ភាពតានតឹងរវាងឥណ្ឌា និងចិន នៅតំបន់ព្រំដែនបានធ្វើឲ្យល្អក់កករទំនាក់ទំនងការទូត យោធា និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋឥណ្ឌា ស្ទើរតែគ្រប់គ្នានៅតំបន់ព្រំដែន មិនត្រឹមតែរស់នៅដោយការភ័យខ្លាចនោះទេ ប៉ុន្តែរស់នៅដោយការស្អប់គុំកួនពលរដ្ឋចិនជាខ្លាំង។
រដ្ឋាភិបាលឥណ្ឌា បានព្យាយាមពង្រីកសមត្ថភាពយោធារបស់ខ្លួនតាមរយៈការស្នើសុំទិញអាវុធជាបន្ទាន់ពីមហាអំណាចអាមេរិក រុស្ស៊ី បារាំង និងប្រទេសជើងឯកសង្គ្រាមនៅមជ្ឈិមបូព៌ា គឺអ៊ីស្រាអែល។ អាវុធដែលឥណ្ឌា ទទួលបានពីប្រទេសទាំងនោះមានទាំងយន្តហោះចម្បាំង កាំជ្រួច រថក្រោះ និងកាំភ្លើងធំ។
បើតាមសារព័ត៌មាន The Times of India ឲ្យដឹងថា មិនប្រាកដថាអាវុធទាំងអស់នោះឥណ្ឌាយកទៅដាក់នៅតំបន់ឡាដាក ឬយ៉ាងណានោះទេ ប៉ុន្តែឥណ្ឌាក៏បានទទួលការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ថានឹងនៅខាងខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ចិន។
មិនត្រឹមតែស្វែងរកការទិញអាវុធពីប្រទេសទាំងនោះទេ គឺចុងក្រោយនេះ ឥណ្ឌាស្វែងរកការធ្វើសមយុទ្ធកងទ័ពទ្វេភាគី ឬពហុភាគីជាមួយប្រទេសក្នុងតំបន់មានដូចជាជប៉ុន និងអូស្ត្រាលីថែមទៀត។ អ្វីដែលឥណ្ឌាស្វែងរកដៃគូយោធានេះ គឺឥណ្ឌាមានសត្រូវពីរនៅពេលតែមួយ ដែលជាមហាអំណាចនុយក្លេអ៊ែរ គឺចិន និងប៉ាគីស្ថាន។ អស់ពីប៉ាគីស្ថានបង្ករឿង ក៏ដល់វេនចិនម្ដង។ មើលទៅដូចនេះហើយ បានជាមេដឹកនាំឥណ្ឌាប្រាប់ទៅចិន និងប៉ាគីស្ថានថា កងទ័ពឥណ្ឌាពុំមែនជាកងទ័ពលុតជង្គង់សុំសន្តិភាពពីអ្នកឈ្លានពាននោះទេ។
ទាំងចិន និងប៉ាគីស្ថាន សុទ្ធសឹងតែជាប្រទេសមានព្រំដែនជាប់នឹងឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថាន ពុះច្រៀកព្រំដែននឹងគ្នាដោយសម្គាល់ទឹកដីរៀងៗខ្លួននៅឆ្នាំ១៩៤៧ នៅតំបន់កាស្មៀរ បន្ទាប់ពីអង់គ្លេសបញ្ចប់អាណានិគម។ ដោយឡែកប្រទេសចិន មានព្រំដែនគោករួមជាមួយឥណ្ឌា ដោយលាតសន្ធឹងជាង ៤៣០០គីឡូម៉ែត្រ និងជួរភ្នំហិម៉ាល័យ ជាកំណត់សម្គាល់ព្រំដែនរវាងប្រទេសធំពីរនេះ។
កងទ័ពនៃប្រទេសប៉ាគីស្ថាន និងចិន តែងតែពើបប្រយុទ្ធគ្នាជាមួយកងទ័ពឥណ្ឌា។
សម្រាប់ចិន និងឥណ្ឌា គឺកងទ័ពនៃប្រទេសទាំងពីរពុំបានដកចេញពីព្រំដែននោះទេចាប់តាំងពីការពើបប្រយុទ្ធគ្នានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ មានន័យថា កងទ័ពទាំងពីរនៅតែត្រៀមដើម្បីបើកទ្វារព្រំដែនធ្វើសង្គ្រាមតែប៉ុណ្ណោះ។
ទាំងឥណ្ឌា និងចិន តែងចោទគ្នាទៅវិញទៅមកថាជាអ្នកឈ្លានពាន។ ប្រទេសធំទាំងពីរនេះសុទ្ធតែមានកងទ័ពរាប់លាននាក់ដូចគ្នា។ សម្រាប់ឥណ្ឌា ធ្លាប់ចាញ់សង្គ្រាមនឹងចិនម្ដងហើយនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំឆ្នាំ១៩៦២ ដោយបណ្ដាលឱ្យកងទ័ពឥណ្ឌាស្លាប់ជិតមួយពាន់នាក់។ តែនៅពេលនេះ គឺមិនដូចឆ្នាំ១៩៦២ នោះទេ ដែលកងទ័ពចិន ពុំអាចរុលចូលទឹកដីឥណ្ឌាបានទៀតឡើយ។ ជាក់ស្ដែង ការពើបប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំទៅមិញនេះ កងទ័ពឥណ្ឌាអះអាងថា ខ្លួនបានវាយបកយ៉ាងខ្លាំងលើកងទ័ពចិន ដោយបណ្ដាលឱ្យកងទ័ពចិនស្លាប់ជាង ៤០នាក់ តែចិនបដិសេធការអះអាងរបស់ឥណ្ឌា។
ចាប់តាំងពីថ្ងៃនោះមក ឥណ្ឌា និងចិន បានបើកការចរចានឹងគ្នាទាំងថ្នាក់ការទូតជាន់ខ្ពស់ និងមេទ័ពទាំងពីរ គឺជិត ២០ដងមកហើយ។ ទោះជាការចរចាធ្វើឡើងច្រើនដងដូចនេះ តែពុំអាចមានលទ្ធផលជាផ្លូវការម្ដងណាឡើយ។
ជាក់ស្ដែងការចរចាកាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា នេះ រវាងមេបញ្ជាការកងទ័ពនៃភាគីទាំងពីរដើម្បីដកកងទ័ពចេញពីតំបន់ដែលមានជម្លោះសំខាន់ៗនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ បានបញ្ចប់នៅក្នុងភាពទាល់ច្រក និងបរាជ័យជាថ្មីម្ដងទៀត។
បើតាមសារព័ត៌មាន The Times of India ការបរាជ័យនៃការចរចានេះនាំឲ្យប្រទេសទាំងពីរត្រូវរក្សាកងទ័ពនៅក្នុងផ្នែកជួរមុខនៃតំបន់ Ladakh ដែលកងទ័ពប្រទេសពីរកំពុងប្រឈមមុខដាក់គ្នាជាខ្លាំងចាប់តាំងពីការប៉ះទង្គិចគ្នានៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា ភាគីឥណ្ឌាបានស្នើឱ្យមានការដកទ័ពទាំងពីរ ប៉ុន្តែភាគីចិនមិនបានយល់ព្រមតាម។ តាមប្រភពដដែលនេះ ភាគីចិនលើកឡើងថា ឥណ្ឌាបានទទូចទាមទារដោយមិនសមហេតុសមផល និងគ្មានការពិតជាក់ស្តែងចំពោះចំណុចត្រួតស៊ីគ្នានៅឡាដាក។
មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាអំពីរឿងនេះ បន្ទាប់ពីមិនបានជួបចរចាគ្នាអស់រយៈពេល ២ខែមកហើយ។
ការពិភាក្សានេះ បានធ្វើឡើងនៅចំពេលដែលមេបញ្ជាការកងទ័ពឥណ្ឌាបង្ហាញការខកចិត្តចំពោះអ្វីដែលលោកហៅថា ជាការបង្កើនការពង្រាយទ័ព និងអាវុធទ្រង់ទ្រាយធំរបស់ភាគីចិនកាន់តែមានចំនួនកើនឡើង។
ប្រទេសទាំងពីរបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ ដែលមានទាំងកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំង កាំជ្រួចផងដែរនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
តែបើតាមសេចក្ដីរាយការណ៍ចុងក្រោយដែលរាយការណ៍ដោយសារព័ត៌មាន South China Morning Post ប្រចាំក្នុងទីក្រុងហុងកុង គឺក្រោយពីការចរចាបរាជ័យជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ចិនបានរំកិលរថក្រោះរាប់សិបគ្រឿងទៅកៀកនឹងព្រំដែនឥណ្ឌា ជាពិសេសនៅតំបន់ ឡាដាក។ ចំណែកភាគីឥណ្ឌាវិញ ក៏ត្រូវបានរាយការណ៍មកថា បានចល័តសព្វាវុធចូលមកកៀកនឹងព្រំដែនរបស់ខ្លួនផងដែរ។
អ្នកសង្កេតការណ៍ព្រមានថា សកម្មភាពកងទ័ពប្រទេសធំពីរនេះ មើលទៅកំពុងតែប្រុងប្រៀបបើកព្រំដែនដើម្បីធ្វើសង្គ្រាមនឹងគ្នាជាថ្មីម្ដងទៀតហើយ៕