តុលាការក្រុងភ្នំពេញចេញដីកាឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះជិត ៥០រូបទៀតចូលសវនាការនៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ខណៈមន្ត្រីការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ទិដ្ឋាការឱ្យមន្ត្រីបក្សប្រឆាំងអាចវិលទៅសវនាការរបស់ពួកគេតាមការកោះហៅរបស់តុលាការនៅពេលនេះ។
សាលាដំបូងក្រុងភ្នំពេញ បានបញ្ជូនដីការបស់ខ្លួនទៅនគរបាលយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា នេះ ដើម្បីជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យទៅចូលសវនាការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលសវនាការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៤២រូប ក្នុងនោះរួមមានអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អនុប្រធានគណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដូចជា លោក អ៊ុំ សំអាន និងមន្ត្រីបក្សប្រឆាំងជាច្រើនរូបផ្សេងទៀត។

កាលពីឆ្នាំ២០១៩ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «ប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងព្រឹត្តិការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា» ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណជាង ១០០នាក់ ដែលត្រូវអាជ្ញាធរកម្ពុជា ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីអ្នកទាំងនោះប្រកាសគាំទ្រផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានអះអាងកាលពីដើមខែមីនា ឆ្នាំ២០២១ ថា ជាទិដ្ឋភាពផ្លូវច្បាប់ គឺគ្រប់ប្រទេសទាំងអស់បានចាត់ទុកផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារថាជាអំពើខុសច្បាប់ដែរ។ ជាងនេះទៀត មានប្រទេសខ្លះទៀតបានចាត់ទុកក្រុមដែលធ្វើផែនការបែបនេះថាជាអង្គការភេរវនិយមទៀតផង។

មន្ត្រី និងសកម្មជនបក្សប្រឆាំងចំនួន ១៣៩នាក់ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពី «បទប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងព្រឹត្តិការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា» កាលពីឆ្នាំ២០១៩ បានបែងចែកទៅជាពីរសំណុំរឿង ហើយករណីនេះ តុលាការបានបើកសវនាការជាច្រើនលើករួចមកហើយ ប៉ុន្តែមិនមានវត្តមានមន្ត្រីបក្សប្រឆាំងទាំងនោះក្នុងសវនាការនោះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ទិដ្ឋាការឱ្យពួកគេអាចវិលទៅប្រទេសកម្ពុជាវិញបាន។
មន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ វិច្ឆិកា នេះថា ដើម្បីធានាភាពយុត្តិធម៌តាមផ្លូវច្បាប់របស់កម្ពុជា រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់ទិដ្ឋាការដល់មន្ត្រីបក្សប្រឆាំងទាំងនោះឱ្យពួកគេអាចវិលមកកម្ពុជាវិញ ដើម្បីចូលរួមដំណើរការសវនាការរបស់ពួកគេតាមការកោះហៅរបស់តុលាការនៅពេលនេះ ជាជាងរារាំងដែលនឹងលេចចេញនូវរូបភាពជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌ដោយសាររឿងនយោបាយ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញដំណើរការសវនាការនេះ ថាប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែយកស្ថាប័នតុលាការដើម្បីយកឈ្នះគូប្រជែងនយោបាយរបស់ខ្លួន នោះនឹងជះឥទ្ធិពលដល់កិត្តិយស និងមុខមាត់នៃប្រព័ន្ធយុត្តិធម៌កម្ពុជាកាន់តែខ្លាំងបន្ថែមទៀត ព្រោះថារដ្ឋាភិបាលគួរតែបែងចែកឱ្យដាច់ពីការដោះស្រាយតាមប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយតាមផ្លូវនយោបាយនូវជម្លោះរបស់ខ្លួនជាមួយបក្សប្រឆាំង ដើម្បីចៀសវាងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិបន្តទៀត។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ដើម្បីស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ កម្ពុជាគួរតែប្រឈមមុខដោះស្រាយវិបត្តិនយោបាយរវាងអ្នកនយោបាយគ្នាឯងឱ្យបានជ្រះស្រឡះ បើមិនដូច្នោះទេ កម្ពុជានៅតែរងឥទ្ធិពលអាក្រក់ និងខាតបង់ប្រយោជន៍កាន់តែច្រើនថែមទៀតដោយសារបញ្ហានេះ។
លោកអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយដល់អ្នកនយោបាយកម្ពុជាឡើងវិញគ្រប់ភាគីទាំងអស់ ដើម្បីធានានូវការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ មុននឹងឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យទៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានរិះគន់ថា ជម្លោះរវាងបុគ្គលនិងបុគ្គល ដែលជាអ្នកមានឥទ្ធិពលនៅកម្ពុជា កំពុងបង្កើតបញ្ហាដល់ប្រទេសជាតិរឹតតែធ្ងន់ធ្ងរ ដែលនាំឲ្យមានការបែកបាក់សាមគ្គីភាពមិនអាចកសាងឯកភាពជាតិបាន ខណៈបញ្ហាដែលមានស្រាប់ អ្នកនយោបាយទាំងនោះមិនទាន់អាចដោះស្រាយបាននៅឡើយ៕