31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ដើម្បី​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា លោក ហ៊ុន សែន ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​មាន​ឥទ្ធិពល និង​មាន​អំណាច​ពេញ​ដៃ។ ដូច្នេះ ការ​ចាប់ផ្តើម​របស់​លោក​នឹង​បង្ហាញ​ពី​គំរូ​មេដឹកនាំ​ល្អ​របស់​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា បង្រួបបង្រួម និង​ឯកភាព​ជាតិ​កម្ពុជា​ទាំងមូល។

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​នៅ​មិនទាន់​អាច​រក​ផ្លូវ​ចរចា​គ្នា​បាន​នៅឡើយ ស្រប​ពេល​ដែល​មេ​បក្ស​ដឹកនាំ​ប្រឆាំង​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​នៅ​ថ្ងៃ​នេះ​ថា គុណ​តម្លៃ និង​ការ​គោរព​កោតខ្លាច​ដែល​បាន​មកពី​ការ​អធ្យាស្រ័យ ការ​ដឹកនាំ​ឱ្យ​មាន​ការ​ផ្សះផ្សា​រវាង​ខ្មែរ​និង​ខ្មែរ គឺជា​គុណ​តម្លៃ​ពិត ប៉ុន្តែ​គុណ​តម្លៃ និង​ការគោរព​កោតខ្លាច​ដែល​កើតឡើង​ដោយសារ​គំរាមកំហែង ការ​គាបសង្កត់ គ្រាន់តែ​ជា​ការគោរព​ដែល​បង្កប់​នូវ​ការ​ឈឺផ្សា​របស់​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​វា​នឹង​មិន​មាន​ភាព​ស្ថិតស្ថេរ​ជាដាច់ខាត។

លោក​លើកឡើង​ថា សន្តិភាព​ពិតប្រាកដ គឺ​កើត​ចេញពី​បុគ្គល​ម្នាក់ៗ ជាពិសេស​មេដឹកនាំ​ធំៗ​ដែល​មាន​តួនាទី​កាច់​ចង្កូត​នាវា​កម្ពុជា មាន​កាតព្វកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ដឹកនាំ​សង្គម​ជាតិ និង​ពលរដ្ឋ​ឱ្យ​ទទួល​បាន​នូវ​សុភមង្គល ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដោយ​គ្មាន​ការ​សងសឹក ទំនាស់​ផ្ទៃក្នុង​រវាង​ជាតិសាសន៍​ខ្លួនឯង។

លោក​បន្ត​ថា លោក​យល់ស្រប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​ថា​សង្គម​ជាតិ​មួយ​ដែល​មាន​គុណធម៌ និង​សីលធម៌​ធ្លាក់​ចុះ សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ទទួល​រង​នូវ​វិបត្តិ និង​មហន្តរាយ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​លោក​ប្រតិកម្ម​ថា ដើម្បី​ឱ្យ​កម្ពុជា​ចៀស​ផុត​ពី​វិបត្តិ និង​មហន្តរាយ​បែប​នេះ មេដឹកនាំ​ខ្មែរ​ត្រូវតែ​រៀបចំ​សង្គម​ឱ្យ​ប្រកាន់​យក​វប្បធម៌​អហិង្សា ជាដើម។ ជាង​នេះ​ទៀត ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​គំរាមកំហែង ការ​ចាប់​ចង​ពលរដ្ឋ​ខ្លួនឯង​តាម​អំណាច​ដែល​ខ្លួន​មាន ដោយ​ការ​អនុវត្ត​ច្បាប់ ផ្តល់​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​ជំនួស​វិញ។

លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​ចូលរួម​អបអរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​តុលា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​នេះ​ថា ប្រវត្តិសាស្ត្រ និង​បទពិសោធន៍​នៃ​សង្គម​នីមួយៗ បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ប្រជាជាតិ​មួយ​អាច​ប្រព្រឹត្ត​ទៅ​បាន​ប្រកប​ដោយ​ចីរភាព និង​សមធម៌ ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​អប់រំ សីលធម៌ គុណធម៌ និង​វប្បធម៌​អហិង្សា ជាដើម។

លោក ហ៊ុន សែន អះអាង​ថា ផ្ទុយទៅវិញ ក្នុង​សង្គម​ជាតិ​មួយ​ដែល​មាន​គុណធម៌ និង​សីលធម៌​ធ្លាក់​ចុះ សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ទទួល​រង​នូវ​វិបត្តិ និង​មហន្តរាយ​ទៅ​ថ្ងៃ​អនាគត​ជាក់​ជា​ពុំខាន។

បែប​នេះ​ក្តី កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ត្រូវ​គេ​រិះគន់​ថា ដើម្បី​ក្តោប​ក្តាប់​អំណាច​ឱ្យ​បាន​រឹងមាំ លោក ហ៊ុន សែន ទោះ​ជា​ត្រូវ​ប្រព្រឹត្ត​នូវ​ទង្វើ​អសីលធម៌​កម្រិត​ណា​ក៏ដោយ ក៏​មេដឹកនាំ​រូប​នេះ​មិន​រួញរា​ដែរ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​លើកឡើង​របស់​លោក​នៅ​ពេលនេះ​ទាំងស្រុង។ ជាក់ស្តែង កាលពី​ឆ្នាំ​១៩៩៧ ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម ថ្ងៃ​ទី​៥-៦ កក្កដា ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ និង​កងទ័ព​រាជានិយម​រាប់​រយ​នាក់ ត្រូវ​បាន​សម្លាប់​ទាំង​អយុត្តិធម៌​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​ផ្ទាល់។

ជាង​នេះ​ទៀត អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ធំៗ​ជាច្រើន​ដែល​បាន​ឆក់​ជីវិត​សកម្មជន​សង្គម​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​អំពើ​លក់​ជាតិ​របស់​សាច់ញាតិ​អ្នក​មាន​អំណាច ជាពិសេស​គឺ​លោក ហ៊ុន សែន តែម្តង ដូចជា​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម ដែល​បាន​លាតត្រដាង​ពី​ផែនការ​ក្ដោប​ក្តាប់​ជំនួញ​ស្រុក​ខ្មែរ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ឃាតក​ពិត និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង មិន​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​ការ​ដឹកនាំ​ប្រកប​ដោយ​គុណធម៌​ដូច​ដែល​គាត់​បាន​អះអាង​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស