លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមតាមចាប់ខ្លួនអ្នកវិភាគនយោបាយសង្គមម្នាក់ទាក់ទងទៅនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ថាសូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានវ៉ៃខ្នោះរូបគេឱ្យសោះ ទោះពាក់កណ្តាលអាធ្រាត្រក៏សមត្ថកិច្ចអាចអនុវត្តការចាប់ខ្លួននេះបានដែរ។
លោក ហ៊ុន សែន គំរាមចាប់ខ្លួនបែបនេះ ទំនងជាសំដៅដល់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលធ្លាប់បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងប្រកាសឱ្យមានការចូលបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលយកគំរូតាមប្រទេសភូមា កាលពីពេលកន្លងទៅ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារនៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការបានចេញដីកាចាប់ខ្លួនរួចហើយ បន្ទាប់ពីបណ្ឌិត សេង សារី បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចលើគណនី Facebook របស់លោក អំពីវិធីនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេស។

អតីតយោធាខ្មែរក្រហមរូបនេះព្រមានថា ឱ្យតែមានការលើកឡើងគាំទ្រទាក់ទងនឹងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស គឺត្រូវតែចាប់ខ្លួនជាដាច់ខាត ព្រោះថានេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ ត្បិតឱ្យតែមានពាក្យថា រដ្ឋាភិបាល ឬចលនា គឺជាការសំដៅដល់ពួកឧទ្ទាមប្រដាប់អាវុធទាំងអស់។
លោក ហ៊ុន សែន អះអាងថា ប្រសិនបើហ៊ានបញ្ចេញមតិលើបណ្ដាញសង្គម Facebook គាំទ្ររដ្ឋាភិបាលក្រៅច្បាប់ ឬក្រុមឧទ្ទាមប្រដាប់អាវុធ សូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានទៅវាយខ្នោះឱ្យសោះ ព្រោះលោកចាត់ទុកថាទង្វើបែបនេះគឺជាបទល្មើសជាក់ស្តែង ទោះម៉ោង ១២យប់ក៏ត្រូវតែចាប់ខ្លួនដែរ។
បុរសខ្លាំងនៅកម្ពុជាដែលក្រាញអំណាចយូរជាងគេនៅកម្ពុជារូបនេះ ក៏បានគំរាមបណ្ឌិត មាស នី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមដែរ។ លោក ហ៊ុន សែន អះអាងថា ការបកស្រាយរបស់បណ្ឌិត មាស នី ដែលថា «កម្ពុជាពឹងចិននៅពេលនេះមិនសមស្របតាមស្ថានការណ៍»។ លោក ហ៊ុន សែន អះអាងថា ឲ្យតែលោកនិយាយជាមួយចិន គឺខុសទាំងអស់។

កាលពីចុងខែកក្កដា ឆ្នាំ២០២១ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរបញ្ចេញទស្សនៈនយោបាយលើគណនី Facebook របស់លោកក្នុងនាមលោកជាអ្នកវិភាគនយោបាយថា កម្លាំងដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន ៦ចំណុចធំៗ ដូចជាកម្លាំងគាំទ្របក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងបក្សកាន់អំណាចដែលលួចគាំទ្របក្សប្រឆាំង កម្លាំងរបស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ។
បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោក ហ៊ុន សែន កំពុងយល់ច្រឡំទៅលើសំណេររបស់លោក ដែលលោកបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកន្លងមក។ បណ្ឌិត សេង សារី បន្តថា លោកគ្រាន់តែជាអ្នកវិភាគប៉ុណ្ណោះ ហើយលោកមិនមែនជាអ្នកនយោបាយដែលមានកម្លាំងយោធា ឬកម្លាំងនយោបាយដែលអាចបង្កើតចលនាតស៊ូណាមួយប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុខ សុក្រឹត្យា បានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Tepsuthin ចាត់វិធានការលើសកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដែលបានយកទឹកដីថៃ ធ្វើជាទីតាំងរិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំរបស់កម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កញ្ញា ថា លោកអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើបណ្ឌិត សេង សារី។
លោកអះអាងថា ការលើកឡើងរបស់លោកគ្រាន់តែជាយល់ឃើញក្នុងនាមជាអ្នកវិភាគប៉ុណ្ណោះ ហើយការបង្កើតរដ្ឋាភិបាលក្រៅប្រទេសក៏មិនអាចកើតមានដែរ ព្រោះវាជាការបង្កើតឡើងដោយខុសច្បាប់ប៉ុណ្ណោះ។ ជាងនេះទៀត លោកសំណូមពរឱ្យមេដឹកនាំកម្ពុជាបញ្ឈប់ការគំរាមកំហែងដល់បណ្ឌិតបញ្ញវន្តខ្មែរបន្តទៀតទៅ ដើម្បីបើកលំហសេរីភាពបញ្ចេញមតិក្នុងការអភិវឌ្ឍប្រទេសជាតិ។
មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយចំពោះសេរីភាពនៃគំនិត និងសេរីភាពនៃការបញ្ចេញមតិ បានចែងថា សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់សង្គមប្រជាធិបតេយ្យ៕