វៀតណាម និងឥណ្ឌា មានដែនដីឆ្ងាយដាច់ពីគ្នារាប់ពាន់គីឡូម៉ែត្រ។ ឥណ្ឌា ស្ថិតនៅជ្រោយនៃមហាសមុទ្រឥណ្ឌា នៃដែនដីអាស៊ីខាងត្បូង ហើយចំណែកវៀតណាម ស្ថិតនៅខាងជ្រោយសមុទ្រចិនខាងត្បូង ក្នុងដែនដីអាស៊ីអាគ្នេយ៍។
ប៉ុន្តែប្រទេសពីរនេះបែរជាមករត់ចងសម្ពន្ធមិត្តនឹងគ្នាផ្នែកយោធាទៅវិញ ដែលអ្នកសង្កេតការណ៍មើលឃើញថា វៀតណាម និងឥណ្ឌា បន្តពង្រឹងសាមគ្គីគ្នាលើវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន។
បើនិយាយទៅ ទាំងវៀតណាម និងឥណ្ឌា សុទ្ធតែជាប្រទេសដែលត្រូវបានចិនលើកទ័ពឈ្លានពានទាំងអស់ និងជាប្រទេសដែលមានស្លាកស្នាមប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នាក្រោមសង្គ្រាមពីសំណាក់ប្រទេសចិន។ ចិន និងវៀតណាម មានព្រំដែនគោកជាប់គ្នាជាច្រើនរយគីឡូម៉ែត្រ ហើយឥណ្ឌា មានព្រំដែនជាប់ចិន ជាង ៣ពាន់គីឡូម៉ែត្រ។
សង្គ្រាមព្រំដែន ដែលចិន លើកទ័ពចូលទឹកដីវៀតណាម ឆ្នាំ១៩៧៩ គឺជាដំបៅដែលក្រុងហាណូយ មិនបានលុបលាងចោលបាននោះទេ។
ចំណែកឥណ្ឌា មានសង្គ្រាមនឹងចិននៅឆ្នាំ១៩៦២ និងឆ្នាំ១៩៦៧ គឺក្រុងញូវដែលី នៅកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ ដោយចាត់ទុកថាជាសង្គ្រាមចិនឈ្លានពានវាយកាន់កាប់ទឹកដីតាមព្រំដែននៃប្រទេសដ៏ធំនៅអាស៊ីខាងត្បូងមួយនេះ។
យ៉ាងណា មិនថាតែក្នុងអតីតកាលដែលប្រទេសឥណ្ឌា និងវៀតណាម ប្រឈមនឹងការឈ្លានពានពីសំណាក់ប្រទេសចិន ទេ គឺបច្ចុប្បន្ននេះ នៅតែបន្តនៅឡើយ។ កាលពីខែមិថុនា ឆ្នាំ២០២០ កងទ័ពចិន និងឥណ្ឌា វាយប្រយុទ្ធគ្នាជាច្រើនម៉ោងបណ្ដាលឱ្យកងទ័ពប្រទេសទាំងពីរស្លាប់ និងរបួសជាច្រើននាក់។
ក្នុងស្ថានការណ៍បែបនេះ ឥណ្ឌាបានស្ទុះទៅរកការចាប់ដៃជាមួយនឹងសម្ពន្ធមិត្តជាច្រើន ដើម្បីជាកម្លាំងសាមគ្គីទប់ទល់នឹងចិន។ ចំណែកវៀតណាម ក៏មិនខុសនឹងឥណ្ឌានោះដែរ។ ក្រៅពីសង្គ្រាមព្រំដែន គឺចិនក៏បានបង្កសង្គ្រាមដាក់វៀតណាមដែរ គឺសង្គ្រាមដែនទឹកសមុទ្រដែលនាំឲ្យមានការវាយប្រយុទ្ធគ្នាទៀតផង ដូចជានៅឆ្នាំ១៩៧៤ ជាដើម។
នៅឆ្នាំនោះ ចិនលើកទ័ពចូលវាយកាន់កាប់កោះជាច្រើនរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង ហើយរហូតមកដល់ពេលនេះ ចិននៅតែត្រូវបានវៀតណាម ចោទថាបានបន្តរំលោភដែនទឹកវៀតណាមនៅឡើយ។ ប្រទេសវៀតណាម និងចិន ពុំមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានោះទេ។
ក្នុងស្ថានការណ៍បែបនេះ វៀតណាមដែលស្ថិតក្នុងស្ថានភាពខ្លាចចិន តែងតែរត់ទៅរកសម្ពន្ធមិត្តយោធាជាមួយប្រទេសក្នុងតំបន់ផង និងជាមួយប្រទេសក្រៅតំបន់ផង គឺមានដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អូស្ត្រាលី និងឥណ្ឌា ជាដើម។ តែសម្រាប់ឥណ្ឌា បានសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh ទៅប្រទេសវៀតណាម ដោយបានជួបផ្ទាល់សមភាគីវៀតណាម លោក Phan Van Giang កាលពីថ្ងៃទី៨ ខែមិថុនា។

សមភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាថ្មីទៀត ដោយឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមជាមួយគ្នា។
បើតាមបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសឥណ្ឌា គឺសារព័ត៌មាន The Hindu ទស្សនកិច្ចរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី៧ ខែមិថុនា លោក Rajnath Singh ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងទ្វេភាគីដែលឈានចូលដល់រយៈពេល ៥០ឆ្នាំ។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Phan Van Giang និងសមភាគីឥណ្ឌា លោក Singh បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមសម្រាប់ភាពជាដៃគូការពារជាតិដល់ឆ្នាំ២០៣០។ តាមសេចក្តីថ្លែងការណ៍រួមនេះ នឹងពង្រីកទំហំកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងឥណ្ឌា កាន់តែរឹងមាំថែមទៀត។
សមភាគីឥណ្ឌា បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការការពារជាតិនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយលើកឡើងថា រដ្ឋាភិបាលក្រុងញូវដែលី ចាត់ទុកក្រុងហាណូយ ជាដៃគូដ៏សំខាន់មួយនៃគោលនយោបាយមកកាន់ដែនដីអាស៊ីអាគ្នេយ៍។ ចំណែកសមភាគីវៀតណាម វិញ បានគាំទ្រឥណ្ឌាដែលជួយវៀតណាមលើវិស័យការពារជាតិ។
លោក Phan Van Giang បានហៅទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ថាមានអត្ថន័យសំខាន់ណាស់សម្រាប់វៀតណាមនាពេលនេះ ដែលកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខក្នុងតំបន់។
ជាមួយគ្នានេះ ទាំងលោក Phan Van Giang និងលោក Rajnath Singh យល់ស្របនឹងគ្នាថា នយោបាយ និងសន្តិសុខពិភពលោក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងប្រឈមនូវភាពផុយស្រួយជាខ្លាំង។ សមភាគីទាំងពីរបានសន្យាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង ដែលអនុលោមទៅតាមច្បាប់អន្តរជាតិ។
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅវៀតណាម ត្រូវបានមើលឃើញថា ជាការពង្រឹងទំនាក់ទំនងទ្វេភាគីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងសឹងគ្រប់វិស័យក្នុងតំបន់ ជាពិសេសចិនពង្រីកអនុត្តរភាពជាខ្លាំងលើវិស័យយោធា រហូតត្រូវបានចោទថាបានរំលោភបំពានដែនទឹកប្រទេសក្នុងតំបន់ទៀតផង ក្នុងនោះដែនទឹកវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី កំពុងប្រឈមមុខខ្លាំងជាងគេពីសំណាក់អនុត្តរភាពរបស់ចិន៕