លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងខ្លាចការរិះគន់ពីប្រជាពលរដ្ឋកាន់តែខ្លាំងក្រោយសម្រេចដាក់រូបខ្លួនឯងលើរូបិយប័ណ្ណរបស់ជាតិ ទាំងដែលខ្លួនឯងកំពុងកាន់អំណាច ដូច្នេះលោកជំរុញឱ្យប្រជាពលរដ្ឋទៅឈ្វេងយល់ខ្លឹមសារនៃរូបថតដែលមានលើរូបិយប័ណ្ណជាតិ ៣ម៉ឺនរៀល ក្រោយមហាជនសម្ដែងការមិនពេញចិត្តកាន់តែច្រើនឡើងៗ។
បុរសខ្លាំងនៅកម្ពុជាដែលគំរាមកាន់អំណាចអស់មួយជីវិត លោក ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ បានសរសេរលើទំព័រ Facebook របស់ខ្លួន ដោយភ្ជាប់រូបថតដែលទើបនឹងបោះពុម្ពលើរូបិយប័ណ្ណជាតិកាលពីពេលថ្មីៗនេះថា រូបថតដែលលោកកាន់ដៃសម្តេចព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរនេះ គឺជារូបថតប្រវត្តិសាស្ត្រកាលពី ៣០ឆ្នាំមុន ដែលមនុស្សខ្លះមិនបានយល់ពីខ្លឹមសារនៃរូបថតនេះទេ ដូច្នេះពួកគេគួរតែឈ្វេងយល់ឱ្យបានច្បាស់ពីអត្ថន័យ និងខ្លឹមសារនៃរូបនេះ។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីរូបថតដែលបានបោះពុម្ពលើក្រដាសប្រាក់ខ្មែរ ៣ម៉ឺនរៀលកាលពីពេលកន្លងទៅ កំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានយ៉ាងចាស់ដៃ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់រៀលគំរូថ្មី គឺក្រដាសរូបិយប័ណ្ណ ៣ម៉ឺនរៀល ដើម្បីចូលរួមអបអរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផង និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍ចូលមាតុប្រទេសវិញរបស់សម្តេចព្រះនរោត្តម សីហនុ ផង។

ជុំវិញបញ្ហានេះ គណនី Facebook ដែលមានឈ្មោះថា TA META បានចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិរបស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី២១ តុលា នេះថា ប្រសិនបើដើម្បីរំឭកអនុស្សាវរីយ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកគួរដាក់រូបគ្រប់ភាគីខ្មែរទាំង៤ លើក្រដាសប្រាក់នេះ មិនគួរដាក់តែរូបខ្លួនឯងបែបនេះទេ។ ជាងនេះទៀត បើគិតថាកិច្ចព្រមព្រៀងនេះមានតម្លៃជាប្រវត្តិសាស្ត្រ លោកគួរតែរក្សាថ្ងៃទី២៣ ខែតុលា ជាថ្ងៃបុណ្យជាតិសម្រាប់កម្ពុជាតែម្តងទៅ។
បួនភាគីធំៗដែលបានចរចាឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ គឺភាគីរដ្ឋកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ភាគីហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដឹកនាំដោយសម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន ដែលរួមបញ្ចូលគ្នាបង្កើតជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់របស់កម្ពុជាមួយនៅពេលនោះ។
គណនី Facebook ខាងលើរិះគន់ថា ការយករូបខ្លួនឯងមកដាក់លើរូបិយប័ណ្ណរបស់ជាតិទាំងដែលខ្លួនកំពុងកាន់អំណាចបែបនេះ គឺពិតជាមិនត្រឹមត្រូវនោះទេ ព្រោះថាមេដឹកនាំដែលត្រូវបានបោះពុម្ពលើក្រដាសប្រាក់ ទាល់តែបុគ្គលនោះត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ថាជាវីរបុរសជាតិពិតប្រាកដ និងគ្មានបាតដៃប្រឡាក់ឈាមរាស្ត្រខ្លួនឯងក្នុងអតីតកាល ប៉ុន្តែលោក ហ៊ុន សែន គ្មានប្រវត្តិស្អាតស្អំកម្រិតនេះទេ។
ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ ៣ម៉ឺនរៀលនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រតិកម្មថា អ្នកដែលមិនពេញចិត្តក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មីនេះ សូមកុំចាយអី ប៉ុន្តែការលើកឡើងបែបនេះ ត្រូវសកម្មជនការពារព្រៃឈើខ្មែរ លោក ហេង ស្រស់ លើកជាសំណួរថា តើបក្សកាន់អំណាចឈឺចិត្តខ្លាំងមែនទេ ទើបឱ្យអ្នកនាំពាក្យរបស់ខ្លួននិយាយបែបនេះ។
ចំណែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ តុលា នេះផងដែរ ដោយឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចថា តើក្រដាសប្រាក់ ៣ម៉ឺនរៀលនេះជាកម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សកាន់អំណាចមែនទេ? បើដូច្នោះមែន ប្រហែលជានឹងមានវាសនាដូចជាក្រដាសប្រាក់ ១៥០០០រៀលជាមិនខាន ប្រសិនបើប្រជាពលរដ្ឋនាំគ្នាមិនប្រើប្រាស់វានៅលើទីផ្សារ។
ប្រធានក្រុមប្រឹក្សាភិបាលចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ តុលា នេះថា ការលើកឡើងរបស់លោក ហ៊ុន សែន នៅថ្ងៃនេះគ្រាន់តែចង់អួតអាងអំពីគុណសម្បត្តិរបស់គាត់ក្នុងការផ្សះផ្សាជាតិ រកសន្តិភាពតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែប៉ុណ្ណោះ ប៉ុន្តែគាត់នៅតែយល់ខុសចំពោះការដឹកនាំជាតិដដែល ព្រោះថាលោក ហ៊ុន សែន នៅតែរំលោភកិច្ចព្រមព្រៀងនេះ និងរំលោភរដ្ឋធម្មនុញ្ញដែលជាសសរស្ដម្ភនៃលទ្ធិប្រជាធិបតេយ្យគ្មានទីបញ្ចប់នោះទេ។
លោកបន្ថែមថា ភស្តុតាងជាក់ស្តែងគឺមេដឹកនាំដែលវៀតណាមលើកបន្តុបរូបនេះ នៅតែបន្តអនុវត្តកិច្ចព្រមព្រៀង និងសន្ធិសញ្ញាខុសច្បាប់នានាជាមួយវៀតណាម ដែលបង្កទំនាស់ផលប្រយោជន៍ជាតិខ្មែរគ្នាឯង ព្រមទាំងធ្វើឱ្យបាត់បង់នូវបូរណភាពទឹកដីព្រំដែនផ្នែកខ្លះទៅឲ្យវៀតណាម តាមរយៈសន្ធិសញ្ញាថ្មីៗ និងផែនទីព្រំដែនថ្មីជាបន្តបន្ទាប់។
លោក ម៉ែន ណាត អះអាងថា លោក ហ៊ុន សែន ចង់តម្កើងតម្លៃខ្លួនឲ្យប្រហាក់ប្រហែលនឹងសម្តេចព្រះនរោត្តម សីហនុ ដូច្នេះហើយបានជាគាត់ដាក់រូបខ្លួនក្នុងក្រដាសប្រាក់ថ្មីបែបនេះ។ ប៉ុន្តែគាត់យល់ខុសទាំងស្រុង ព្រោះថាដើម្បីឱ្យគាត់ក្លាយជាមេដឹកនាំដែលមានតម្លៃសម្រាប់ជាតិពិតប្រាកដ គឺមានតែដឹកនាំរកការផ្សះផ្សាជាតិ និងស្តារប្រជាធិបតេយ្យឡើងវិញឲ្យស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា លោក ហ៊ុន សែន កំពុងចាប់ផ្តើមបោះជំហានដំបូងរបស់ខ្លួនដើម្បីស្ទាបស្ទង់អារម្មណ៍មហាជនក្នុងការសម្រេចផែនការខ្លួនឯងឡើងធ្វើជាស្តេច និងដាក់កូនខ្លួនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីកាន់កាប់អំណាចបន្តពីខ្លួនទៅថ្ងៃក្រោយ៕