លោក ហ៊ុន សែន សម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នៅខែមករា ឆ្នាំ២០២២ ខាងមុខឲ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈក្រុមអ្នកឃ្លាំមើលសិទ្ធិការងារនៅកម្ពុជាមើលឃើញថា ចិនគ្រាន់តែចាត់ទុកកម្ពុជាជាទីផ្សារនាំចេញរបស់ខ្លួនតាមមធ្យោបាយនានា ដើម្បីផលចំណេញរបស់គេតែប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា កម្ពុជា-ចិនបានពិភាក្សាគ្នាពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
បុរសខ្លាំងនៅកម្ពុជាអះអាងថា រដ្ឋាភិបាលចិនបានយល់ស្របក្នុងការជំរុញឲ្យមានការសហការគ្នារវាងភាគីទាំងពីរ ដើម្បីនាំអង្ករ និងកសិផលនានារបស់កម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់ តាមរយៈការបង្កើតយន្តការរួមគ្នាមួយ គឺត្រូវនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលកម្ពុជាអាចធ្វើបាន។
លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ រដ្ឋាភិបាលប្រជាមានិតចិននឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដែលជាជំនួយដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងនៅពេលដែលកម្ពុជាដើរតួនាទីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ ធ្វើឡើងដើម្បីបង្ហាញពីចំណងមិត្តភាពកម្ពុជា-ចិនក្នុងការសហការជាដៃគូពាណិជ្ជកម្ម និងជាមិត្តដែកថែបយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ខ្លួនទៅថ្ងៃមុខ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង (Li Keqiang) តាមប្រព័ន្ធវីដេអូដែលបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករា ឆ្នាំ២០២២ ខាងមុខឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារអាមេរិកក្នុង ១ឆ្នាំ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ វិច្ឆិកា នេះថា ការធ្វើឲ្យមានពាណិជ្ជកម្មសេរី FTA គឺជារឿងល្អហើយសម្រាប់កម្ពុជា ប៉ុន្តែចំពោះលក្ខខណ្ឌពាណិជ្ជកម្មរវាងចិន និងកម្ពុជា គឺជាការសហការមួយដែលមិនស្មើមុខគ្នាទាល់តែសោះ ព្រោះថាចិនទំនងគ្រាន់តែចាត់ទុកកម្ពុជាជាទីផ្សារសម្រាប់នាំចេញរបស់ខ្លួនទៅកម្ពុជាផង និងជាកន្លែងដែលចិនអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបផងប៉ុណ្ណោះ ដោយពឹងលើលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីសហគមន៍អឺរ៉ុបសព្វថ្ងៃនេះ។
លោកបន្តថា ប្រទេសចិន គឺជាប្រទេសដែលនាំចេញដ៏ធំមួយដែរ ដូច្នេះក្នុងការស្វែងរកដៃគូពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសជាមិត្ត ចិនក៏សម្លឹងមើលពីផលចំណេញរបស់ខ្លួនពីការនាំចេញទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មផងដែរ។ ដូច្នេះ កម្ពុជាគួរតែពិចារណាពីលទ្ធភាពដែលខ្លួនអាចធ្វើបានក្នុងនាមជាដៃគូពាណិជ្ជកម្មជាមួយចិនទៅថ្ងៃមុខ ខណៈទំនិញចិនដែលហូរចូលទៅកម្ពុជា គឺច្រើនមុខច្រើនប្រភេទ និងមានទំហំច្រើនលើសលប់ជាងកម្ពុជានាំទៅកាន់ប្រទេសចិន ដូចដែលធ្លាប់មាននាពេលកន្លងមក។
លោក មឿន តុលា បញ្ជាក់ថា កម្ពុជានៅតែអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនបាន ប៉ុន្តែត្រូវតែសិក្សាឲ្យបានច្បាស់លាស់លើផលិតផលនាំចេញរបស់ខ្លួនថា តើមុខទំនិញអ្វីខ្លះដែលខ្លួនអាចនាំចេញទៅចិនបានច្រើនបំផុត ចៀសវាងការចុះកិច្ចព្រមព្រៀងមួយដែលគ្រាន់តែបម្រើផលប្រយោជន៍ឲ្យគេ ខណៈខ្លួនឯងទទួលបានផលតិចតួចពីការសហការនេះ។
កាលពីចុងឆ្នាំ២០២០ ចិននិងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់មានចំនួន ១ពាន់លានដុល្លារ ប៉ុន្តែការនាំចូលពីចិនវិញមានទំហំទឹកប្រាក់ដល់ទៅជិត ៧ពាន់លានដុល្លារឯណោះ ហើយទំនិញដែលនាំពីចិននោះ គឺមានច្រើនប្រភេទ ដូចជាសម្ភារៈសំណង់ ជាដើម រីឯទំនិញកម្ពុជានាំចូលទៅចិនវិញ ភាគច្រើនជាផលិតផលកសិកម្មតែប៉ុណ្ណោះ៕