28 C
Phnom Penh

តៃវ៉ាន់​ពង្រីក​ការ​ហ្វឹកហ្វឺន​កងទ័ព​បម្រុង​ក្នុង​ស្ថានភាព​ត្រៀម​សង្គ្រាម​លុកលុយ​ពី​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា នេះ​ថា ក្រសួង​នឹង​ជំរុញ​ការ​ហ្វឹកហ្វឺន​កងទ័ព​បម្រុង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដែល​រួម​ទាំង​ការ​ពង្រីក​ការ​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ និង​បាញ់ ខណៈ​ចិន​បាន​បង្កើន​សកម្មភាព​យោធា​នានា​នៅ​ជិត​ដែន​កោះ​មួយ​នេះ​កាន់តែ​ខ្លាំង។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Strait Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា។

កោះ​តៃវ៉ាន់​ដែល​បាន​ផ្ដាច់​ខ្លួន​ពី​ចិន​ប៉េកាំង​តាំងពី​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ ត្រូវ​បាន​បក្ស​កុម្មុយនីស្ត​ចិន​អះអាង​ប្រាប់​ពិភពលោក​ថា ជា​អាណាខេត្ត​មួយ​របស់​ចិន ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។

ភាព​តានតឹង​រវាង​ដែន​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ចិន​បាន​ព្យាយាម​បង្កើន​សម្ពាធ​យោធា​គាបសង្កត់​តៃវ៉ាន់​ខ្លាំង​ឡើងៗ។ សកម្មភាព​យោធា​របស់​កងទ័ព​អាកាស​ចិន គឺ​ការ​បញ្ចេញ​យន្តហោះ​រាប់​សិប​គ្រឿង​ម្ដងៗ​ឱ្យ​ហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់។

រយៈពេល ២​ថ្ងៃ​មក​នេះ ចិន​ប៉េកាំង​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចូល​ដែនអាកាស​តៃវ៉ាន់​ចំនួន ១៤​គ្រឿង បន្ទាប់ពី​បាន​ហោះ​ចូល​ដូច​គ្នា​នេះ​រយៈពេល ១៥​ថ្ងៃ ចំនួន ១៥០​គ្រឿង ដែល​នាំ​ឲ្យ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ព្រមាន​ចិន​ថា កុំ​ឱ្យ​យន្តហោះ​ទាំងនោះ​ហោះ​ចូល​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់​ឱ្យ​សោះ។ ក្រោយពី​ស្ថានភាព​ដូចនេះ តៃវ៉ាន់​កាន់តែ​ពង្រឹង​កងទ័ព និង​សព្វាវុធ​របស់​ខ្លួន​ទប់ទល់​នឹង​ការ​បង្ក​សង្គ្រាម​ពី​សំណាក់​កងទ័ព​ចិន។

កាលពី​ខែ​មុន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ Chiu Kuo-cheng បាន​ហៅ​ស្ថានភាព​ដ៏​តានតឹង​នេះ​ថា​ជា​ករណី​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ។ ដោយ​មើលឃើញ​បែប​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​លើ​វិស័យ​យោធា​បន្ថែម​ទៀត។

តាម​សារព័ត៌មាន The Strait Times ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ការ​ហ្វឹកហ្វឺន​បន្ថែម​ដែល​ជា​កាតព្វកិច្ច​សម្រាប់​កងទ័ព​បម្រុង​មួយ នឹង​ត្រូវ​បង្កើន​ដល់​រយៈពេល ១៤​ថ្ងៃ ដែល​ធ្លាប់​ធ្វើ​ឡើង​រយៈពេល ៥​ថ្ងៃ​ទៅ ៧​ថ្ងៃ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កងទ័ព​បម្រុង​ទាំងនោះ។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ការ​បន្ថែម​រយៈពេល​នៃ​ការ​ហ្វឹកហ្វឺន​នេះ ក៏​នឹង​ត្រូវ​បង្កើន​ការ​ចំណាយ​ទ្វេដង​លើ​ចំនួន​គ្រាប់កាំភ្លើង​ដែល​ពួកគេ​ត្រូវ​បាញ់​ក្នុង​អំឡុង​សមយុទ្ធ។ អំឡុង​នៃ​ការ​ហ្វឹកហាត់​នេះ កងកម្លាំង​បម្រុង​នឹង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​លំហាត់​នៃ​ការ​ប្រយុទ្ធ និង​បាញ់​កាំភ្លើង។

បច្ចុប្បន្ន តៃវ៉ាន់​មាន​កងទ័ព​បម្រុង​ប្រមាណ ២​លាន ៣១​ម៉ឺន​នាក់។ ក្នុង​ស្ថានភាព​ដែល​តៃវ៉ាន់​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​នៃ​ការ​លើក​ទ័ព​លុកលុយ​ពី​ប្រទេស​ចិន ឃើញ​ថា​សហរដ្ឋ​អាមេរិក ជា​សម្ពន្ធមិត្ត​នឹង​តៃវ៉ាន់ តែងតែ​ព្រមាន​ចិន​កុំ​ប្រមាថ​តៃវ៉ាន់ គឺ​ត្រូវ​គោរព​ដែន​អធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។

