32 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី ចំពោះ​ការ​វិភាគ​របស់​លោក​ដែល​បាន​រង​ការ​ចោទប្រកាន់​ថា មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នា​ពេល​កន្លងមក។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រោយពី​លោក​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​ការ​សម្ភាសន៍​របស់​បណ្ឌិត សេង សារី ជាមួយ​កាសែត The Cambodia Daily ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​យល់ថា​ការ​បកស្រាយ​របស់​បណ្ឌិត សេង សារី គឺ​មាន​លក្ខណៈ​សមហេតុ​សមផល។

លោក ហ៊ុន សែន លើកឡើង​ថា ការ​បកស្រាយ​ពន្យល់​អំពី​គោលបំណង​នៃ​ការ​វិភាគ​អំពី​សេណារីយោ ៦​ចំណុច​ដែល​បណ្ឌិត សេង សារី បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ​ថា «ជា​ការ​វិភាគ​បែប​សេណារីយោ» នេះ លោក​យល់​ឃើញ​ថា​ជា​ការ​អះអាង​ដែល​អាច​ទទួល​យក​បាន។

បុរស​ខ្លាំង​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​បញ្ជាក់​ថា លោក​សូម​លើក​ទឹកចិត្ត​ឱ្យ​លោក​បណ្ឌិត សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​បន្ត​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ភរិយា កូនៗ និង​ឪពុក​ម្តាយ​របស់​បណ្ឌិត សេង សារី កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​តទៅទៀត។

ក្នុង​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​ចាប់​ខ្លួន​បណ្ឌិត សេង សារី បន្ទាប់ពី​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បាន​លើកឡើង​ពី​លក្ខខណ្ឌ ៦​ចំណុច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​កាលពី​ពេល​កន្លងទៅ។

ជុំវិញ​ការ​គំរាម​ចាប់​ខ្លួន​នេះ បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ The Cambodia Daily កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​លើកឡើង​របស់​លោក​គ្រាន់តែ​ជា​ការ​វិភាគ​បែប​សេណារីយោ​ប៉ុណ្ណោះ មិនមែន​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ណាមួយ​ឡើយ។

បណ្ឌិត សេង សារី បញ្ជាក់​ថា លោក​មិនមែន​ជា​សមាជិក​បក្ស​ប្រឆាំង​នោះ​ទេ ដូច្នេះ​ការ​វិភាគ​នេះ​គ្រាន់តែ​បង្ហាញ​ពី​ហេតុផល​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា រដ្ឋាភិបាល​នោះ​អាច​កើត​តាម​សេណារីយោ​ដែល​លោក​បាន​វិភាគ​មែន រដ្ឋាភិបាល​ក៏​អាច​ប្រើ​វិធានការ​ជាក់ស្តែង​របស់​ខ្លួន​បាន​ដែរ ដោយឡែក​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​និង​ក្រុម​គ្រួសារ​របស់​លោក​មាន​សុវត្ថិភាព​ឡើងវិញ​ហើយ ក្រោយពី​លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​តុលាការ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោក ហ៊ុន សែន ដែល​ទទួល​បាន​នូវ​ការ​ពន្យល់ និង​ការ​បកស្រាយ​របស់​លោក​តាមរយៈ​កិច្ចសម្ភាសន៍​ពិសេស​មួយ​ដែល​បាន​ធ្វើ​ជាមួយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​សៅរ៍។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​ពិតជា​ស្ញប់ស្ញែង​ណាស់​ដែល​លោក ហ៊ុន សែន ជួយ​សម្រួល​ឲ្យ​បណ្ឌិត សេង សារី និង​អនុញ្ញាត​ឲ្យ​គាត់​បាន​វិភាគ និង​ស្រាវជ្រាវ​បន្ត​ទៀត ប៉ុន្តែ​លោក​សួរ​ថា ចុះ​ករណី​សម្ដេច និង​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ប្តឹង​រូបលោក និង​អ្នក​ផ្សេង​ទៀត តើ​សម្តេច​គិត​ដូចម្តេច​វិញ?

លោក​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​ករណី​ប្រហាក់ប្រហែល​គ្នា​ច្រើន​ណាស់ ដែល​មេដឹកនាំ​កម្ពុជា​គួរតែ​ផ្តល់​យុត្តិធម៌ ដើម្បី​ចៀសវាង​ការ​ដោះស្រាយ​បញ្ហា​ដែល​មាន​ស្តង់ដារ​ពីរ ព្រោះថា​ការ​ដោះស្រាយ​បែប​នេះ គឺជា​ទង្វើ​អាក្រក់​មើល​បំផុត​សម្រាប់​ក្រសែភ្នែក​របស់​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផង​ដែរ ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​ផលប្រយោជន៍​របស់​កម្ពុជា។

មាត្រា​៣១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ករណីយកិច្ច​ដូចៗ​គ្នា​ទាំងអស់​ដែល​កម្ពុជា​ទទួលស្គាល់ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស