34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ចិន​ជួយ​សង់​ទីបញ្ជាការ​នគរបាល​ជាតិ​ដើម្បី​ពង្រឹង​សមត្ថភាព​កងកម្លាំង ខណៈ​លោក ហ៊ុន សែន គ្រោង​លើក​កូន​របស់​ខ្លួន​ឱ្យ​ឡើង​ស្នង​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​អនុញ្ញាត​ឲ្យ​ចិន​ជួយ​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​នគរបាល​ជាតិ​កម្ពុជា គឺ​ដើម្បី​ឱ្យ​ចិន​ជួយ​ពង្រឹង​សមត្ថភាព​នគរបាល​ជាតិ ខណៈ​លោក ហ៊ុន សែន ត្រូវការ​ពង្រឹង​កងទ័ព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ទ្រទ្រង់ និង​ពង្រឹង​អំណាច ព្រមទាំង​លើកស្ទួយ​កូនៗ​លោក​ឱ្យ​ស្នង​តំណែង។

អតីត​អ្នក​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្លែង​ប្រាប់ The Cambodia Daily ថា ការ​ផ្ដល់​ជំនួយ​របស់​ចិន​ជា​អគារ​ទីស្នាក់ការ​កណ្តាល​នគរបាល​ជាតិ​កម្ពុជា គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ជំនួយ​រវាង​ផ្នែក​សំខាន់ៗ​នៃ​ការ​គ្រប់គ្រង​រដ្ឋ ដែល​មាន​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ការពារ​ជាតិ សន្តិសុខ​ក្នុង​ប្រទេស និង​កិច្ចការ​បរទេស​របស់​ខ្លួន។

ការ​អះអាង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​ក្រោយ​ពេល​មាន​ជំនួប​តាម​អនឡាញ​រវាង​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​សម​ភាគី​ចិន គឺ​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​លោក Zhao Kezhi រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​មុន។

ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ដាក់​ចេញ​នូវ​ផែនការ​រួម​គ្នា​ប្រឆាំង​បទល្មើស​នានា ចែករំលែក​ព័ត៌មាន​សម្ងាត់ និង​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ទំនើប និង​ជំនួយ​របស់​ចិន​សម្រាប់​សាងសង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​កម្ពុជា​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ជំនួយ​នេះ​គឺជា​ទ្វារ​ចូល​សម្រាប់​ឱ្យ​ចិន​ជួយ​ពង្រឹង​សមត្ថភាព​នគរបាល​ជាតិ ជាពិសេស​សម្រាប់​បង្ក្រាប​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​យក​ខ្មែរ​ធ្វើជា​មូលដ្ឋាន ឬ​តំបន់​ឆ្លងកាត់​នៃ​អំពើ​ទុច្ចរិត​លំដាប់​ជាតិ និង​លំដាប់​អន្តរជាតិ ទើប​ឱ្យ​ចិន​បង្រៀន​បង្ហាត់​បង្ហាញ​បច្ចេកទេស និង​វិធានការ​បង្ក្រាប​បិទ​សិទ្ធិ​សេរីភាព​នេះ។

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ប្រទេស​ចិន ឱ្យ​អាទិភាព​ផ្ដាច់មុខ​ចំពោះ​កងទ័ព​ខ្មែរ ដើម្បី​បម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ចិន ក្នុង​ក្របខ័ណ្ឌ​នៃ​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ និង​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន ខណៈ​លោក ហ៊ុន សែន ត្រូវការ​ពង្រឹង​កងទ័ព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទ្រទ្រង់ និង​ពង្រឹង​អំណាច​របស់​លោក។ លើស​ពី​នេះ​ទៀត ដើម្បី​បណ្តុះបណ្តាល និង​លើកស្ទួយ​កូនៗ​របស់​លោក​ឱ្យ​ដើរ​តួ​ស្នូល​នៅ​ក្នុង​ជួរ​កងទ័ព ស្រប​ពេល​ដែល​លោក ហ៊ុន សែន គ្រោង​លើក​លោក ហ៊ុន ម៉ាណែត ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ស្នង​ពី​លោក​ជាយថាហេតុ។

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា កន្លងមក​គេ​មិន​ដែល​ដឹង​ថា​ចិន​បាន​អញ្ជើញ​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នគរបាល​ជាតិ​ទៅ​ប្រទេស​ចិន​នោះ​ទេ។ ចំណែក​ជំនួយ​ចិន​ឱ្យ​មក​នគរបាល​ជាតិ ក៏​មាន​ចំនួន​តិចតួច ប៉ុន្តែ​បច្ចុប្បន្ន ចិន​បាន​ទទួល​ប្រយោជន៍​ពី​ក្រសួង​មហាផ្ទៃ និង​នគរបាល​ជាតិ​ច្រើន។

លោក​បន្ត​ថា បើ​សិន​នគរបាល​ខ្មែរ​សុំ​រៀន និង​សុំ​ជំនួយ​ពី​ចិន គឺ​ដោយសារតែ​កម្ពុជា​ចង់​យក​ចិន​ជំនួស​វៀតណាម។ ប៉ុន្តែ​ការ​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​វៀតណាម​បាន ឬ​មិន​បាន គឺ​អាស្រ័យ​លើ​ឥទ្ធិពល​វៀតណាម ចាប់តាំង​ពី​វៀតណាម ចូល​ឈ្លានពាន​កម្ពុជា និង​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មក​នោះ។

