាងជើង និងភាគពាយព្យនៃប្រទេសថៃ និងប្រទេសឡាវ ក៏នឹងរងផលប៉ះពាល់ផងដែរ។ ដោយឡែកនៅតំបន់ភាគខាងជើង និងភាគពាយព្យរបស់ប្រទេសកម្ពុជា ក៏នឹងរងផលប៉ះពាល់ដូចគ្នាដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះសារនៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ភ្លៀងបានធ្លាក់ក្នុងកម្រិតបង្គួរនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឡែកខេត្តផ្សេងៗទៀតមិនទាន់មានរបាយការណ៍នៅឡើយទេ។
កាលពីដើមខែកញ្ញា នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០២១ នេះ គ្រោះមហន្តរាយធម្មជាតិបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៤នាក់ និងរបួស ១៥៨នាក់។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់កើតឡើងចំនួន ២៦៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៧២នាក់ និងរងរបួស ១០៩នាក់។
ប្រភពដដែលបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានកើតឡើង ១៧៩លើក រលំផ្ទះ ៨៣៧ខ្នង និងរបើកដំបូលជាង ៦៥០០ខ្នង និងស្លាប់មនុស្ស ៥នាក់ និងរបួស ៦៧នាក់ ចំណែកឯគ្រោះធម្មជាតិរន្ទះបាញ់ កើតឡើង ៨៥លើក ស្លាប់មនុស្ស ៦៧នាក់ និងរបួស ៤២នាក់ ងាប់គោក្របី ៤០ក្បាល។
ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