31.8 C
Phnom Penh

តុលាការ​អនុវត្ត​ដីកា​លក់​ទីស្នាក់ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​សម្រេច​លក់​អតីត​ទីស្នាក់ការ​ដ៏​ធំ​របស់​អតីត​គណបក្ស​ប្រឆាំង​នៅ​ចាក់អង្រែលើ ដើម្បី​បង្ខំ​ឱ្យ​លោក សម រង្ស៊ី សង​បំណុល​ទៅ​ម្ចាស់បំណុល​ដែល​ជា​ភាគី​រដ្ឋាភិបាល​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

នៅ​ថ្ងៃ​ចន្ទ ទី​១៥ វិច្ឆិកា នេះ ចៅក្រម​អនុវត្ត​របស់​តុលាការ​ក្រុង​ភ្នំពេញ គឺ​លោក អ៊ឹម វណ្ណៈ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​យក​ដីកា​ទៅ​បិទ​នៅ​នឹង​ទីស្នាក់ការ​គណបក្ស​ប្រឆាំង ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ។ តាមរយៈ​ដីកា​នេះ លោក អ៊ឹម វណ្ណៈ បាន​ប្រកាស​លក់​ដោយ​បង្ខំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ផ្ទះ​របស់​លោក សម រង្ស៊ី ដើម្បី​យក​ទៅ​ទូទាត់​សង​ម្ចាស់បំណុល។

ប្រតិកម្ម​នឹង​សេចក្តី​សម្រេច​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ពេលនេះ​ថា ធ្វើឡើង​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ មិន​តែប៉ុណ្ណោះ ប្រភព​ដដែល​បាន​លើកឡើង​ថា នេះ​ជា​ការ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន ខណៈ​សម្ពាធ​ពី​អន្តរជាតិ​ចំពោះ​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​ធ្លាក់​ចុះ​មក​ជា​បន្តបន្ទាប់។

គណបក្ស​ប្រឆាំង បាន​ចាត់ទុក​ថា ដីកា​ប្រកាស​លក់​ដោយ​បង្ខំ​នេះ​ជា​របៀប​ប្លន់​អំណាច និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​នីតិបុគ្គល ក្នុង​ពេល​ដែល​ខ្លួន​ប្រកាស​ថា​កំពុង​ជំរុញ​ឱ្យ​មាន​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​លោក សម រង្ស៊ី នឹង​ទាមទារ​កម្មសិទ្ធិ​ឯកជន​ដែល​មាន​ប្លង់​រឹង​របស់​លោក​មក​វិញ​នៅ​ពេល​ណា​ដែល​លោក​បាន​វិល​ទៅ​ប្រទេស​កម្ពុជា។

តាមរយៈ​ដីកា​របស់​លោក អ៊ឹម វណ្ណៈ ដែល​ជា​ចៅក្រម​អនុវត្ត​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចាត់ទុក​ថា​ជា​ម្ចាស់បំណុល​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​នេះ គឺ​មាន ៤​ភាគី ក្នុង​នោះ​មាន៖

  • លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី
  • លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
  • លោក ហេង សំរិន ប្រធាន​រដ្ឋសភា
  • និង​ភាគី​មួយ​ទៀត គឺ​រដ្ឋាភិបាល។

ចំណែក​លោក សម រង្ស៊ី និង​ភរិយា គឺ​លោកស្រី ជូឡុង សូមូរ៉ា គឺជា​កូនបំណុល។

ដីកា​បន្ថែម​ទៀត​ថា កម្មវត្ថុ​នៃ​ដីកា​នេះ​គឺ​សុំ​ឱ្យ​អនុវត្ត​តាម​វិធាន​បង្ខំ​ដោយ​ផ្ទាល់ និង​លក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​លោក សម រង្ស៊ី ជា​កូនបំណុល​មាន​ភារកិច្ច​សង​បំណុល​ទៅ​តាម​អំណាច​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

លើស​ពី​នេះ​ទៀត តាមរយៈ​ដីកា​នេះ ក៏​បាន​បង្គាប់​ឱ្យ​កូនបំណុល​ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ត្រូវ​សង​បំណុល​ទៅ​ម្ចាស់បំណុល​ដែល​មាន​ដូចជា​លោក ហ៊ុន សែន បាន​ទាមទារ​ទឹកប្រាក់​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក លោក ស ខេង ប្រមាណ ៥០​ម៉ឺន​ដុល្លារ លោក ហេង សំរិន ជាង ៦​ម៉ឺន​ដុល្លារ និង​ភាគី​ដើម​បណ្តឹង​មួយ គឺ​រដ្ឋាភិបាល​ប្រមាណ​ជាង ៤៥​ម៉ឺន​ដុល្លារ។

កាលពី​ខែ​មីនា ឆ្នាំ​២០២១ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ដោយ​កំបាំង​មុខ​ប្រឆាំង​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ពី​បទ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល»។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២២​ឆ្នាំ ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ៦​រូប​ផ្សេង​ទៀត ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២០​ឆ្នាំ។

បើ​តាម​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី អះអាង​ថា តាម​ពិត ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ផ្ទះ​របស់​លោក សម រង្ស៊ី ដែល​ជួល​ឱ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស