ពលរដ្ឋនៅលើបណ្ដាញសង្គម និងអ្នកវិភាគនយោបាយ ប្រតិកម្មចំពោះការថ្លែងរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលចំអកឱ្យអ្នកដែលចាត់ទុកសហរដ្ឋអាមេរិកថាជាបិតាប្រជាធិបតេយ្យ និងជាប្រទេសដែលជឿនលឿនផ្នែកការគោរពសិទ្ធិមនុស្ស។
សារនយោបាយរបស់លោក សុខ ឥសាន ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្រោយពីលោកបានតិះទៀនអ្នកសរសើរសហរដ្ឋអាមេរិកថាជាប្រទេសដែលល្អឯកលើសគេក្នុងពិភពលោក។

ពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា វាពិតជាគួរឱ្យសោកស្តាយណាស់ដែលអ្នកនាំពាក្យចាស់វស្សារូបនេះអាចប្រើប្រាស់ភាសាដែលពិបាកទទួលយកដូច្នេះ។ ប្រភពបន្ថែមទៀតថា ប្រសិនបើអ្នកនយោបាយបន្តសាបព្រោះ និងប្រើភាសាអសុរោះបែបនេះ វានឹងនាំឱ្យមានផលនៃវប្បធម៌មិនល្អនៅក្នុងសង្គម។
ចំណែកលោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងនៅក្នុងបណ្ដាញសង្គមថា ក្នុងឋានៈជាឧត្តមមន្ត្រី គួរធ្វើជាគំរូល្អសម្រាប់យុវជន និងមនុស្សជំនាន់ក្រោយ។ លោកបន្ថែមទៀតថា ក្នុងនាមជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច គួរប្រើភាសា និងសម្ដីសំដៅឱ្យបានសមរម្យ ជាពិសេសឱ្យស័ក្ដិសមជាអ្នកនយោបាយចាស់វស្សាដែលគួរត្រូវបានក្លាយជាគំរូ។
ជាងនេះទៀត លោក កង សាវាង្ស ឱ្យដឹងថា កម្ពុជាមិនមែនជារបស់ផ្ដាច់មុខរបស់អ្នកនាំពាក្យរូបនេះឡើយ។ លោកបន្តថា បើសម្ដីនេះលោកនិយាយជាការពិត សូមលោកប្រើប្រាស់សម្ដីជាគំរូក្នុងនាមជាមនុស្សចាស់ ជាអ្នកដឹកនាំ និងជាអ្នកនយោបាយចាស់វស្សាផង។ លោកបន្តថា «ទឹកដីនេះមិនមែនលោកទិញផ្ដាច់មុខនោះទេ»។

ចំណែកឯលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា សារនយោបាយរបស់លោក សុខ ឥសាន អាចជាការប្រើអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក ជាជាងតំណាងឱ្យរដ្ឋាភិបាល។ បើទោះសារនយោបាយនេះជាភាសាផ្ទាល់ខ្លួនបែបណាក្តី សម្រាប់លោកបណ្ឌិត មាស នី ចាត់ទុកថាការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ វាមិនចំណេញអ្វីឡើយសម្រាប់នយោបាយការទូត ក្នុងឋានៈកម្ពុជាជាប្រទេសដែលនៅបន្តពឹងផ្អែកពីជំនួយបទេសលើផ្នែកខ្លះនៅឡើយ។
លោកគិតថា បើគណបក្សប្រជាជនកម្ពុជា ក៏មិនប្រើពាក្យហ្នឹងដែរ ព្រោះអាចធ្វើឱ្យខូចប្រជាប្រិយភាពនយោបាយ។ បើរដ្ឋាភិបាលវិញ ក៏កាន់តែមិនអាចនិយាយបានទៀតហើយ ព្រោះថានេះជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយក៏មានការទទួលខុសត្រូវនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញផងដែរ។ បណ្ឌិត មាស នី គិតថានេះជាការមើលឃើញផ្ទាល់ខ្លួនរបស់គាត់ និងជាភាសាសាមញ្ញរបស់គាត់ មិនមែនតំណាងឱ្យគណបក្សប្រជាជនកម្ពុជាទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ យល់ឃើញថា នេះជាការប្រមាថមួយដ៏ធ្ងន់សម្រាប់ពលរដ្ឋខ្មែរ។ លោកបន្តថា ប្រសិនបើភាសានេះឆ្លុះបញ្ចាំងពីការពិតមែន តើលោក សុខ ឥសាន ចង់ទុកប្រទេសកម្ពុជាសម្រាប់បម្រើឱ្យជនបរទេសរស់នៅ ឬយ៉ាងណា។
លោកបន្តថា លោក សុខ ឥសាន ចង់ឱ្យពលរដ្ឋទៅនៅសហរដ្ឋអាមេរិក មានន័យថាលោកដេញពលរដ្ឋខ្មែរចេញទៅនៅអាមេរិក ហើយឱ្យវៀតណាម និងចិន មកនៅស្រុកខ្មែរឬយ៉ាងណា។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក សុខ ឥសាន បានសរសេរសារនៅក្នុងបណ្ដាញតេឡេក្រាម (Telegram) ដោយចំអកឱ្យអ្នកគាំទ្រក្រុមប្រឆាំង និងខ្មែរមួយចំនួនដែលបង្ហាញពីមោទកភាពរបស់ពួកគេចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីជាន់ខ្ពស់យោធាខ្មែរ ២នាក់។
ជាសមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ការប្រើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានេះ គឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ម្យ៉ាងវិញទៀត អ្នកដែលចូលចិត្ត និងសរសើរអាមេរិកថាជាប្រទេសដែលល្អឥតខ្ចោះនោះ គួរទៅរស់នៅអាមេរិក ហើយកុំនៅកម្ពុជានាំតែធ្ងន់ផែនដីខ្មែរ៕