ក្រុង​វ៉ាស៊ីនតោន តែង​រំឭក​ចិន​ថា តៃវ៉ាន់​និង​អាមេរិក មាន​កតិកាសញ្ញា​យោធា​រួម​គ្នា គឺ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ដែល​ផ្ដល់​ឱ្យ​អាមេរិក​ជួយ​តៃវ៉ាន់​ទាំង​សព្វាវុធ និង​ការ​ហ្វឹកហ្វឺន​កងទ័ព​ឱ្យ​តៃវ៉ាន់។ ដូចនេះ គេ​កត់សម្គាល់​ថា ក្រុង​ប៉េកាំង​មិនមែន​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុង​តៃប៉ិ​មួយ​នោះ​ទេ គឺ​មាន​ជមោ្លះ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទៀត​ផង។

ចុងក្រោយ​នេះ ចិន​ប្រតិកម្ម​ខ្លាំង​ណាស់​នឹង​អាមេរិក បន្ទាប់ពី​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន អះអាង​ថា ពិតជា​មាន​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​តៃវ៉ាន់​មែន គឺ​មក​ក្នុង​នាម​ជួយ​ហ្វឹកហាត់​កងទ័ព​តៃវ៉ាន់។

ដោយ​ហេតុ​នេះ ភាព​តានតឹង​រវាង​ចិន និង​អាមេរិក គឺ​ទាំង​នយោបាយ​ការទូត និង​សកម្មភាព​យោធា​ក៏​កាន់តែ​រីក​ធំ​ឡើង។ ចិន​កាន់តែ​ធ្វើ​សកម្មភាព​យោធា​គំរាម​តៃវ៉ាន់ ហើយ​អាមេរិក​កាន់តែ​បង្កើន​ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​កាន់តែ​កើន​ឡើង។ ដោយ​មើល​ឃើញ​ថា​អាមេរិក​នឹង​ជួយ​តៃវ៉ាន់​ដូច​ការ​ប្ដេជ្ញា​របស់​ប្រធានាធិបតី ចូ បៃដិន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សាយ អ៊ឹងវិន កាន់តែ​ហ៊ាន​ប្រមាថ​ចិន។

អ្នក​ខ្លះ​អះអាង​ថា ប្រសិនបើ​តៃវ៉ាន់​រង​ការ​វាយ​ឈ្លានពាន​ពី​ប្រទេស​ចិន ពេល​នោះ​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត នឹង​ចេញ​មុខ​ជួយ​ការពារ​តៃវ៉ាន់។ អ្នកស្រី​ប្រាប់​ក្រុង​ប៉េកាំង​ថា តៃវ៉ាន់​មិន​ឯកោ​នោះ​ទេ ព្រោះតែ​តៃវ៉ាន់​មាន​សម្ពន្ធមិត្ត​គ្រប់​ជ្រុងជ្រោយ​ហើយ។

តាម​ប្រធានាធិបតី​រូប​នេះ តៃវ៉ាន់​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ដូច​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ តៃវ៉ាន់​មាន​មិត្ត​សុទ្ធតែ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ បែប​នេះ​ក្ដី អ្នកស្រី​អំពាវនាវ​ដល់​ប្រទេស​អូស្ត្រាលី ជប៉ុន ឥណ្ឌា ឱ្យ​ជួយ​គាំទ្រ​តៃវ៉ាន់ បើ​ចិន​សម្រេច​លើក​ទ័ព​លុកលុយ​កោះ​តៃវ៉ាន់។

គេ​ពុំ​ដឹង​ថា ពេលវេលា​ជាក់លាក់​ដែល​ដែនដី​បងប្អូន​នឹង​គ្នា​នេះ​នឹង​ចាប់ផ្ដើម​បើក​ទ្វារ​សង្គ្រាម​នឹង​គ្នា​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សកម្មភាព​យោធា​ចិន​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ជា​ការ​ប្រកាស​អាសន្ន​ថា ពេលវេលា​តិច​ណាស់​ទៅ​ហើយ​ដែល​បញ្ជាក់​ថា​ក្រុង​ប៉េកាំង នឹង​អស់​ភាព​អត់ធ្មត់​នឹង​សាច់ឈាម​មួយ​នេះ។

សម្រាប់​ស្ត្រី​ខ្លាំង​តៃវ៉ាន់ សាយ អ៊ឹងវិន សច្ចា​ថា​នឹង​តស៊ូ​ការពារ​ដែនដី និង​ប្រជាជន​តៃវ៉ាន់​រហូត​ដំណាក់កាល​ចុងក្រោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស