ពលរដ្ឋរស់នៅខេត្តព្រះសីហនុ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចាត់វិធានការផ្លូវច្បាប់ចំពោះថ្នាក់ដឹកនាំខេត្ត ៣រូប គឺលោក គួច ចំរើន អភិបាលខេត្ត លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលបានឃុបឃិតអនុញ្ញាតឲ្យបើកបនល្បែងល្មើសច្បាប់តាមអនឡាញផ្ទុយពីបទបញ្ជារបស់នាយករដ្ឋមន្ត្រី និងល្មើសវិធានការរបស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃទី៣០ ខែកញ្ញា មានវីដេអូមួយបានបែកធ្លាយតាមរយៈបុគ្គលិកមួយបម្រើការងារនៅក្នុងកាស៊ីណូ ដឺសេនជូរី ដែលធ្វើការ Live video តាមបណ្ដាញសង្គម Facebook ដោយអះអាងថាមានស្ត្រីម្នាក់ជាបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូនេះបានស្លាប់ដោយសារជំងឺ Covid-19 និងបុគ្គលិកជាង ៤០០នាក់ទៀតបានឆ្លងជំងឺ Covid-19 ទាំងអស់ ប៉ុន្តែត្រូវថៅកែកាស៊ីណូនេះបង្ខាំងមិនឲ្យចេញក្រៅអគារ ដោយគ្រាន់តែចែកថ្នាំឲ្យលេបតែប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា កាស៊ីណូ ដឺសេនជូរី នេះមានបុគ្គលិកបម្រើការសរុបចំនួន ៤៣៧នាក់ ហើយបានបើកដំណើរការប្រមាណ ១ឆ្នាំកន្លះមកហើយ។
បុគ្គលិក និងកម្មករទាំងអស់ត្រូវបានថៅកែកាស៊ីណូហាមចេញក្រៅចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយម្យ៉ាងខ្លាចបែកការលើករណីលួចបើកល្បែងស៊ីសងតាមអនឡាញផង និងខ្លាចឆ្លងរាលដាលជំងឺ Covid-19 ផង។
ទោះយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ថា ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុគ្គលិកធ្វើការនៅកាស៊ីណូ ដឺសេនជូរី កាលពីថ្ងៃទី២៥ ខែកញ្ញា ជាលទ្ធផលបង្ហាញថា រកឃើញអ្នកមានវិជ្ជមានជំងឺ Covid-19 ជាច្រើននាក់។
រដ្ឋបាលខេត្តក៏បានដាក់ទីតាំងកាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូនេះសម្រាប់ជាកន្លែងធ្វើចត្តាឡីស័ក និងសម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺ។ ទោះយ៉ាងណា រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសដល់អ្នកជំងឺដែលចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងកាស៊ីណូនេះតាមការស្ម័គ្រចិត្តផងដែរ។
ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ អះអាងថា ពួកគេនឹងរង់ចាំមើលចំណាត់ការរបស់លោក ហ៊ុន សែន ចំពោះថ្នាក់ដឹកនាំខេត្តទាំង ៣រូប គឺលោក គួច ចំរើន អភិបាលខេត្ត លោក ជួន ណារិន្ទ ស្នងការនគរបាល និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះកម្រិតណាចំពោះសកម្មភាពដែលល្មើសបទបញ្ជារបស់លោក ហ៊ុន សែន ហើយបានឃុបឃិតជាមួយថៅកែល្បែង អនុញ្ញាតឲ្យល្បែងអនឡាញអាចបន្តធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ នេះ។
លោក ហ៊ុន សែន ធ្លាប់ចេញសារាចរ ឬបទបញ្ជាបិទល្បែងស៊ីសងគ្រប់ប្រភេទតាមអនឡាញនៅដំណាច់ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក៏ប៉ុន្តែល្បែងប្រភេទនេះនៅតែបន្តលួចធ្វើសកម្មភាពនៅតាមទីតាំងសណ្ឋាគារ ឬកាស៊ីណូជាច្រើនក្នុងខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះដដែល ដោយគ្រាន់តែថយចុះចំនួនតែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីបំភ្លឺលើករណីអនុញ្ញាតឲ្យមានទីតាំងល្បែងកាស៊ីណូហ្គេមអនឡាញបើកធ្វើអាជីវកម្មអនាធិបតេយ្យ ផ្គើនទៅនឹងបទបញ្ជាលោក ហ៊ុន សែន ទាំងនេះបានទេនៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។ ចំណែកឯតំណាងក្រុមហ៊ុនកាស៊ីណូហ្គេមអនឡាញឈ្មោះ ដឺសេនជូរី ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ៕