បណ្ឌិត ឡៅ ម៉ុងហៃ លើក​ទៀត​ថា ការ​ជួយ​របស់​ចិន នឹង​ធ្វើ​ឱ្យ​ចិន​មាន​ឥទ្ធិពល​គ្របដណ្ដប់​ក្នុង​វិស័យ​គ្រប់គ្រង​រដ្ឋ​ចំនួន​បួន​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន វិស័យ​ការពារ​ជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​វិស័យ​ការបរទេស ហើយ​ដែល​វិស័យ​ទាំងនេះ​ធ្វើ​ឱ្យ​ចិន​មាន​ឥទ្ធិពល​លើសលប់។ ករណី​នេះ នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព និង​ឯករាជ្យ ហើយ​អាច​ទៅ​ជា​រដ្ឋ​អាស្រ័យ​ចិន​ម្ដង។

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ ថ្លែង​ថា ការ​ទទួល​ជំនួយ​ពី​បរទេស វា​ជា​ប្រពៃណី​របស់​កម្ពុជា ជាពិសេស​ការ​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន និង​ការ​ជួយ​របស់​ចិន​ដល់​កម្ពុជា។ លើស​ពី​នេះ​ទៀត បណ្ឌិត សេក សុជាតិ ថ្លែង​ថា វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ហើយ​ក៏​មិនមែន​ជា​លើក​ចុងក្រោយ​ដែរ។

លោក​បន្ត​ថា មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​ស៊ីជម្រៅ និង​ស្អិតល្មួត​ប៉ុនណា ពលរដ្ឋ​ខ្មែរ និង​ចិន ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឬ​ប្រទេស​នានា​ជុំវិញ​សកលលោក​អាច​មើល​ឃើញ និង​អាច​ឈ្វេងយល់​បាន។

បណ្ឌិត សេក សុជាតិ បន្ត​ថា ជំនួយ​របស់​ចិន​តាមរយៈ​ជំនួប​រវាង​មេដឹកនាំ​ចិន និង​កម្ពុជា ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​អាច​ខ្វះ​ចិន​បាន​ទេ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ធំៗ​របស់​កម្ពុជា។ បញ្ហា​នេះ វា​ក៏​ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​មិនទាន់​មាន​ភាព​រឹងមាំ​ល្អ ហើយ​ក៏​មិនទាន់​អាច​ទ្រទ្រង់​ខ្លួនឯង​បាន​មួយរយ​ភាគរយ​នៅឡើយ​ដែរ។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​របស់​រដ្ឋ​ឱ្យ​មាន​ភាព​សមរម្យ​នៅឡើយ។

បណ្ឌិត សេក សុជាតិ លើកឡើង​ទៀត​ថា បើ​ពិនិត្យ​មើល​នូវ​ចំណុច​ខ្លះ​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​ជួយ​របស់​ចិន នេះ​ជា​ករណី​ទី​១​ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​សន្យា​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ដោយ​លោក​បាន​លើកឡើង​ថា ទុក្ខ​លំបាក​របស់​កម្ពុជា គឺជា​ទុក្ខ​លំបាក​របស់​ប្រជាជន​ចិន។ ចំណែក​ឯ​ករណី​ទី​២ គឺ​ក្នុង​ន័យ​ទំនាក់ទំនង​ការទូត ចិន​បង្ហាញ​ពី​ទំនាក់ទំនង​ក្នុង​នាម​ជា​បងប្អូន​ល្អ​ជាមួយ​កម្ពុជា ហើយ​ចង់​ប្រាប់​ទៅ​ពិភពលោក​ផង​ដែរ​ថា ប្រទេស​ណា​ដែល​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​ចិន និង​ជួយ​គាំទ្រ​ដល់​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​ចិន នោះ​ចិន​នឹង​ជួយ​ដល់​ប្រទេស​នោះ​វិញ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត​រូប​នេះ​ថា ស្ថាប័ន​នគរបាល​ជាតិ​មាន​អគារ​ធ្វើការ​ធំ​ទូលាយ មាន​បន្ទប់​ធ្វើការ​ល្អ មាន​សម្ភារ​បរិក្ខារ​បំពេញ​ការងារ​សមរម្យ និង​កន្លែង​ធ្វើការ​មាន​ផាសុកភាព​ជាដើម ហើយ​បើ​សិន​ចិន​មិន​ជួយ​សង់​អគារ​នគរបាល​ជាតិ​ទេ នោះ​ប្រទេស​កម្ពុជា​នៅតែ​ប្រើប្រាស់​អគារ​ចាស់​ដដែល ដែល​ធ្វើ​ឱ្យ​ចំនួន​នគរបាល​ជាតិ​មាន​កន្លែង ឬ​បន្ទប់​ធ្វើការ​នៅ​តូច និង​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង។

លោក​បន្ត​ថា សម្រាប់​បញ្ហា​បច្ចេកវិទ្យា​តាមដាន​ទំនើប ប្រសិនបើ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​វិញ នោះ​គឺជា​រឿង​ធំ​បំផុត​សម្រាប់​ប្រជាជាតិ​មួយ ប៉ុន្តែ​លោក​យល់​ថា​ត្រូវ​ជឿជាក់​លើ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា ថា​តើ​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​ជាតិ​របស់​ខ្លួន​បាន​កម្រិត​ណា។

លើស​ពី​នេះ លោក​ថា កម្ពុជា​ប្រើប្រាស់​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្លួន និង​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​ពិភពលោក ថា​ប្រទេស​កម្ពុជា​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​រក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ពិតប្រាកដ​មែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស