ក្រុមសិទ្ធិមនុស្សក្នុងស្រុក បាននាំគ្នាធ្វើយុទ្ធនាការនៅសប្តាហ៍ទី១២ លើបណ្តេញសង្គមបន្តទៀត នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ ដើម្បីសុំឱ្យមានការដោះលែងយុវជនការពារបរិស្ថាន ៦នាក់ដែលតែងតែធ្វើសកម្មភាពលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។
ប្រភពដដែលអះអាងថា សកម្មជនបរិស្ថានទាំងនោះគ្រាន់តែលើកឡើងពីបញ្ហាដែលប៉ះពាល់ដល់បរិស្ថាន ដើម្បីការពារសុខភាពសាធារណៈ និងចង់ឱ្យពលរដ្ឋគ្រប់គ្នាចូលរួមថែរក្សាការពារបរិស្ថានសម្រាប់កម្ពុជាឱ្យបានល្អតែប៉ុណ្ណោះ មិនគួរអាជ្ញាធរចាប់ខ្លួនពួកគេទាំងអយុត្តិធម៌បែបនេះទេ ព្រោះសកម្មភាពរបស់សកម្មជនទាំងនោះកន្លងមកមិនបានល្មើសទៅនឹងមាត្រាណាមួយរបស់កម្ពុជាឡើយ។
អង្គការសមាគមជាច្រើនអំពាវនាវឱ្យអាជ្ញាធរកម្ពុជាចូលរួមលើកទឹកចិត្តដល់សកម្មជន និងសកម្មភាពដើម្បីប្រយោជន៍សង្គមជាតិតាមគ្រប់រូបភាព ដើម្បីបណ្ដុះស្មារតីស្នេហាជាតិទៅដល់យុវជនជំនាន់ក្រោយ ជាជាងការបំភិតបំភ័យ និងការគំរាមចាប់ខ្លួនដូចពេលកន្លងមកដែលធ្វើឱ្យសកម្មជននានារងការភ័យខ្លាច និងជាការគំរាមកំហែងនូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋផងដែរ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសង្គមបរិស្ថាននៅកម្ពុជា ដែលកំពុងរងការចោទប្រកាន់ និងឃុំខ្លួនទាំងអយុត្តិធម៌សព្វថ្ងៃនេះ។
ក្រុមអង្គការសមាគមទាំងនេះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ និងអង្គការជាច្រើនទៀតបាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម Facebook ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថាន ៦នាក់ ដែលកំពុងត្រូវបានឃុំខ្លួនគិតមកទល់នឹងពេលនេះមានរយៈពេលជិត ៤០០ថ្ងៃហើយ។
សកម្មជនបរិស្ថានទាំងនោះរួមមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារពី ១៨ខែទៅ ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៤លានរៀលតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ វិច្ឆិកា នេះថា តើចៅក្រមនៅកម្ពុជាមានសម្បជញ្ញៈដែរឬទេ ដែលនាំគ្នាកាត់ទោសសកម្មជនបរិស្ថានដែលគ្រាន់តែប្រើប្រាស់សេរីភាពខាងបញ្ចេញមតិ ខាងសារព័ត៌មាន ខាងការប្រជុំដោយសន្តិវិធី និងក្នុងព្រំដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញនោះ?
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា រដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើសមាត្រា ៤៩៤ និង ៤៩៥ ដែលបានប្រើមាត្រាទាំងនេះចោទប្រកាន់សកម្មជនបរិស្ថានកន្លងមក គឺដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន និងមានគោលបំណងបំបិទសិទ្ធិមូលដ្ឋាន និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយយ៉ាងធ្ងន់ធ្ងរ៕