34 C
Phnom Penh

តើ​ឥណ្ឌា​គួរ​បញ្ឆេះ​សង្គ្រាម​តាម​ព្រំដែន​វាយប្រហារ​ចិន​ទន្ទឹម​នឹង​សង្គ្រាម​ចិន​លុកលុយ​កោះ​តៃវ៉ាន់​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌា និង​ចិន ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​ធំ​ពីរ​នេះ​មាន​ប្រជាជន​សុទ្ធតែ​ជាង ១៣០០​លាន​ដូច​គ្នា។ ព្រំដែន​ប្រទេស​ទាំង​ពីរ​លាតសន្ធឹង​ជាង ៣៤០០​គីឡូម៉ែត្រ ហើយ​ភាគច្រើន​ពុះ​ច្រៀក​ដោយ​ភ្នំ​ហិមាល័យ។

យ៉ាងណា ប្រទេស​ធំ​ពីរ​នេះ​តែងតែ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ជា​ញឹកញាប់។ សង្គ្រាម​ធំៗ​ផ្ទុះឡើង​បណ្ដាល​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​រាប់​រយ​រាប់​ពាន់​នាក់។ មកដល់​ពេលនេះ ការ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន និង​ចែក​ខណ្ឌសីមា​ជា​ផ្លូវការ​នៅតែ​ពុំ​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ។

តំបន់​ដែល​តែងតែ​ពើប​ប្រយុទ្ធ​គ្នា គឺ​តំបន់​ឡាដាក ជា​ផ្នែក​មួយ​នៃ​ជួរភ្នំ​ហិមាល័យ ស្ថិតនៅ​ក្បែរ​តំបន់​កាស្មៀរ។ ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ធំ​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ គឺជា​ការ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ប្រាវ​ដោយ​កងទ័ព​ប្រទេស​ទាំង​ពីរ ស្លាប់​រាប់​សិប​នាក់។ ឥណ្ឌា​ចោទ​ចិន​លួច​រំកិល​ព្រំដែន​ចូល​ទឹកដី​របស់​ខ្លួន ហើយ​កងទ័ព​ឥណ្ឌា​ក៏​ស្ទុះ​បណ្ដេញ​កងទ័ព​ចិន​ត្រឡប់​ទៅវិញ ពេល​នោះ​ក៏​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​តែម្ដង។

ចាប់តាំង​ពី​ពេល​នោះ​មក ការ​ចរចា​ប្រព្រឹត្ត​ទៅ​ទាំង​ថ្នាក់​ការទូត និង​កងទ័ព​ជិត ២០​លើក​មក​ហើយ នៅតែ​មិន​ទាន់​ដល់​កិច្ចព្រមព្រៀង​អ្វី​នៅឡើយ​ទេ។ ទីបំផុត កងទ័ព​ប្រទេស​ទាំង​ពីរ​នៅតែ​ឈរ​ទល់​មុខ​គ្នា​នៅឡើយ ហើយ​សព្វាវុធ​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​រួចរាល់​អស់​ហើយ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ចិន​កាលពី​ពេល​ថ្មីៗ​នេះ បាន​រំកិល​រថក្រោះ រថពាសដែក និង​បាន​ដាក់​ពង្រាយ​កាំជ្រួច S-៤០០ របស់​រុស្ស៊ី នៅ​កៀក​នឹង​តំបន់​ឡាដាក់ និង​តំបន់​ទីបេ។ ចំណែក​ឯ​ឥណ្ឌា ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ដាក់​ពង្រាយ​សព្វាវុធ និង​កងទ័ព​រួចរាល់​ផង​ដែរ ហើយ​សព្វាវុធ​របស់​ឥណ្ឌា​មាន​ទាំង​រថក្រោះ មាន​ទាំង​កាំភ្លើងធំ និង​កាំជ្រួច S-៤០០ ដូច​ប្រទេស​ចិន​ដែរ។ សារព័ត៌មាន NTD បាន​រាយការណ៍​មក​ថា វត្តមាន​កងទ័ព​របស់​ប្រទេស​ធំ​ពីរ​នេះ​ដែល​កំពុង​ពង្រាយ​នៅ​តាម​ព្រំដែន បាន​កើន​ឡើង​ជិត ១៥​ម៉ឺន​នាក់​ទៅ​ហើយ។ គោលដៅ​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​ទាំង​ពីរ​ប្រទេស​នេះ មើល​ទៅ​រង់ចាំ​តែ​ការ​បើក​ព្រំដែន​ដើម្បី​បង្ក​សង្គ្រាម​វាយប្រហារ​គ្នា​តែប៉ុណ្ណោះ។

ចំពោះ​ឥណ្ឌា តែងតែ​អះអាង​ប្រាប់​ពិភពលោក​ថា ឥណ្ឌា​គឺជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ចិន គឺ​ចាប់តាំង​ពី​សង្គ្រាម​ឆ្នាំ​១៩៦២ មក។ ដោយ​មើល​ឃើញ​ចិន​ចេះ​តែ​បង្កើន​ការ​ធ្វើ​សមយុទ្ធ និង​គំរាម​ឥណ្ឌា​កាន់តែ​ខ្លាំង​ឡើងៗ ឥណ្ឌា​ប្រកាស​ប្រាប់​ពិភពលោក​ថា ឥណ្ឌា​ក្នុង​ទសវត្ស​ឆ្នាំ​២០០០ នេះ មិន​មែន​ដូច​ឥណ្ឌា​ឆ្នាំ​១៩៦០ នោះ​ទេ គឺ​ឥណ្ឌា​អាច​កំដរ​សង្គ្រាម​ជាមួយ​ចិន​គ្រប់​ពេលវេលា គ្រប់​កាលៈទេសៈ​ទាំងអស់ ឱ្យ​តែ​ចិន​ហ៊ាន​ឈ្លានពាន​ដែនដី​របស់​ឥណ្ឌា។

ដោយ​មើល​ឃើញ​ស្ថានភាព​បែប​នេះ ឥណ្ឌា​បាន​សម្រេច​ចូល​សម្ពន្ធភាព​កតិកាសញ្ញា​យោធា​រួម​គ្នា​ជាមួយ​អាមេរិក ជប៉ុន និង​អូស្ត្រាលី ដែល​គេ​ហៅថា​កតិកាសញ្ញា​យោធា​ចតុភាគី ឬ​ក៏ QUAD។

ឥណ្ឌា​បាន​សម្រេច​ចូល​ក្រុម​សម្ពន្ធភាព​យោធា​នេះ គឺ​ឥណ្ឌា​ចង់​បាន​សម្ពន្ធមិត្ត​ដែល​មាន​សក្ដានុពល​ផ្នែក​យោធា ដើម្បី​ទប់ទល់​នឹង​អំណាច​យោធា​របស់​ចិន។ ដូច​នេះ​ហើយ គេ​សង្កេត​ឃើញ​កងទ័ព​ឥណ្ឌា​តែងតែ​បើក​ធ្វើ​សមយុទ្ធ​នៅ​មហាសមុទ្រ​ឥណ្ឌា នៅ​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​ជា​ញឹកញាប់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី។ មិន​តែប៉ុណ្ណោះ ឥណ្ឌា​តែងតែ​បញ្ជូន​កងទ័ព​នាវា​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ក្នុង​តំបន់​សមាគម​អាស៊ាន ដូចជា​សិង្ហបុរី និង​វៀតណាម ជាដើម។

ការ​ដែល​ឥណ្ឌា​បង្កើន​ការ​ធ្វើ​សមយុទ្ធ​ដូចនេះ គឺ​ឥណ្ឌា​ចង់​ប្រាប់​ទៅ​ចិន​ថា ឥណ្ឌា​អាច​បង្ក​សង្គ្រាម​វាយប្រហារ​ចិន​នៅ​ទីកន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​ឥណ្ឌា​មាន​សម្ពន្ធភាព​យោធា​រួច​ហើយ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់។

មើល​ឃើញ​ដូចនេះ ឥណ្ឌា​ក៏​សម្លឹង​មើល​ទៅ​ដែន​កោះ​តៃវ៉ាន់ ដែល​កំពុង​រង​ការ​លើក​ទ័ព​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន ដែល​ឥណ្ឌា​ប្រកាស​ថ្កោលទោស​ទីក្រុង​ប៉េកាំង ថា​តែងតែ​ធ្វើ​សកម្មភាព​យោធា​គំរាម​តៃវ៉ាន់។ ឥណ្ឌា​មិន​បាន​ប្រកាស​ថា​ខ្លួន​ត្រូវ​ជួយ​តៃវ៉ាន់​ក្នុង​កម្រិត​ណា​នោះ​ទេ តែ​យ៉ាងហោចណាស់ ឥណ្ឌា​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​រក​មធ្យោបាយ​បញ្ឆេះ​សង្គ្រាម​តាម​ព្រំដែន​ប្រឆាំង​នឹង​ចិន ដែល​ជា​យុទ្ធសាស្ត្រ​បង្វែរ​កម្លាំង​ប្រមូល​ផ្ដុំ​របស់​កងទ័ព​ចិន​ក្នុង​ការ​ឈ្លានពាន​ដែន​កោះ​តៃវ៉ាន់។

ជាង​នេះ​ទៅទៀត គេ​អាច​មើល​ឃើញ​ថា ឥណ្ឌា​អាច​រុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​ស៊ីនជាំង ដែល​ជា​ជនជាតិ​ដើម​ភាគតិច​វីហ្គឺរ​មូស្លីម ងើប​កាន់​អាវុធ​ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ត​ចិន ដោយសារតែ​ជនជាតិ​វីហ្គឺរ នៅ​ស៊ីនជាំង រង​ទុក្ខ​ទោស​ខ្លាំង​ណាស់​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ធ្លាប់​រាយការណ៍​ថា ជនជាតិ​ដើម​វីហ្គឺរ យ៉ាងតិច ១​លាន ៥​សែន​នាក់​កំពុង​ស្ថិតនៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​លត់ដំ និង​ទារុណកម្ម​នៅ​តំបន់​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ឥណ្ឌា​អាច​នឹង​រុញ​ឱ្យ​ដែនដី​ទីបេ ដែល​ធ្លាក់​នៅ​ក្រោម​ចិន​តាំងពី​ឆ្នាំ​១៩៤៩ ងើប​ឡើង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ចិន គឺ​នៅ​ពេល​ដែល​សង្គ្រាម​ចិន និង​តៃវ៉ាន់​ផ្ទុះឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស