32 C
Phnom Penh

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​អ្នក​ចត​យានយន្ត​និង​ដាក់​សម្ភារៈ​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​ម្ចាស់​យានយន្ត និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​យក​សម្ភារៈ​ទៅ​ដាក់​តាំង​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់ សោភណភាព និង​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដោយ​ដាក់​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​យក​ចំណី​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​របស់​ខ្លួន​នោះ​ទេ ដោយ​ចាត់ទុក​ថា​នាំ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ សោភណភាព និង​ធ្វើ​ឱ្យ​គ្មាន​ចំណី​ផ្លូវ​ដើរ​សម្រាប់​អ្នក​ថ្មើរ​ជើង​ជាដើម។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​រក្សា​របៀប​រៀបរយ​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ រួម​មាន​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឈប់ ឬ​ចត ឬ​បើកបរ​នៅ​លើ​ចំណី​ផ្លូវ លើកលែង​ចំពោះ​ការ​បើកបរ​ឆ្លងកាត់​ចំណី​ផ្លូវ​កម្រាល​ការ៉ូឡា​ចូល​ទៅ​ក្នុង​ផ្ទះ ឬ​ដី​កម្មសិទ្ធិ ឬ​អគារ​ផ្សេងៗ​ដែល​មាន​ចំណត​របស់​ខ្លួន​តែប៉ុណ្ណោះ។

ម្ចាស់​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវ​រៀបចំ​ចំណត​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់​ខ្លួន ចៀសវាង​ការ​យក​ចំណី​ផ្លូវ ឬ​ទ្រូងផ្លូវ​ធ្វើជា​ចំណត​យានយន្ត។ មិន​អនុញ្ញាត​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដូចជា​ការ​ដាក់​លក់​ចំណី​អាហារ ការ​ដាក់​តាំង​សម្ភារៈ​លក់ដូរ និង​ការ​ប្រើប្រាស់​បម្រើ​ផ្លូវ​ក្នុង​ន័យ​បម្រើ​ដល់​បុគ្គល​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ ម្ចាស់​យានយន្ត​ភាគច្រើន​បាន​បន្ត​យក​យានយន្ត​របស់​ខ្លួន​មក​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ក្រុង​ព្រះសីហនុ នាំ​ឲ្យ​ផ្លូវ​ចង្អៀត​ណែន​ដដែល។ ជាង​នេះ​ទៀត ក៏​ឃើញ​មាន​អាជីវករ​មួយ​ចំនួន​បាន​បន្ត​យក​សម្ភារៈ​ផ្សេងៗ​មក​ដាក់​តាំង​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ជាពិសេស​នៅ​លើ​ផ្លូវ​ថ្មើរ​ជើង បាន​បន្ត​កើត​មាន ហើយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិនទាន់​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស