លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចទទួលយកលិខិតរបស់អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន រួមជាមួយសមាជិក ៩រូបផ្សេងទៀតដែលបានស្នើសុំលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍លើកលែងការចោទប្រកាន់លើរូបលោក និងសហការីរបស់លោកជាច្រើនរូបផ្សេងទៀតពីតុលាការកម្ពុជា នៅថ្ងៃនេះ។
លោក ហ៊ុន សែន បានប្រាប់សារព័ត៌មានដែលស្និទ្ធនឹងលោកឈ្មោះ Fresh News ថា លោកបានទទួលរួចហើយចំពោះលិខិតរបស់អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ហើយលិខិតនេះ លោកក៏បានប្រគល់ឱ្យទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដើម្បីពិនិត្យមើល និងរកដំណោះស្រាយលើករណីនេះដែរ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន រួមជាមួយសហការី ៩រូបផ្សេងទៀត ដូចជាលោក ថុង ហួច និងកញ្ញា រស់ សុផល ជាដើម បានដាក់លិខិតស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍លើករណីចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា កាលពីឆ្នាំ២០១៩ កន្លងទៅ។
លិខិតដដែលអះអាងថា លោក យឹម ស៊ីណន និងសហការីទាំងនេះ មិនត្រឹមតែមិនគាំទ្រចលនាធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ដែលបានបង្កឱ្យមានការជេរប្រមាថព្រះមហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ថែមទាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្ការទៀតផង។
ប្រភពដដែលបញ្ជាក់ថា ជារឿងអកុសលសម្រាប់លោក យឹម ស៊ីណន និងសហការីរបស់លោកដែលមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់បានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ខ្លួនពីស្ថាប័នតុលាការទៀតផង។
ជុំវិញបញ្ហានេះ លោក យឹម ស៊ីណន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះថា ការដាក់លិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺក្នុងគោលបំណងដើម្បីសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ដែលមានការយល់ច្រឡំ និងចោទប្រកាន់ពីសំណាក់អាជ្ញាធរមកលើក្រុមលោកដោយមិនមានមូលដ្ឋានច្បាស់លាស់។
លោក យឹម ស៊ីណន បញ្ជាក់ថា រូបលោកផ្ទាល់ និងសហការីទាំងអស់គ្រាន់តែចង់បានភាពត្រឹមត្រូវ និងចង់រស់នៅដោយសេរីភាពដូចជាពលរដ្ឋខ្មែរដទៃទៀតប៉ុណ្ណោះ។
អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន រួមជាមួយសហការី ៩រូបផ្សេងទៀត ដូចជាលោក ថុង ហួច ហៅ មយូរាទឹកកក និងកញ្ញា រស់ សុផល ហៅ សុផលកូនខ្មែរ ជាដើម ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ កន្លងទៅ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក យឹម ស៊ីណន បានដាក់លិខិតលាលែងពីប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិអស់រយៈពេល ១០ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១ នេះ៕