ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាថ្ងៃខួប ៤ឆ្នាំនៃសោកនាដកម្មដ៏ធំរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជា ដែលលោក ហ៊ុន សែន បានរំលោភរដ្ឋធម្មនុញ្ញកែច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។
ក្រុមមន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេនៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់នីតិសម្បទាឲ្យគណបក្សសង្គ្រោះជាតិឡើងវិញ និងទម្លាក់ចោលការចោទប្រកាន់មកលើមេដឹកនាំរបស់ខ្លួន គឺលោក កឹម សុខា។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដែលជាថ្ងៃខួប ៤ឆ្នាំដែលតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយគណបក្សសង្គ្រោះជាតិ។ ក្រុមនេះអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តដាក់គំនាបលើរដ្ឋាភិបាលលោក ហ៊ុន សែន បន្តទៀត ដើម្បីឲ្យរដ្ឋាភិបាលឯកបក្សមួយនេះគោរពនូវលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមមាន ត្រូវតែផ្តល់សេរីភាពពេញលេញ និងទម្លាក់ចោលការចោទប្រកាន់មកលើប្រធានគណបក្សរបស់ខ្លួន គឺលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ដោយឥតលក្ខខណ្ឌ។
ប្រភពដដែលទាមទារឲ្យរដ្ឋាភិបាល ត្រូវតែផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងការបោះជំហានទៅរកការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យខាងតែបាន ដើម្បីឆ្ពោះទៅរកការបោះឆ្នោតដោយទូលំទូលាយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលក្រុងភ្នំពេញ ប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្រសាសន៍របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងសម្រេចព្យួរសិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨រូបរយៈពេល ៥ឆ្នាំ ព្រមទាំងរំលាយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥០០៧នាក់របស់បក្សនេះថែមទៀត ខណៈមេដឹកនាំប្រឆាំង លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងចាប់ឃុំខ្លួនមិនឲ្យមានសេរីភាពរហូតដល់សព្វថ្ងៃនេះ។
មជ្ឈដ្ឋានជាតិ និងអន្តរជាតិ សម្ដែងការមិនពេញចិត្ត និងរិះគន់រដ្ឋាភិបាលឯកបក្សបច្ចុប្បន្នលើបញ្ហានេះយ៉ាងខ្លាំង រហូតឈានដល់ការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនថែមទៀត។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ វិច្ឆិកា នេះថា សេចក្តីថ្លែងការណ៍របស់មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស គ្រាន់តែបង្ហាញពីភាពមិនច្បាស់លាស់នៃការដឹកនាំរបស់ខ្លួនប៉ុណ្ណោះ ព្រោះថាពលរដ្ឋនៅតែមិនទាន់ដឹងច្បាស់នៅឡើយថា តើលោក សម រង្ស៊ី រក្សាគោលជំហរនយោបាយបែបណាឱ្យប្រាកដនោះ? តើត្រូវទាមទារឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ឬបើកបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតជាមួយបក្សកាន់អំណាចឆ្នាំ២០២២ ខាងមុខនេះ។
លោក មាជ សុវណ្ណារ៉ា អះអាងថា សម្រាប់ខួប ៤ឆ្នាំនៃការរំលាយបក្សប្រឆាំងនេះ លោកអំពាវនាវឱ្យពលរដ្ឋខ្មែររក្សាស្មារតីផ្លាស់ប្ដូរដោយសន្តិវិធី និងអហិង្សា ក៏ដូចជាដើម្បីបញ្ចៀសនូវការចោទប្រកាន់ និងចាប់ឃុំខ្លួនពីរដ្ឋាភិបាលឯកបក្សចំពោះការចូលរួមអនុវត្តផែនការនយោបាយមួយមិនច្បាស់លាស់ និងបង្កគ្រោះថ្នាក់ដល់ខ្លួន និងគ្រួសារដូចដែលធ្លាប់កើតមានកន្លងមក។

ចំណែកសកម្មជនប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ វិច្ឆិកា នេះផងដែរថា មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស រួមទាំងលោក សម រង្ស៊ី ផង មិនហ៊ានប្រកាសដើរចេញពីស្មារតីគណបក្សសង្គ្រោះជាតិដោយបើកចំហនោះទេ ដើម្បីចៀសវាងការថ្កោលទោសពីអ្នកគាំទ្រគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសដែលនៅតែរក្សាជំហរជឿជាក់នៃការផ្លាស់ប្ដូរលើគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន។
សកម្មជនរូបនេះលើកឡើងថា ខួប ៤ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ប្រធានបក្សដាក់គុកទាំងបំពាន គឺជាមហាសោកនាដកម្មមួយនៅក្នុងសង្គមនយោបាយខ្មែរ ដែលបង្កឡើងដោយគណបក្សកាន់អំណាចសព្វថ្ងៃនេះ ដូច្នេះដើម្បីបង្ហាញពីការរួបរួមដោយទឹកចិត្តស្មោះត្រង់របស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី លើស្មារតីសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវតែធ្វើសកម្មភាពប្រមូលអ្នកគាំទ្រដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យជូនពលរដ្ឋខ្មែរឡើងវិញ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញបានប្រកាសលក់ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិដោយបង្ខំ ដើម្បីយកលុយមកសងដើមបណ្ដឹងដែលរួមមាន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន សែន លោក ស ខេង ដែលមានទំហំទឹកប្រាក់ ២៥០លានរៀល។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា បើទោះបីជាគណបក្សសង្គ្រោះជាតិនៅពេលនេះត្រូវបាត់បង់មេដឹកនាំក៏ដោយ ប៉ុន្តែស្មារតីស្រឡាញ់ប្រជាធិបតេយ្យ និងយុត្តិធម៌របស់ពលរដ្ឋនៅមូលដ្ឋានដែលគាំទ្របក្សនេះ មិនបានបាត់បង់ឡើយ ហើយកម្លាំងដែលចង់ផ្លាស់ប្ដូរទម្រង់ដឹកនាំរបស់បក្សកាន់អំណាចបច្ចុប្បន្ន គឺនៅតែក្តៅគគុកដដែល៕