សាលាដំបូងក្រុងភ្នំពេញ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ១៤រូប នៅថ្ងៃពុធ នេះ ដែលនាំឲ្យក្រុមសិទ្ធិមនុស្សក្នុងស្រុកសម្ដែងការខកចិត្តជាខ្លាំង។
សាលាដំបូងក្រុងភ្នំពេញ បានបើកសវនាការលើសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៤រូបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លើសំណុំរឿងព្រហ្មទណ្ឌដែលបានចោទប្រកាន់សកម្មជនបក្សប្រឆាំងទាំងនោះពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា សំណុំរឿងសកម្មជនបក្សប្រឆាំងដែលបើកសវនាការនាពេលកន្លងមក គឺសុទ្ធតែពាក់ព័ន្ធនឹងផែនការ ៩ វិច្ឆិកា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ហើយជនជាប់ចោទដែលត្រូវកោះហៅឲ្យចូលខ្លួនមានចំនួនសរុប ១៣៩រូប ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤រូបប៉ុណ្ណោះ។
ការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ ធ្វើឡើងក្រោយពីសកម្មជនបក្សប្រឆាំងបានដាក់ពាក្យស្នើសុំនៅក្រៅឃុំកាលពីពេលកន្លងទៅ ក្រោមហេតុផលសុខភាពមិនអំណោយផល។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំនៅក្រៅឃុំតាមរយៈមេធាវីរបស់ខ្លួន គឺលោក សំ សុគង់ មានចំនួន ១៤នាក់ ត្រូវបានបើកសវនាការនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះរួមមាន លោក កាក់ គុម្ភារ លោក ងិន ឃាង និងសកម្មជនបក្សនេះជាច្រើនរូបផ្សេងទៀតដែលត្រូវបានចោទប្រកាន់ក្នុងបទល្មើសរួមគំនិតក្បត់ដូចគ្នា ប៉ុន្តែត្រូវតុលាការបដិសេធសំណើរបស់ពួកគេទាំងស្រុង។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមាជិកបក្សប្រឆាំងចំនួន ១៣៩នាក់ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយដីកាកោះហៅនោះត្រូវបានសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ការស្នើសុំនៅក្រៅឃុំរបស់សកម្មជននយោបាយបក្សប្រឆាំងទាំងនោះមានហេតុផលសមរម្យ ដោយសារតែមានសកម្មជនខ្លះមានជំងឺប្រចាំកាយក្នុងអំឡុងពេលដែលពួកគេត្រូវបានឃុំខ្លួន។
លោកបន្តថា ការបដិសេធរបស់តុលាការលើសំណើសុំនៅក្រៅឃុំបែបនេះ បង្ហាញឲ្យឃើញថា លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាមិនបានធូរស្រាលនោះទេ ដូច្នេះប្រសិនបើមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិលើការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងសិទ្ធិចូលរួមជីវភាពនយោបាយស្របតាមរដ្ឋធម្មនុញ្ញ សូមរដ្ឋាភិបាលកុំច្រានចោលការរិះគន់ទាំងនោះឲ្យសោះ។
លោក ស៊ឹង សែនករុណា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននយោបាយ និងសកម្មជនដទៃទៀតដែលជាអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យពួកគេអាចជួបជុំគ្រួសារ និងចូលរួមកិច្ចការសង្គមបន្តទៀត ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ។ លើសពីនេះ មាត្រា៣៥ ក៏បានចែងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