នៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ពន្ធភាពប្រឆាំងចិន ចាប់ផ្ដើមកកើតមួយទៀតបន្ទាប់ពីសម្ពន្ធភាពដ៏រឹងមាំមួយត្រូវបានបង្កើតឡើងកាលពីក្នុងអន្តរកាលនៃរដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺសម្ពន្ធភាពសន្ទនាចតុភាគីហៅថា Quad ដែលមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី។
សម្ពន្ធភាពដែលបានបង្កើតឡើងកាលពីថ្ងៃទី១៥ កញ្ញា មានឈ្មោះថា AUKUS ជាសម្ពន្ធភាពត្រីភាគីដែលមានអាមេរិក អង់គ្លេស និងអូស្ត្រាលី។ សម្ពន្ធភាពនេះ គឺមិនខុសនឹងសម្ពន្ធភាពចតុភាគីនោះទេ។
គោលដៅរួមគ្នាតែមួយ គឺជួយគ្នាទៅវិញទៅមកក្នុងវិស័យបច្ចេកទេសយោធា និងអន្តរាគមន៍យោធា។ សម្ពន្ធភាពថ្មីនៃប្រទេសបីនេះ គឺមានកិច្ចសន្យាផ្តល់បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅដល់ប្រទេសអូស្ត្រាលី តែសម្ពន្ធភាពនេះបានធ្វើឱ្យក្រុងប៉េកាំង ប្រតិកម្មជាខ្លាំង។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា នេះថា ក្រោយពីទទួលដំណឹងនេះភ្លាម ក្រុងប៉េកាំង ចាប់ផ្ដើមប្រតិកម្មជាខ្លាំងប្រឆាំងនឹងសម្ពន្ធភាពនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍ គឺប្រទេសចិន បានថ្កោលទោស និងបង្ហាញជំហរប្រឆាំងយ៉ាងដាច់ខាត ប៉ុន្តែចិនពុំបានប្រាប់អំពីវិធានការណាមួយដើម្បីប្រឆាំងនឹងសម្ពន្ធភាពនេះទេ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ប្រទេសចិនចាត់ទុកថាសម្ពន្ធភាពត្រីភាគីនេះដែលឈានដល់ការផ្ដល់បច្ចេកវិទ្យាផលិតនាវាមុជទឹកនុយក្លេអ៊ែរ ដល់ទីក្រុងកង់បេរ៉ា នោះ គឺជាការគំរាមកំហែងសន្តិសុខក្នុងតំបន់។ លោក Zhao Lijian បានបន្តទៀតថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីនេះកំពុងធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ មិនតែប៉ុណ្ណោះ គឺជាការជំរុញឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធកាន់តែខ្លាំងថែមទៀត។
អ្នកនាំពាក្យរូបនេះពន្យល់ថា ការផ្តល់បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងអង់គ្លេស ប្រកាសចេញមុខថាជួយប្រទេសអូស្ត្រាលី គឺជាការលេងល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់។
តែយ៉ាងណា សម្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីសម្ពន្ធភាពត្រីភាគីថ្មីមួយជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស គឺដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់សម្ពន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកបានសន្យាថានឹងជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងជួយពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែងណាមួយក្នុងតំបន់។
លោក បៃដិន ថ្លែងថា វាគឺជាការចាំបាច់ត្រូវមានសម្ពន្ធភាពនេះ ដើម្បីឆ្លើយតបទាំងយុទ្ធសាស្ត្របច្ចុប្បន្ននៅក្នុងតំបន់ ដែលលោកថាអនាគតពិភពលោកអាស្រ័យទៅលើសេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរឹងមាំ និងរីកលូតលាស់ គឺទប់ស្កាត់ការគំរាមកំហែង។
ប៉ុន្តែកិច្ចព្រមព្រៀងដែលធ្វើឡើងតាមរយៈសន្និសីទវីដេអូកាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះ គឺទាំងលោក បៃដិន នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថា នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរទាំងនោះនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរទេ។
កិច្ចព្រមព្រៀង AUKUS ស្តីអំពីសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក ឬហៅថា Australia United Kingdom United States។ កិច្ចព្រមព្រៀងនេះក៏បាននិយាយយោងផងដែរអំពីសហប្រតិបត្តិការក្នុងការចែករំលែករវាងប្រទេសទាំងបី នៅក្នុងវិស័យការពារជាតិតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗ ដូចជាវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងបច្ចេកវិទ្យាក្រោមសមុទ្រដែលជួយផលិតនាវាមុជទឹកដល់ប្រទេសអូស្ត្រាលី។
សម្រាប់លោក Morrison បានថ្លែងអះអាងថា ប្រទេសអូស្ត្រាលី មិនចង់បានអាវុធនុយក្លេអ៊ែរ ឬបង្កើតសមត្ថភាពធ្វើអាវុធនុយក្លេអ៊ែរទេ តែអូស្ត្រាលី នឹងបន្តអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន គឺមិនធ្វើឲ្យសាយភាយអាវុធនុយក្លេអ៊ែរនោះឡើយ។
សម្រាប់លោក Boris Johnson នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសវិញបញ្ជាក់ថា ប្រទេសរបស់លោកនឹងដើរតួនាទីដ៏សំខាន់នៅក្នុងការចែករំលែកចំណេះដឹងដល់ប្រទេសអូស្ត្រាលី ដែលស្ថិតនៅក្នុងសម្ព័ន្ធប្រទេស Commonwealth ក្រោមម្លប់នៃព្រះមហាក្សត្រិយានី Elizabeth ទី២។
បែបណាក៏ដោយ អ្នកសង្កេតការណ៍មើលឃើញថា កិច្ចព្រមព្រៀងដែលសហការខាងផ្នែកសន្តិសុខ គឺពិតណាស់មានគោលដៅទប់ទល់ឥទ្ធិពលរបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងស្ថានភាពតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមកាន់តែខ្លាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខនេះ គឺគេអាចសន្និដ្ឋានបានថា កិច្ចព្រមព្រៀងស្ដីពីសន្តិសុខដែលអាមេរិក អង់គ្លេស និងអូស្ត្រាលី ទើបប្រកាសរួមគ្នានេះ គឺជាយុទ្ធសាស្ត្រមួយរបស់អាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន ដែលត្រូវអូសទាញកម្លាំងយោធាសម្ពន្ធមិត្តរបស់ខ្លួនដើម្បីទប់ទល់ចិន ព្រោះតែមហាយក្សអាស៊ីមួយនេះកំពុងពង្រីកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាខ្លាំង គឺដូចជាការពង្រឹងវិស័យកងទ័ពជើងទឹក ការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ការពង្រីកដែនទឹកនៅសមុទ្រចិនខាងកើត ដែលធ្វើឱ្យមហាអំណាចអាមេរិកបារម្ភ ហើយត្រូវតែពង្រីកសម្ពន្ធភាពថ្មីៗឲ្យកាន់តែច្រើនថែមទៀត ហើយសម្ពន្ធភាពនេះអាចឈានដល់ការរួមកម្លាំងយោធានឹងគ្នាប្រឆាំងចិន ផងដែរ៕