38.1 C
Phnom Penh

សភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដោយ​សំឡេង​លើសលុប​ពី​រដ្ឋសភា​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា Cambodia Democracy Act ឆ្នាំ​២០២១ ឬ​ហៅ​កាត់​ថា H.R.4686 ដែល​បាន​ជាប់​គាំង​កាលពី​អាណត្តិ​ប្រធានាធិបតី​មុនៗ ត្រូវ​បាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៃ​អាណត្តិ​ប្រធានាធិបតី​លោក ចូ បៃដិន អនុម័ត​យល់ព្រម​គាំទ្រ​ក្នុង​សំឡេង​ច្រើន​លើសលប់​ហើយ​នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ក្នុង​អាណត្តិ​ប្រធានាធិបតី​លោក ចូ បៃដិន នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ បាន​អនុម័ត​គាំទ្រ​ច្បាប់ Cambodia Democracy Act H.R 4686 ដែល​មាន​សំឡេង​គាំទ្រ​ចំនួន ៤០៣​សំឡេង ខណៈ​សំឡេង​បដិសេធ​មាន​ត្រឹមតែ ១៧​សំឡេង និង​សំឡេង​អនុបវាទ​មាន​តែ ១២​សំឡេង​ប៉ុណ្ណោះ។

Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R. ៤៦៨៦ គឺជា​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​គោលបំណង​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ត​អំពើពុករលួយ រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​បំបិទ​សេរីភាព​សារព័ត៌មាន ជាដើម។

ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា Cambodia Democracy Act ឆ្នាំ​២០២១ នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូហៃយូ (Ohio) លោក Steve Chabot និង​លោក Alan Lowenthal សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក លោក Gregory Meek កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ។

ជុំវិញ​ការ​អនុម័ត​ច្បាប់​នេះ សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក Alan Lowenthal បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ច្បាប់ Cambodia Democracy Act នេះ ត្រូវ​បាន​អនុម័ត​ឡើង​ក្នុង​គោលបំណង​ដាក់​ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា រួម​មាន​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​កងទ័ព​មួយ​ចំនួន និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

លោក​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា H.R. ៤៦៨៦ នេះ គឺជា​លទ្ធផល​ដែល​លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់​បាន​រំលោភបំពាន​ឥត​ឈប់ឈរ​ទៅលើ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កន្លងមក ហើយ​ច្បាប់​នេះ​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ទណ្ឌកម្ម​បន្ទាប់ពី​សភា​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក​រយៈពេល ១៨០​ថ្ងៃ ឬ​រយៈពេល ៦​ខែ។

យ៉ាងណាក៏ដោយ មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​តែងតែ​គំរាម​ចាប់ចង​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​គោរព​នូវ​បំណង​ប្រាថ្នា​នៃ​ប្រជាជាតិ​នីមួយៗ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង គឺជា​គុណតម្លៃ​មួយ​ដ៏​ធំធេង។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បញ្ជាក់​ថា ប្រទេស​ធំ និង​ប្រទេស​តូច​តែងតែ​មាន​ការ​រៀបចំ​នយោបាយ​ខុសៗ​គ្នា ហើយ​ប្រទេស​នីមួយៗ​មិន​គួរ​ត្រូវ​បាន​បង្អាក់​ដំណើរ​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ ដែល​ករណី​បែប​នេះ​គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ទាំងស្រុង។

ដោយឡែក​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​អនុម័ត​គាំទ្រ​ឱ្យ​មាន​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។

លោក​អះអាង​ថា ច្បាប់​នេះ​នឹង​មិន​ជាប់​គាំង​ដូច​អាណត្តិ​ប្រធានាធិបតី​មុនៗ​ទៀត​នោះ​ទេ ព្រោះថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដឹកនាំ​នយោបាយ​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដើម្បី​ពង្រឹង​អំណាច​ឱ្យ​មហាអំណាច​កុម្មុយនីស្ត​ចិន​សព្វថ្ងៃ​នេះ ដូច្នេះ​មហាអំណាច​អាមេរិក​នឹង​មិន​បណ្តែត​បណ្តោយ​ឱ្យ​មេដឹកនាំ​កម្ពុជា​លះបង់​ឯករាជភាព​របស់​ខ្លួន​ទៅ​គាំទ្រ​ចិន ដែល​នឹង​ប៉ះពាល់​ដល់​ឥទ្ធិពល និង​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily យ៉ាង​ខ្លី​ថា លោក​រង់ចាំ​មើល​ការ​អនុវត្ត​ជា​មុន​សិន។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ​នេះ​ថា ទណ្ឌកម្ម​នៃ​ច្បាប់ Cambodia Democracy Act អាច​មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​ដែល​រំលោភ​ច្បាប់​កោតខ្លាច​ទៅ​បាន លុះត្រាតែ​ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ ប៉ុន្តែ​បើ​ត្រឹមតែ​ប៉ះពាល់​កិត្តិយស ឬ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​នោះ ពួកគេ​នឹង​មិន​ខ្លាច​ទណ្ឌកម្ម​ទាំងនោះ​ជាដាច់ខាត។

លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ផលប្រយោជន៍​ដែល​ពួក​អ្នក​កាន់​អំណាច​បាត់បង់​ពី​ការ​ដាក់​ទណ្ឌកម្ម​នៃ​ច្បាប់​នេះ​នៅ​មាន​ទំហំ​តិច​ជាង​ផលប្រយោជន៍​ដែល​មហាអំណាច​កុម្មុយនីស្ត​ចិន​ផ្តល់​ឱ្យ​ទេ នោះ​ពួកគេ​នឹង​មិន​ខ្លាច​ទណ្ឌកម្ម​នោះ​ឡើយ បើ​ទោះបីជា​ការ​បំពាន​លើ​ទណ្ឌកម្ម​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ក៏ដោយ ក៏​ពួកគេ​មិន​ខ្វល់​ដែរ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ សម្ដែង​ការ​សោកស្ដាយ​ដែល​សេចក្តី​ស្នើ​ច្បាប់​របស់​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​អនុម័ត។

