29 C
Phnom Penh

អ្នកវិភាគ៖ របៀប​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា របៀប​នៃ​ការ​ទាក់ទាញ​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​កម្ពុជា ផ្ទុយ​គ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ស្រប​ពេល​ដែល​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​ស្ថាប័ន​អាជ្ញាកណ្ដាល​របស់​កម្ពុជា ដែល​ហៅ​កាត់​ថា គ.ជ.ប. ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ​ថា វិធីសាស្ត្រ​ក្នុង​ការ​រក​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មុន​រដូវកាល​បោះឆ្នោត​បាន​មកដល់ ពួកគេ​តែង​ប្រើ​វិធានការ​គាបសង្កត់ និង​បង្ក​ការ​លំបាក​ដល់​សកម្មភាព​បក្ស​ប្រឆាំង​គ្រប់​បែប​យ៉ាង ដោយ​លើកឡើង​ពី​បញ្ហា​នេះ ឬ​បញ្ហា​នោះ ក្នុង​បំណង​ទម្លាក់​កំហុស​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន ជាពិសេស​បក្ស​ប្រឆាំង​ដូច​ដែល​ធ្លាប់​កើតមាន​កន្លងមក។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា នៅ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​មុន​យុទ្ធនាការ​បោះឆ្នោត​មកដល់ គឺ​បក្ស​កាន់​អំណាច​តែង​ប្រើ​វិធីសាស្ត្រ​ជាច្រើន តែ​មិនមែន​ប្រើ​ឧបាយកល​ដូច​នៅ​កម្ពុជា​នោះ​ទេ។ វិធី​របស់​ពួកគេ គឺ​រក​វិធី​កាត់បន្ថយ​ពន្ធ ដំឡើង​ប្រាក់​ចូល​និវត្តន៍​ឲ្យ​មន្ត្រី​ចាស់ៗ និង​បញ្ចុះ​តម្លៃ​ទំនិញ​លើ​ទីផ្សារ ជាដើម ដែល​មិន​មែន​ជា​ការ​បង្កើត​ឧបសគ្គ​ណា​មួយ​ដល់​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​នយោបាយ​របស់​គេ​ឡើយ។

យុទ្ធនាការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កំពុងតែ​ខិត​ជិត​ចូល​មកដល់ ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅតែ​បន្ត​គំរាមកំហែង និង​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា គំរាម​ថា លោក​នឹង​យក​ឈ្នះ​ក្រុម​អ្នក​ប្រឆាំង​ឱ្យ​បាន ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​រលាយ​រលត់​ពី​ផែនដី។ លើស​ពី​នេះ លោក​បញ្ជាក់​ថា ដើម្បី​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ទៅ​ថ្ងៃ​មុខ​ទៀត លោក​នឹង​មិន​ឱន​ក្បាល​ចំពោះ​ការ​គាបសង្កត់​ណា​មួយ​នោះ​ឡើយ ព្រោះ​ថា​លោក​នឹង​នៅតែ​កាន់កាប់​អំណាច​គ្មាន​ថ្ងៃ​កំណត់​នោះ​ទេ ឱ្យ​តែ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ធ្លាប់​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​តាម​ក្រសួង​ស្ថាប័ន និង​អង្គភាព​ទាំងអស់​ក្នុង​ជួរ​មន្ត្រី​រាជការ​របស់​រដ្ឋ ដើម្បី​គាបសង្កត់​មន្ត្រី​រាជការ​ណា​ដែល​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ខ្លួន។ ជាង​នេះ​ទៀត ពួកគេ​តែង​ដំឡើង​ឋានៈ​តួនាទី​ដល់​មន្ត្រី​ណា​ដែល​ព្យាយាម​បម្រើ​បក្ស​កាន់​អំណាច​របស់​ខ្លួន​ដោយ​ស្មោះស្ម័គ្រ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រាល់​អាណត្តិ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា គណបក្ស​កាន់​អំណាច​តែង​ប្រើ​ល្បិច​បង្កើត​ព្រឹត្តិការណ៍​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ប្រជាភិថុតិ ដូចជា​ការ​ដំឡើង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឱ្យ​ថ្លៃ​កប់​ពពក ប៉ុន្តែ​នៅ​ពេល​រដូវកាល​ឃោសនា​បោះឆ្នោត​មកដល់ លោក ហ៊ុន សែន នឹង​ប្រើ​ល្បិច​ប្រកាស​ឱ្យ​បញ្ចុះ​តម្លៃ​ទំនិញ​ទាំងនោះ ដើម្បី​ទាញ​យក​ប្រជាប្រិយភាព និង​សន្លឹកឆ្នោត​របស់​ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស