29.3 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ មាន​សញ្ជាតិ​ប៉ុន្មាន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ជា​សំណួរ​ថា តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពួកគេ​មាន​សញ្ជាតិ​ប៉ុន្មាន?

មន្ត្រី​រូប​នេះ​បន្ថែម​ថា ប្រសិនបើ​មេដឹកនាំ​ដែល​ក្បត់​ជាតិ​កន្លងមក ហើយ​នៅ​ពេល​ដែល​មាន​ច្បាប់​កំណត់​សញ្ជាតិ​ដើម្បី​បញ្ជាក់​ពី​ការ​ស្នេហា​ជាតិ​នេះ តើ​ពួកគេ​នឹង​ក្លាយ​ជា​មេដឹកនាំ​ដែល​ស្នេហា​ជាតិ​ដែរ ឬ​យ៉ាង​ណា?

លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា តើ​ច្បាប់​កំណត់​សញ្ជាតិ​នេះ នឹង​កំណត់​ថា​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​តែ​មួយ​ថា​ជា​ជន​ស្នេហា​ជាតិ​ដូចម្តេច បើ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បំពាន​រដ្ឋធម្មនុញ្ញ បំបិទ​សំឡេង​ប្រឆាំង ចាប់​សកម្មជន​នយោបាយ​ជំទាស់​ដាក់​គុក និង​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាដើម សុទ្ធតែ​ជា​ថ្វីដៃ​របស់​អ្នក​មាន​អំណាច​កំពូលៗ​នៅ​កម្ពុជា ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​កន្លងមក​នោះ។

លោក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ច្បាប់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​ក្នុង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​នេះ គ្រាន់តែ​ជា​ល្បិច​នយោបាយ​ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​ដូច​លោក ហ៊ុន សែន អះអាង​នោះ​ឡើយ។

កាល​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា ដើម្បី​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ។

ជុំវិញ​ការ​ប្រកាស​បង្កើត​ច្បាប់​ឲ្យ​មេដឹកនាំ​ខ្មែរ​មាន​សញ្ជាតិ​តែ​មួយ​នេះ ក្រសួង​ស្ថាប័ន​សំខាន់​របស់​កម្ពុជា ដូចជា​ស្ថាប័ន​រដ្ឋសភា ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស និង​ក្រសួង​ស្ថាប័ន​ជាច្រើន​ទៀត ក្នុង​នោះ​ក៏​មាន​កូន​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជាដើម ដែល​បាន​នាំគ្នា​ប្រកាស​គាំទ្រ​នូវ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook បន្ទាប់ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន រួច​មក។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​សម្ដែង​នូវ​ការ​គាំទ្រ​ពី​ស្ថាប័ន​ក្រោម​អំណាច​លោក ហ៊ុន សែន គាំទ្រ​ឲ្យ​មាន​ច្បាប់​ខាងលើ​នេះ គ្រាន់តែ​ជា​វិធី​ប្រជាភិថុតិ​របស់​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​តាម​វិធី​កុម្មុយនីស្ត​ប៉ុណ្ណោះ ប៉ុន្តែ​ច្បាប់​នេះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ និង​ប្រជាជន​សូម្បី​តែ​បន្តិច។

លោក​រិះគន់​ថា ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ដែល​រក​ខ្លឹមសារ​គ្មាន​នេះ គ្រាន់តែ​ជា​ច្បាប់​ដែល​កើតឡើង​ក្រោម​គំនិត​ទុច្ចរិត​របស់​លោក ហ៊ុន សែន ប្រើ​សភា​ឯក​បក្ស​មិន​ពេញ​លក្ខណៈ​ឲ្យ​ជួយ​បង្កើត​ឡើង​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គាត់​អាច​ផ្ទេរ​អំណាច​ទៅ​អ្នក​ស្នង​មរតក​អំណាច​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ​ដោយ​គ្មាន​ការ​រាំង​ស្ទះ។

លោក​បន្ត​ថា ដើម្បី​តែ​អំណាច​ខ្លួនឯង និង​បន្ត​ទៅ​វង្ស​ត្រកូល លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សភា​ឯក​បក្ស​របស់​លោក​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រំលាយ​បក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ ប៉ុន្តែ​ពេល​នេះ លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ​បន្ថែម​ទៀត​ដើម្បី​បិទ​សិទ្ធិ​គូប្រជែង​នយោបាយ​របស់​ខ្លួន​អស់​មួយ​ជីវិត ដើម្បី​រក្សា​អំណាច​យូរអង្វែង​ត​វង្ស​ត្រកូល​របស់​លោក។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ពី​ម្សិលមិញ​ដែល​ទំនង​ជា​រិះគន់​លើ​ក្រសួង​ស្ថាប័ន​ដែល​ចេញ​ញត្តិ​គាំទ្រ​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​នេះ​ថា បើ​មិន​ស្រែក​ថា (ហៃអើយៗ) ទេ ត្រូវ​បាត់បង់​តំណែង និង​មុខរបរ​ដែល​ជា​ប្រយោជន៍​ផ្ទាល់ ឬ​យ៉ាង​ណា។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​កំណត់​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ដោយ​គ្រាន់តែ​ប្រើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​បែប​នេះ មិនមែន​ជា​គំនិត​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ ល្មម​អាច​បញ្ជាក់​បាន​ហើយ​ថា ពួកគេ​ជា​មេដឹកនាំ​ដែល​ស្នេហា​ជាតិ​ព្រោះ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ឬ​ក៏​លក់​ជាតិ​របស់​ខ្លួន​ទាំង​ដែល​ពួកគេ​មិន​មាន​សញ្ជាតិ​ផ្សេង​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​នេះ​ពិតជា​ត្រូវការ​ច្បាប់​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខ្លាំង​ណាស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ព្រោះថា​ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម ដូចជា​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​២០០៥ ដែល​ជា​កិច្ចព្រមព្រៀង​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម ដូចជា​កោះត្រល់ ចង្កោម​កោះក្រចកសេះ ជាដើម បាន​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​បាត់​ឈ្មោះ​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស