40.8 C
Phnom Penh

អាជ្ញាធរ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ក្នុង​ខណ្ឌ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ដែល​ប្រឈម​គ្រោះ​ទឹកជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដាក់​ចេញ​វិធានការ​ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​នា​ពេល​ខាងមុខ។

សេចក្ដី​ណែនាំ​ស្ដីពី​ការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ-អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀម​សហការ និង​ធ្វើការ​សម្រប​សម្រួល​ការងារ​ពាក់ព័ន្ធ​ទៅ​តាម​ជំនាញ​សមត្ថកិច្ច​រៀង​ខ្លួន ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

ដូច្នេះ ដើម្បី​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ជាពិសេស​រដ្ឋបាល​ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល ខណ្ឌ​ព្រែកព្នៅ ខណ្ឌ​ឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ច្បារអំពៅ ត្រូវ​អនុវត្ត​វិធានការ​មួយ​ចំនួន។

លិខិត​ដដែល​ថា ក្នុង​នោះ ត្រូវ​កំណត់​ទីទួល​សុវត្ថិភាព ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ រៀបចំ​បង្គន់​អនាម័យ ទឹក​ស្អាត និង​អគ្គិសនី ដោយ​ធ្វើ​ការ​សហការ​ជាមួយ​មន្ទីរ-អង្គភាព​ជំនាញ​ពាក់ព័ន្ធ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន និង​ណែនាំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​នូវ​ទីតាំង​ទួល​សុវត្ថិភាព ដែល​រដ្ឋបាល​ខណ្ឌ​បាន​កំណត់ និង​ត្រូវ​រៀបចំ​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​នៅ​ទីទួល​សុវត្ថិភាព​នោះ។

មួយ​វិញ​ទៀត ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន រថយន្ត សម្ភារៈ ចប បង្គី បាវ​ខ្សាច់ និង​ស្បៀង ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ត្រៀម​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ងាយស្រួល​គាំពារ​ផ្នែក​ជីវភាព និង​ជំនួយ​សង្គម​ផ្សេងៗ។

លើស​ពី​នេះ ត្រូវ​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ងាយ​រងគ្រោះ ឲ្យ​ត្រៀម​លក្ខណៈ​បង្ការ និង​ការពារ​សុវត្ថិភាព​នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង និង​ធ្វើការ​កៀរគរ​រក​សប្បុរសជន និង​វិស័យ​ឯកជន ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា សម្ភារៈ និង​គ្រឿង​ឧបភោគ​បរិភោគ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់។

សាលា​រាជធានី​ភ្នំពេញ​ក៏​ឲ្យ​រៀបចំ​ក្រុម​វេន​យាម​ប្រចាំការ​នៅ​តាម​អង្គភាព​របស់​ខ្លួន ដើម្បី​ក្តាប់​ព័ត៌មាន​ត្រៀម​អន្តរាគមន៍ និង​ចាត់​វិធានការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើត​ឡើង​ឲ្យ​បាន​ទាន់​ពេលវេលា។

ការ​ដាក់​ចេញ​វិធានការ​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ នា​ពេលនេះ គឺ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​បង្ការ និង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​មាន​ហានិភ័យ​ខ្ពស់​ដោយ​គ្រោះ​ទឹកជំនន់​នៃ​ទន្លេ ស្ទឹង និង​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ព្រមទាំង​ធានា​បាន​នូវ​សុខុមាលភាព​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ។

ប្រភព​ដដែល​ថា ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស ត្រូវ​ត្រៀម​កម្លាំង មធ្យោបាយ​ដឹកជញ្ជូន រថយន្ត ទូក កាណូត​អូប័រ និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ មន្ទីរ-អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

ជា​រឿយៗ ទីក្រុង​ភ្នំពេញ​ដែល​តែងតែ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​គ្រប់​រដូវ​វស្សា ដែល​ជំនន់​នេះ​ដោយសារ​បឹង​ធម្មជាតិ​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ចាក់​លុប​អស់។

កន្លង​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម គឺ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បណ្ដាញ​យុវជន​កម្ពុជា អង្គការ​សមធម៌​កម្ពុជា អង្គការ​សមាគម​ធាងត្នោត ធ្លាប់​បាន​ចេញ​របាយការណ៍​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ជន់​លិច​ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​ការ​ចាក់​ដី​បំពេញ​ផ្ទៃ​បឹង​ធំៗ ដូចជា​បឹងទំពុន ឬ​បឹង​ជើងឯក ជាដើម។

របាយការណ៍​ឲ្យ​ដឹង​ថា បឹងទំពុន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​លំនៅឋាន​ថ្មីៗ។

កាលពី​ចុង​ឆ្នាំ​២០១៩ សមាគម​ធាងត្នោត ក៏​បាន​ចេញ​របាយការណ៍​ដាច់ដោយឡែក​មួយ​ដោយ​បាន​លើកឡើង​អំពី​ការ​ចាក់​ដី​លុប​ផ្ទៃ​បឹង​ធំ​មួយ​ទៀត គឺ​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដែល​មាន​ផ្ទៃដី​ចំនួន ៣២៣៩​ហិកតារ ខណៈ​បច្ចុប្បន្ន​នេះ ផ្ទៃ​បឹង​ធម្មជាតិ​នេះ​នៅ​សល់​ប្រមាណ ១០០០​ហិកតារ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស