អ្នកឃ្លាំមើលសង្គមបានសរសេរព្រោងព្រាតជុំវិញពីការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យបញ្ឈប់ការចាប់ខ្លួនបណ្ឌិត សេង សារី ថាករណីផ្សេងដទៃទៀតក៏អាចមានការភ័ន្តច្រឡំដូចគ្នាដែរ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែឈ្វេងយល់ពីគោលបំណងពិតរបស់ជនរងគ្រោះទាំងនោះ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុមអ្នកសង្កេតការណ៍ និងមន្ត្រីគណបក្សនយោបាយ បានបញ្ចេញមតិយោបល់ជាលក្ខណៈសុទិដ្ឋិនិយមខ្លះ និងទុទ្ទិដ្ឋិនិយមខ្លះជុំវិញបញ្ហានេះ ក្នុងនោះក៏មានការជំរុញឱ្យមេដឹកនាំដែលចូលចិត្តប្រើកណ្ដាប់ដៃដែករបស់កម្ពុជា បញ្ឈប់នូវការដឹកនាំតាមនីតិមាត់ ដោយប្តូរមកពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាជំនួសវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ ខែកញ្ញា ថា ករណីប្រធានសហភាពសហជីពកម្មករ លោក រ៉ុង ឈុន សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ជាដើម ក៏អាចជាការភ័ន្តច្រឡំពីសំណាក់រដ្ឋាភិបាលលើគោលបំណងពិតរបស់ពួកគាត់ដែរ។
លោកអំពាវនាវឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិចារណាលើករណីសកម្មជនសង្គមទាំងនោះឡើងវិញ ព្រោះថាកិច្ចការដែលពួកគេបានធ្វើកន្លងមក គឺដើម្បីចូលរួមចំណែកគាំពារថែរក្សាសម្បត្តិធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះ មិនមែនដើម្បីបង្កភាពវឹកវរដល់សង្គមនោះទេ ហើយសកម្មភាពរបស់ពួកគាត់ក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរ។
ចំណែកប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រតិកម្មកាលពីថ្ងៃម្សិលមិញថា ករណីប្រកាសចាប់ខ្លួន និងអំពាវនាវឱ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួនពីសំណាក់មេដឹកនាំកម្ពុជាលើបណ្ឌិត សេង សារី បានបង្ហាញឱ្យសាធារណជនឃើញថា លោក ហ៊ុន សែន ដឹកនាំប្រទេសតាមនីតិមាត់ និងតាមអារម្មណ៍របស់លោក ជាជាងការអនុវត្តទៅតាមច្បាប់។
លោក ទូច វិបុល បញ្ជាក់ថា ទោះបីទង្វើនេះបង្ហាញពីការរំលោភលើគោលការណ៍នីតិរដ្ឋកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញដែរថា ពលរដ្ឋខ្មែរនៅតែនាំគ្នាសាទរចំពោះប្រមុខរដ្ឋាភិបាលដែលបើកបេះដូងយោគយល់ដល់ជនទន់ខ្សោយគ្មានកំហុស។ បន្ថែមពីនេះ លោកអំពាវនាវឱ្យលោក ហ៊ុន សែន លុបចោលក្រមព្រហ្មទណ្ឌស្ដីពីបទញុះញង់មាត្រា៤៩៤ និង ៤៩៥ ដើម្បីពង្រឹងគោលការណ៍នីតិរដ្ឋ និងឱ្យស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញផងដែរ។
ដោយឡែកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ការសម្លឹងមើលការវិភាគក្នុងផ្លូវវិជ្ជមានដើម្បីការដឹកនាំល្អ មេដឹកនាំរបស់កម្ពុជាមិនគួរស្តាប់តែពាក្យពីរោះដែលគេសរសើរនោះទេ ប៉ុន្តែក៏ត្រូវតែស្តាប់នូវការទិតៀនបែបស្ថាបនា និងការចង្អុលបង្ហាញអំពីចំណុចខ្វះខាតរបស់ខ្លួនដែរ ដើម្បីកែលំអការដឹកនាំរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងដើម្បីផលប្រយោជន៍របស់ជាតិទាំងមូល។
រីឯអ្នកវិភាគនយោបាយចាស់វស្សាមួយរូប គឺបណ្ឌិត ឡៅ ម៉ុងហៃ។ លោកបានបញ្ចេញទស្សនៈរបស់លោកថា លោកត្រេកអរណាស់ដែលលោក ហ៊ុន សែន បានរកឃើញ និងទទួលស្គាល់ការពិត ហើយសម្រេចបញ្ឈប់អំពើអយុត្តិធម៌ទៅលើលោកបណ្ឌិត សេង សារី។ លោកបន្ថែមថា កម្ពុជាគួរឲ្យតម្លៃ និងចាត់ទុកការពិត យុត្តិធម៌សង្គម និងសន្តិភាពជាគុណតម្លៃស្នូលនៃសង្គមជាតិរបស់ខ្មែរ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នតុលាការ ពិនិត្យ និងពិចារណាឡើងវិញក្នុងការបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី ជុំវិញការចោទប្រកាន់ថា បានគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ប៉ុន្តែក្រោយពីលោកបានស្តាប់ដោយយកចិត្តទុកដាក់នូវបទសម្ភាសន៍ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ លោកយល់ថាការបកស្រាយរបស់បណ្ឌិត សេង សារី គឺមានលក្ខណៈសមហេតុសមផល ដែលអាចទទួលយកបាន។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី និងលើកទឹកចិត្តឱ្យលោកធ្វើការវិភាគបន្តទៀតក៏ពិតមែន ប៉ុន្តែអ្នកវិភាគ និងបណ្ឌិតបញ្ញវន្តខ្មែរដទៃទៀត ដូចជាបណ្ឌិត មាស នី ជាដើម ក៏នៅតែរងការគំរាមលើការបញ្ចេញទស្សនៈរបស់លោកដដែល។
មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ចែងថា ការយាយី ការបំភិតបំភ័យ ឬការបង្កើតឱ្យមានភាពហ្មងសៅដល់បុគ្គលណាមួយ រាប់ទាំងការចាប់ខ្លួន ការឃុំខ្លួន ការជំនុំជម្រះក្តី ឬការដាក់ពន្ធនាគារដោយសារហេតុផលនៃគំនិតដែលពួកគេបានប្រកាន់យក គឺជាការរំលោភបំពានលើមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិនេះយ៉ាងធ្ងន់ធ្ងរ៕