មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជនភៀសខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ខណៈអ្នកនាំពាក្យបក្សកាន់អំណាចថាប្រទេសថៃ លែងជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមប្រឆាំងបន្តទៀតហើយ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ វិច្ឆិកា នេះថា ប្រសិនបើឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន មិនអាចការពារសកម្មជននយោបាយ និងសកម្មជនសង្គមដែលភៀសខ្លួនរស់នៅប្រទេសជិតខាងឱ្យមានសុវត្ថិភាពត្រឹមត្រូវទេ ពួកគេនឹងត្រូវរងការចាប់ខ្លួនជាបន្តទៀត បើទោះបីជាពួកគេប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជាស្របទៅតាមច្បាប់ដែលមានចែងក៏ដោយ។
លោកបន្តថា ដោយសារតែសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួនរងការគំរាមកំហែង មិនអាចប្រើសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសរបស់ខ្លួនបាន ទើបពួកគេសម្រេចចិត្តភៀសខ្លួនទៅប្រទេសជិតខាង ដើម្បីប្រើសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ដែលមានការការពារពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ប៉ុន្តែបើ UNHCR នៅតែបណ្ដោយឱ្យមានបញ្ហានេះកើតមានឡើងបន្តទៀត នោះសេរីភាពសិទ្ធិមនុស្សនឹងរងការរឹតត្បិតកាន់តែខ្លាំងជាងនេះបន្ថែមទៀត។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ត្រូវតែលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនភៀសខ្លួនឱ្យបានល្អប្រសើរ ដើម្បីឱ្យពួកគេអាចចូលរួមសម្ដែងមតិដើម្បីបម្រើសង្គមជាតិ។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរថៃ បានចាប់ខ្លួនជនភៀសខ្លួននយោបាយ អ្នកស្រី ឡាញ់ ថាវរី ដែលជាមេឃុំជាប់ឆ្នោតរបស់គណបក្សប្រឆាំងនៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងបានបញ្ជូនខ្លួនឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយពេលអ្នកស្រីបានភៀសខ្លួនទៅរស់នៅប្រទេសថៃ ជាង ៤ឆ្នាំកន្លងទៅ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងតាមបណ្ដាញតេឡេក្រាមនៅថ្ងៃទី២២ ខែវិច្ឆិកា នេះថា ប្រទេសថៃ លែងជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជាបន្តទៀតហើយ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការចាប់ខ្លួនក្រុមឧទ្ទាមក្រៅច្បាប់បញ្ជូនមកកម្ពុជាវិញ គឺជាលទ្ធផលនៃកិច្ចសហការល្អរវាងកម្ពុជា-ថៃ ព្រោះថាអ្នកដែលដើរតាម និងធ្វើសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់ គឺជាជនល្មើសច្បាប់ទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានសរសេរលើបណ្ដាញ Twitter របស់លោកកាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅថា រដ្ឋាភិបាលថៃ បានរំលោភកិច្ចការពារសិទ្ធិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរដោយគ្មានភាពអៀនខ្មាស។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺលោក សុខ សុក្រឹត្យា បានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Tepsuthin ចាត់វិធានការលើសកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដែលបានយកទឹកដីថៃ ធ្វើជាទីតាំងរិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំរបស់កម្ពុជា។
គិតត្រឹមឆ្នាំ២០២១ នេះ យ៉ាងហោចណាស់មានសកម្មជនសង្គម និងសកម្មជននយោបាយចំនួន ៥នាក់ត្រូវបានសមត្ថកិច្ចថៃ រួមដៃគ្នាជាមួយសមត្ថកិច្ចកម្ពុជា ធ្វើការចាប់ខ្លួន។
អ្នកទាំងនោះរួមមាន៖
- លោក រ៉ាត់ រ័ត្នមុនី ត្រូវកម្លាំងសមត្ថកិច្ចថៃ ចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីចុងឆ្នាំ២០១៨
- លោក វឿន វាសនា សកម្មជនព្រៃឡង់ និងសកម្មជនបក្សប្រឆាំង លោក រឿង សំណាង ត្រូវបានអាជ្ញាធរថៃ ចាប់កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១
- អ្នកស្រី ឡាញ់ ថាវរី ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១
- ហើយចុងក្រោយគឺការចាប់ខ្លួនយុវជន ម៉ិច ហៀង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពីខេត្តរ៉ាក់យ៉ង រួចបញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជាតែម្តង។
យុវជនសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាអតីតអ្នកទោសនយោបាយ លោក អាន បឋម បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកកាន់តែមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកក្នុងនាមលោកក៏ជាជនភៀសខ្លួនគេចចេញពីការកោះហៅរបស់តុលាការក្រុងភ្នំពេញ ករណីចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា។

លោកបន្តថា ជនភៀសខ្លួនកាន់តែមានហានិភ័យនៃសុវត្ថិភាពខ្ពស់បំផុតស្របពេលដែលសមត្ថកិច្ចខ្មែរ និងសមត្ថកិច្ចថៃ សហការគ្នាចូលចាប់ជនភៀសខ្លួនផ្នែកនយោបាយរហូតដល់ក្នុងបន្ទប់ដេករបស់ពួកគេនោះ។
លោក អាន បឋម អះអាងថា លោកកាន់តែមានភាពអស់សង្ឃឹមសម្រាប់សុវត្ថិភាពរបស់លោក ដែលសូម្បីតែភ្នាក់ងាររបស់អង្គការសហប្រជាជាតិ UNHCR ក៏តែងតែទទួលបាននូវដំណឹងក្រោយសមត្ថកិច្ចនៃប្រទេសទាំងពីរធ្វើការចាប់ខ្លួនសកម្មជននយោបាយបានសម្រេចហើយនោះ៕