អ្នកជំនាញការទូតអន្តរជាតិ លោក សេង វណ្ណលី អំពាវនាវឱ្យអ្នកនយោបាយខ្មែរប្រុងប្រយ័ត្ននូវការប្រកួតប្រជែងនយោបាយក្នុងការដាក់ចេញនូវវិធានការកម្ទេច ឬសកម្មភាពប្រឆាំងណាមួយរវាងខ្មែរ និងខ្មែរ ក្នុងពេលដែលប្រទេសជាតិកំពុងរងនូវការឈ្លានពានពីប្រទេសថៃ។
លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០១ កក្កដា នេះថា ការបែកបាក់ផ្ទៃក្នុងជាតិ នឹងធ្វើឲ្យប្រទេសទាំងមូលរងហានិភ័យ ក៏ដូចជាការបើកឱកាសឲ្យសត្រូវខាងក្រៅឈ្លានពានទឹកដីបានដោយងាយដែរ។
លោកព្រមានថា ការសម្រេចចិត្តរបស់អ្នកនយោបាយខ្មែរ ត្រូវតែឈរលើស្មារតីឯកភាពជាតិ ទើបនាំមកនូវភាពជោគជ័យរួមសម្រាប់ជាតិ។ លោកថា នាពេលនេះ មេដឹកនាំរដ្ឋាភិបាល ក៏ដូចជាមេដឹកនាំប្រឆាំង ត្រូវសួរខ្លួនឯងថា តើនេះជាពេលវេលាល្អសម្រាប់កម្ទេច ឬជំរុញឲ្យមានការប្រឆាំងគ្នាឯងដែរឬទេ?
លោកបន្តថា តើជម្លោះផ្ទៃក្នុង នឹងផ្តល់ផលចំណេញអ្វីខ្លះដល់ជាតិ? តើសកម្មភាពនយោបាយរបស់ខ្លួន នឹងជំរុញឲ្យមានអរិភាព និងការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ឬយ៉ាងណា?
គេសង្កេតឃើញថា អ្នកនយោបាយខ្មែរនៅតែបន្តប្រើសកម្មភាពនយោបាយរបស់ខ្លួនផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមក ក្នុងនោះ លោក ហ៊ុន សែន ព្រមានកែច្បាប់ដកសញ្ជាតិខ្មែរពីក្រុមប្រឆាំង បើពួកគេហ៊ានគប់គិតជាមួយថៃ ខណៈក្រុមប្រឆាំងក៏ចេះតែបន្តវាយប្រហារលោក ហ៊ុន សែន ដែលហាក់ដូចជាកំពុងជួយថៃ ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះរឿងព្រំដែនជាមួយថៃ នាពេលនេះដែរ។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ មិថុនា ថា ទម្លាប់អាក្រក់របស់អ្នកនយោបាយខ្មែរមួយចំនួនតែងយកបញ្ហាព្រំដែនធ្វើជាប្រធានបទ ដើម្បីទាញយកប្រជាប្រិយភាពនយោបាយសម្រាប់ខ្លួនឯង។
លោក ហ៊ីង សុខសាន្ត អះអាងថា ក្នុងនាមជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរ ត្រូវតែគិតពីផលប្រយោជន៍របស់ជាតិខ្មែរ នៅពេលដែលប្រទេសជាតិមានបញ្ហាជាមួយប្រទេសជិតខាង ដូចជា ថៃ ក្នុងពេលនេះជាដើម ដោយមិនត្រូវលូកដៃទៅជួយបរទេសដើម្បីបំផ្លាញជាតិឯងនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកបន្តថា ក្នុងន័យនេះ ទាំងអ្នកនយោបាយមាននិន្នាការផ្ទុយ និងពលរដ្ឋខ្មែរទាំងអស់ ត្រូវតែរួមចិត្តរួមថ្លើមជាមួយរដ្ឋាភិបាល ប្រឆាំងបរទេសឈ្លានពានដាច់ខាត មិនត្រូវឆ្លៀតឱកាសក្នុងពេលប្រទេសជាតិមានបញ្ហា បែរជានាំគ្នាបើកដៃឱ្យសត្រូវកម្ទេចជាតិឯងដើម្បីតែការប្រកួតប្រជែងនយោបាយផ្ទាល់ខ្លួននោះឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

