រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់យានយន្ត និងប្រជាពលរដ្ឋទាំងឡាយណាដែលយកសម្ភារៈទៅដាក់តាំងប្រកបអាជីវកម្ម និងចតយានយន្តលើចិញ្ចើមផ្លូវ ធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់ សោភណភាព និងរំខានដល់អ្នកធ្វើដំណើរថ្មើរជើង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដោយដាក់បម្រាមមិនឲ្យប្រជាពលរដ្ឋ ឬអាជីវករយកចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ ដើម្បីប្រកបអាជីវកម្ម និងចតយានយន្តរបស់ខ្លួននោះទេ ដោយចាត់ទុកថានាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ សោភណភាព និងធ្វើឱ្យគ្មានចំណីផ្លូវដើរសម្រាប់អ្នកថ្មើរជើងជាដើម។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរក្សារបៀបរៀបរយនៅក្នុងក្រុងទេសចរណ៍មួយនេះ រួមមានមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឈប់ ឬចត ឬបើកបរនៅលើចំណីផ្លូវ លើកលែងចំពោះការបើកបរឆ្លងកាត់ចំណីផ្លូវកម្រាលការ៉ូឡាចូលទៅក្នុងផ្ទះ ឬដីកម្មសិទ្ធិ ឬអគារផ្សេងៗដែលមានចំណតរបស់ខ្លួនតែប៉ុណ្ណោះ។
ម្ចាស់អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំចំណតយានយន្តឱ្យបានត្រឹមត្រូវសម្រាប់អតិថិជនរបស់ខ្លួន ចៀសវាងការយកចំណីផ្លូវ ឬទ្រូងផ្លូវធ្វើជាចំណតយានយន្ត។ មិនអនុញ្ញាតឱ្យម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន យកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម ដូចជាការដាក់លក់ចំណីអាហារ ការដាក់តាំងសម្ភារៈលក់ដូរ និងការប្រើប្រាស់បម្រើផ្លូវក្នុងន័យបម្រើដល់បុគ្គលនោះទេ។
ទោះជាបែបនេះក្តី គេសង្កេតឃើញថា រាល់ថ្ងៃនេះ ម្ចាស់យានយន្តភាគច្រើនបានបន្តយកយានយន្តរបស់ខ្លួនមកចតនៅលើចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងព្រះសីហនុ នាំឲ្យផ្លូវចង្អៀតណែនដដែល។ ជាងនេះទៀត ក៏ឃើញមានអាជីវករមួយចំនួនបានបន្តយកសម្ភារៈផ្សេងៗមកដាក់តាំងលក់ដូរនៅលើចិញ្ចើមផ្លូវ ជាពិសេសនៅលើផ្លូវថ្មើរជើង បានបន្តកើតមាន ហើយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៅមិនទាន់មានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងឲ្យមានប្រសិទ្ធភាពនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១៕