លោក​អះអាង​ថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១ ឬ H.R 4686 ផ្ដោត​លើ​ការ​ទាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ជា​ការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌ ប្រាសចាក​ពី​ការពិត​ជាក់ស្ដែង គ្រា​ដែល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​កសាង​នូវ​របប​នីតិរដ្ឋ​ដែល​ជា​កិច្ច​ប្ដេជ្ញា​របស់​ខ្លួន​ដើម្បី​សង្គម​ខ្មែរ​ជា​សង្គម​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​មិន​អាច​ក្លាយ​ទៅជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន នោះ​ទេ។ ដ្បិត​រដ្ឋាភិបាល​អាមេរិក​តំណាង​ដោយ​លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​ទើប​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ខែ​មិថុនា បង្ហាញ​យ៉ាង​ជាក់ស្ដែង​នូវ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជាតិ​ទាំង​ពីរ។ លោក​បាន​បន្ថែម​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ​ជា​ស្នូល​នៃ​ឧបសគ្គ​មួយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ បើ​ទោះបី​ក្នុង​បរិបទ​ទ្វេភាគី ក៏ដូចជា​ពហុភាគី​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត។

ទោះ​ជា​បែប​នេះ​ក្តី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម​ផង​នោះ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ថ្លែង​យ៉ាង​ខ្លី​ថា សភា​អាមេរិក​ប្រើ​ពេល​យូរ​បន្តិច​ហើយ។

ចំណែក​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​សូម​ធ្វើការ​គាំទ្រ​ទាំងស្រុង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​បុគ្គល​ដែល​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ការងារ​នៅ​ក្នុង​ស្រុក។ លោក​សង្ឃឹម​ថា ព្រឹទ្ធសភា​អាមេរិកាំង​នឹង​ពិនិត្យ ហើយ​បន្ត​បញ្ជូន​ច្បាប់​នេះ​ទៅកាន់​លោក​ប្រធានាធិបតី​ឲ្យ​ចុះហត្ថលេខា​ក្លាយ​ជា​ច្បាប់។ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​សងសឹក​មក​លើ​សហរដ្ឋ​អាមេរិក​វិញ​តាម​វិធី​ណា​ដែរ? តើ​ក្រុម​ប្រឆាំង​ដែល​បាន​រត់​ចោល​ម្ចាស់​ឆ្នោត ហ៊ាន​ត្រឡប់​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​ដែរ​ទេ?

លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​នយោបាយ​ជាតិ​ដែល​ជាប់​គាំង​រាប់​ឆ្នាំ​មកនេះ មេដឹកនាំ​ខ្មែរ​ត្រូវតែ​ទម្លាក់​ចោល​នូវ​ភាព​មានះ និង​អាត្មានិយម ហើយ​ងាក​មក​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ពលរដ្ឋ​វិញ។ លោក​បន្ត​ដោយ​ចោទ​ជា​សំណួរ​ថា បរទេស​គេ​តែង​គិត​ពី​ផលប្រយោជន៍​របស់​ប្រទេស​គេ ហេតុ​អ្វី​ខ្មែរ​យើង​មិន​ហ៊ាន​គិត និង​បម្រើ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួនឯង?

ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ច្បាប់​នេះ អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​របស់​អង្គការ Heritage Foundation ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី Olivia Enos បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ទណ្ឌកម្ម​នេះ​នឹង​ប៉ះពាល់​ខ្លាំង​តែ​ទៅលើ​អ្នក​មាន​អំណាច​ដែល​រំលោភ​ច្បាប់ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

អ្នកស្រី Olivia Enos លើកឡើង​ទៀត​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​ធ្វើ​ឡើង​មាន​ច្រើន​សណ្ឋាន ច្រើន​របៀប ដូចជា​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ចរាចរ​លុយ​កខ្វក់ ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល និង​ឈ្មួញ​ទុច្ចរិត​ធំៗ​របស់​កម្ពុជា​ជាដើម ដូច្នេះ​គ្មាន​ទណ្ឌកម្ម​ណាមួយ​របស់​អាមេរិក​នឹង​ត្រូវ​ប៉ះពាល់​លើ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នោះ​ឡើយ។

ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា Cambodia Democracy Act ឆ្នាំ​២០២១ ឬ​ហៅ​កាត់​ថា H.R.4686 ត្រូវការ​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​អាមេរិក​ត្រឹមតែ ២១៨​សំឡេង​ប៉ុណ្ណោះ​នៃ​សមាជិក​សភា ៤៣៥​រូប ប៉ុន្តែ​ការ​អនុម័ត​គាំទ្រ​ច្បាប់​នេះ​បាន​កើន​ឡើង​ដល់​ទៅ ២​ភាគ​៣ ដូច្នេះ​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក​បន្ត​ទៀត។

នៅ​ព្រឹទ្ធសភា​អាមេរិក ច្បាប់​នេះ​នឹង​ត្រូវការ​សំឡេង​គាំទ្រ ៥០​ភាគរយ​បូក​១ គឺ​ត្រូវការ​សំឡេង ៥១​នាក់​នៃ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​សរុប ១០០​នាក់ ទើប​ច្បាប់​នេះ​អាច​បន្ត​ដំណើរ​ចូល​ទៅ​ឱ្យ​ប្រធានាធិបតី​ចុះហត្ថលេខា​ជា​ផ្លូវការ​ដើម្បី​ក្លាយ​ជា​ច្បាប់​ពេញ​លក្ខណៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស