34 C
Phnom Penh

គណបក្ស​កាន់​អំណាច​បើក​កិច្ចប្រជុំ​កែ​រដ្ឋធម្មនុញ្ញ​តាម​ការ​ណែនាំ​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​៨ តុលា នេះ ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន។

ការ​បើក​កិច្ចប្រជុំ​ភ្លាមៗ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ឱ្យ​ធ្វើ​ការ​សិក្សា​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដែល​ចេញពី​រដ្ឋាភិបាល ឬ​ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដោយ​កំណត់​ថា ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

ប្រធាន​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ ថា នៅ​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០២១ គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​ដែល​មាន​របៀបវារៈ​ត្រូវ​បាន​កែសម្រួល។

លោក​បញ្ជាក់​ថា របៀបវារៈ​ដែល​ត្រូវ​កែតម្រូវ​មាន​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (មួយ) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​ឱ្យ​ថ្នាក់​ដឹកនាំ​មាន​សញ្ជាតិ​ខ្មែរ​មួយ​នោះ ស្ថាប័ន​រដ្ឋ​ធំៗ​រួម​ទាំង​ឯកជន​ផង បាន​នាំគ្នា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​គាំទ្រ​ជាបន្តបន្ទាប់។

ការ​បញ្ជា​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​គណនី Facebook របស់​លោក ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទិញ​សញ្ជាតិ និង​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus ដើម្បី​រត់​ចោល​ប្រជាពលរដ្ឋ។

ក្រៅពី​ថា​លោក ហ៊ុន សែន ទិញ​សញ្ជាតិ​ហើយ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​កងកម្លាំង និង​ប្រជាពលរដ្ឋ ប្រឆាំង​នឹង​លោក ហ៊ុន សែន ដើម្បី​ឱ្យ​របប​ដឹកនាំ​បច្ចុប្បន្ន​ដួល​រលំ​ក្រោម​ហេតុផល​ថា ទប់ស្កាត់​អំពើពុករលួយ អយុត្តិធម៌​សង្គម និង​រៀបចំ​ប្រទេស​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស