អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ចាត់ទុកការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ថាគណបក្សបេះដូងជាតិ ជាគណបក្សកើតចេញពីគណបក្សសង្គ្រោះជាតិ ហើយបានក្លែងបន្លំស្នាមមេដៃសមាជិកបក្សរបស់ខ្លួន គឺជាការចោទប្រកាន់ដែលមិនសមហេតុផល ខណៈអ្នកវិភាគបង្ហាញទស្សនៈអវិជ្ជមានថា អ្នកនយោបាយទាំងនោះមិនគួរខ្វល់ខ្វាយពីរឿងបើកបក្សថ្មីនោះទេក្នុងកាលៈទេសៈនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា រដ្ឋអំណាចលោក ហ៊ុន សែន បានចោទប្រកាន់អ្នកដែលបានដាក់ពាក្យសុំបង្កើតគណបក្សបេះដូងជាតិ ថាធ្វើការឲ្យគណបក្សសង្គ្រោះជាតិ ព្រមទាំងបានក្លែងបន្លំស្នាមមេដៃដែលបានប្រមូលដើម្បីបំពេញបែបបទ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដ។
លោក សម រង្ស៊ី អះអាងថា ប្រសិនបើគណបក្សបេះដូងជាតិកើតចេញមកពីគណបក្សសង្គ្រោះជាតិ មែននោះ គណបក្សបេះដូងជាតិ មិនពិបាកប្រមូលស្នាមមេដៃពីអ្នកគាំទ្រឱ្យគ្រប់ចំនួន ៥ពាន់នាក់នោះទេ ពីព្រោះគណបក្សសង្គ្រោះជាតិមានអ្នកគាំទ្រយ៉ាងតិច ៣លាននាក់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ មក ដូច្នេះការចោទថាគណបក្សនេះកើតចេញពីគណបក្សសង្គ្រោះជាតិ និងបានបន្លំស្នាមមេដៃដើម្បីបង្កើនសមាជិកខ្លួនឯងនោះ គឺជាការចោទប្រកាន់ដែលមិនអាចទទួលយកបាននោះទេ។
ការអះអាងរបស់អតីតមេបក្សប្រឆាំងរូបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានសម្រេចច្រានចោលការស្នើសុំចុះឈ្មោះគណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយ ដោយចោទប្រកាន់ថា បក្សនេះប្រព្រឹត្តផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បដិសេធសំណើចុះឈ្មោះរបស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយ និងសម្រេចប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការថែមទៀត ក្រោយរកឃើញស្នាមមេដៃរបស់សមាជិកគណបក្សនេះចំនួនជាង ៤ពាន់នាក់ថាជាស្នាមមេដៃក្លែងបន្លំ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា អ្នកនយោបាយ និងអតីតមន្ត្រីបក្សប្រឆាំងនាំគ្នាចេញទៅបើកបក្សថ្មីដូចសព្វថ្ងៃនេះ គ្រាន់តែជាយុទ្ធនាការចូលរួមដង្ហែការបោះឆ្នោតដ៏អយុត្តិធម៌មួយដែលរដ្ឋាភិបាលលោក ហ៊ុន សែន រៀបចំទុក ដើម្បីសម្ដែងឲ្យល្អមើលប៉ុណ្ណោះ ប៉ុន្តែមិនបានចូលរួមស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ។
អ្នកវិភាគរូបនេះចោទសួរថា តើក្រុមប្រឆាំងគួរនាំគ្នាស្របតាមបក្សកាន់អំណាចដែលបានរំលាយគណបក្សសង្គ្រោះជាតិដែរទេ ឬត្រូវប្រមូលគ្នាជាកម្លាំងធំមួយដើម្បីតវ៉ាជាសាធារណៈឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ?
លោក គឹម សុខ លើកឡើងថា បើពួកគេនាំគ្នាទៅបើកបក្សថ្មី គឺស្នើនឹងធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន ដែលបានរំលាយបក្សប្រឆាំងដ៏ធំរបស់ខ្លួនកាលពីពេលកន្លងទៅទាំងស្រុង ខណៈការរំលាយនោះត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថាជារឿងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់បក្សប្រឆាំងមួយនេះ។
លោក គឹម សុខ លើកឡើងថា បើគង់តែគេរារាំងការចាប់កំណើតបក្សថ្មីដែលមានមន្ត្រីបក្សប្រឆាំងនៅពីក្រោយដដែល ជម្រើសល្អបំផុតគឺការបង្ហាញជំហរម៉ឺងម៉ាត់ទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រោះថាប្រជាពលរដ្ឋខ្មែរនៅតែរង់ចាំតែក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញប៉ុណ្ណោះ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ហេតុអ្វីបានជាក្រុមមន្ត្រីទាំងនេះមិនរក្សាជំហរទាមទារឲ្យបក្សរបស់ខ្លួនរស់ឡើងវិញបែបនេះ។
អនុប្រធានក្រុមប្រឹក្សាភិបាល PMD រូបនេះបញ្ជាក់ថា កាលៈទេសៈនេះគឺជាឱកាសល្អសម្រាប់ពួកគេធ្វើការទាមទារទ្រង់ទ្រាយធំ និងបើកចំហឲ្យកាន់តែទូលំទូលាយហើយ ព្រោះថាកម្ពុជានៅពេលនេះកំពុងត្រៀមខ្លួនដឹកនាំអាស៊ាន ក្នុងឆ្នាំ២០២២ ខាងមុខ ដូច្នេះក្នុងនាមជាប្រទេសដឹកនាំប្រទេសក្នុងតំបន់ គឺត្រូវតែជាប្រទេសដែលមានគំរូល្អ ដើម្បីបង្ហាញដល់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតនូវការដឹកនាំដ៏ត្រឹមត្រូវរបស់ខ្លួន ដូច្នេះក្រុមប្រឆាំងគួរតែក្តាប់ឱកាសនេះឲ្យបាន។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការនាំគ្នាទៅបើកបក្សនយោបាយថ្មីៗ គ្រាន់តែបម្រើល្បែងនយោបាយរបស់បក្សកាន់អំណាចដែលគេរៀបខ្សែញាក់តាមក្រសួងមហាផ្ទៃប៉ុណ្ណោះ ព្រោះថាការសម្រេចប្តឹងគណបក្សបេះដូងជាតិ ថាបានក្លែងបន្លំស្នាមម្រាមដៃគ្រាន់តែជាការអះអាងរបស់រដ្ឋាភិបាលឯកបក្សដែលតែងតែប្រើល្បិច ដើម្បីយកឈ្នះគូប្រជែងនយោបាយខ្លួនលើគ្រប់មធ្យោបាយតែប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា គណបក្សថ្មីៗក៏មានវាសនាមិនខុសពីគណបក្សបេះដូងជាតិដែរ ត្បិតនៅពេលគណបក្សណាមួយក្លាយជាគូប្រជែងរបស់បក្សកាន់អំណាចហើយនោះ ក្រសួងមហាផ្ទៃនឹងប្រើលេសមិនចេះចប់របស់ខ្លួនចោទប្រកាន់ដូចជាគណបក្សបេះដូងជាតិ ជាមិនខាន ព្រោះថាការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ មិនដែលបង្ហាញពីតម្លាភាពក្នុងការគ្រប់គ្រងគណបក្សនយោបាយកន្លងមកនោះទេ។
យ៉ាងណាក៏ដោយ នៅពេលនេះក្រុមមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី បានបង្វែរការគាំទ្រពីគណបក្សបេះដូងជាតិ ទៅជ្រោមជ្រែងគណបក្សភ្លើងទៀន ដែលជាអតីតបក្សចាស់របស់ខ្លួនវិញម្តង ដោយសកម្មជនឆ្នើមភាគីលោក សម រង្ស៊ី នាំគ្នាសរសេរលើបណ្ដាញសង្គម Facebook ថា តោះយើងនាំគ្នាត្រឡប់ទៅទ្រនំភ្លើងទៀនចាស់យើងវិញ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ខណៈគណបក្សសង្គ្រោះជាតិនៅតែត្រូវពួកគេទុកចោលដដែល។
គណបក្សនយោបាយដែលបង្កើតឡើងថ្មីៗដោយអតីតមន្ត្រីបក្សប្រឆាំងមាន ៥គណបក្សហើយ រួមមាន៖
- គណបក្សខ្មែរស្រឡាញ់ជាតិ
- គណបក្សឆន្ទៈខ្មែរ
- គណបក្សខ្មែរអភិរក្ស
- គណបក្សកែទម្រង់កម្ពុជា
- និងគណបក្សកម្ពុជានិយម
ដោយឡែកគណបក្សបេះដូងជាតិ ត្រូវគេអះអាងថាមានអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី នៅពីក្រោយ និងត្រូវក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជីឈ្មោះជាផ្លូវការហើយនៅពេលនេះ៕