ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អះអាងថា រយៈពេលជាង ១១ខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញចូលសរុបប្រមាណជាង ១លាន ៣សែននាក់ (១,៣២លាននាក់) និងជាង ១ម៉ឺនជើងហោះហើរ (១៤៧០០ជើងហោះហើរ)។
ប្រធានក្រុមហ៊ុន Yu Nan Air Investment Cambodia Airport Management លោក ស៊ូ បូ បានលើកឡើងនៅក្នុងពិធីអបអរសាទរខួប ១ឆ្នាំនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររំពឹងថានឹងទទួលបានអ្នកដំណើរចេញចូលប្រមាណ ២សែននាក់ទៀតនៅដំណាច់ឆ្នាំ២០២៤ នេះ។
ប្រភពដដែលលើកឡើងថា ជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានការហោះហើរចំនួន ៤០ជើងក្នុងមួយថ្ងៃៗ ដែលមានអ្នកដំណើរប្រមាណជាង ៣ពាន់នាក់ (៣៦២០នាក់) ដែលជាអត្រាធម្មតាក្នុងទិសដៅហោះហើរទៅកាន់ ៨ប្រទេស និង ១៥ទីក្រុង ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ទៅកាន់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
លោក ស៊ូ បូ បញ្ជាក់ថា ក្រុមហ៊ុនបានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដោយធ្វើការទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដូចជា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍តួកគី ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត ដើម្បីឆ្លើយតបនឹងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ដើម្បីស្ដារឡើងវិញនៃទីផ្សារទេសចរណ៍ខេត្តសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរជាផ្លូវការចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មក ក្រោមគម្រោងទទួលអ្នកដំណើរ ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៤ និងឈានទៅទទួលអ្នកដំណើរឱ្យបាន ១២លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣០ ឡើងទៅ។
កាលពីពេលកន្លងទៅ នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងថា វត្តមានព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប នឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទៅថ្ងៃអនាគត។
ទាក់ទិននឹងបញ្ហានេះ គេហទំព័របរទេសមួយបានចុះផ្សាយពីចំនួនជើងហោះហើរពីបរទេសទៅកាន់ប្រទេសកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០២៤ នេះថា ក្នុងរយៈពេល ១ខែ ចាប់ពីអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ជើងយន្តហោះដែលគ្រោងហោះហើរទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ (Schedule Flights) មានចំនួន ៤៦៦ជើងហោះហើរ ប៉ុន្តែជើងយន្តហោះដែលទៅដល់ប្រទេសកម្ពុជាជាក់ស្តែង (Track Flights) មានចំនួនត្រឹមតែ ២៧៤ជើងហោះហើរប៉ុណ្ណោះ គឺខកខានអស់ជិត ២០០ជើងហោះហើរ (១៩២ជើងហោះហើរ)។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះពីសភាពស្ងប់ស្ងាត់របស់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ព្រោងព្រាត ដែលក្នុងវីដេអូទាំងនោះបង្ហាញថា គ្មានភ្ញៀវទេសចរធ្វើដំណើរក្នុងព្រលានយន្តហោះនេះសូម្បីតែម្នាក់នៅថ្ងៃខ្លះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងកាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាធ្លាក់ចុះ មិនមែនជារឿងចម្លែកទេ ព្រោះកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើឧក្រិដ្ឋកម្មខ្ពស់បំផុត ដូច្នេះហើយបានជាភ្ញៀវទេសចរបែរជានាំគ្នាទៅលេងប្រទេសថៃ និងវៀតណាម ព្រោះប្រទេសទាំងនេះអាចធានាសន្តិសុខសម្រាប់ពួកគេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

