33 C
Phnom Penh

អាមេរិក​អញ្ជើញ​កោះ​តៃវ៉ាន់​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​ជាមួយ​បណ្ដា​ប្រទេស​ជាង​១១០​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​បណ្តា​ប្រទេស​ជាង ១១០ ដែល​ជា​ចលនា​នយោបាយ​ពិភពលោក​ដ៏​ធំ​មួយ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​វាយប្រហារ​លើ​ប្រទេស​ចិន សាជាថ្មី ព្រោះ​តែ​ប្រទេស​ធំ​នេះ​តែងតែ​ប្រឆាំង​ការ​ជួយ​កោះ​តៃវ៉ាន់​ឱ្យ​មាន​វត្តមាន​នៅ​ឆាក​អន្តរជាតិ។

ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា សន្និសីទ​នេះ​ប្រៀប​បាន​នឹង​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដែល​បាន​កំណត់​ការ​តស៊ូ​រវាង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​ផ្ដាច់ការ។ សន្និសីទ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​ពិភពលោក​នេះ នឹង​ប្រព្រឹត្ត​ទៅ​តាម​អ៊ីនធឺណិត​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

សន្និសីទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​យូរ​មក​ហើយ ប៉ុន្តែ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា មាន​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ដែន​កោះ​តៃវ៉ាន់​មួយ​ផង​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គូប្រជែង​សំខាន់​របស់​អាមេរិក គឺ​ចិន និង​រុស្ស៊ី ប្រតិកម្ម​ជា​ខ្លាំង។

រុស្ស៊ី​ដែល​ស្ថិតនៅ​ក្រៅ​បញ្ជី បាន​រិះគន់​សហរដ្ឋ​អាមេរិក​ថា​កំពុង​បែងចែក​ប្រទេស រីឯ​ចិន​ឯណោះ​វិញ បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​ដោយសារតែ​លោក បៃដិន ហៅ​តៃវ៉ាន់​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ។

ប្រតិកម្ម​របស់​លោក Dmitry Peskov ដែល​ជា​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង បាន​ហៅ​សហរដ្ឋ​អាមេរិក​ថា​មាន​ផែនការ​បង្កើត​ប្លុក​ថ្មី ហើយ​បែងចែក​បណ្តា​ប្រទេស​នានា​ទៅតាម​គំនិត​របស់​ខ្លួន ថា​ក្រុម​ណា​ល្អ ក្រុម​ណា​អាក្រក់ ព្រោះ​តែ​ប្រទេស​ដែល​មិន​ស្នើ​ឱ្យ​មក​ចូលរួម​ប្រជុំ គឺជា​ប្រទេស​មិន​ដើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អាមេរិក។

ចំណែក​ចិន គឺ​តាមរយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស គឺ​លោក Zhao Lijian បាន​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​អញ្ជើញ​តៃវ៉ាន់​ឱ្យ​មាន​វត្តមានក្នុង​សន្និសីទ​កំពូល​នេះ ដោយ​អះអាង​ថា កោះ​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ចិន ដែល​មិន​អាច​ផ្តាច់​បាន​ពី​ទឹកដី​ចិន​បាន​ឡើយ។

ប្រទេស​ចិន​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ តៃវ៉ាន់ ដែល​មើល​ទៅ​ជា​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​អន្តរជាតិ​ចំពោះ​ដែន​កោះ​តៃវ៉ាន់ ក្រោម​លេស​ពង្រឹង​ប្រទេស​ប្រជាធិបតេយ្យ ដែល​ទីក្រុង​ប៉េកាំង អះអាង​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​រឹបអូស​នៅ​ថ្ងៃ​ណា​មួយ​ដោយ​កម្លាំង​យោធា​ប្រសិនបើ​ចាំបាច់។

អ្នក​សង្កេតការណ៍​ខ្លះ​យល់ស្រប​ដែល​ថា តៃវ៉ាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​រឹងមាំ​នៃ​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប៉ុន្តែ​ប្រទេស​ចិន​ដែល​ប្រកាន់​របប​កុម្មុយនីស្ត គឺ​ប្រទេស​នេះ​មិន​ច្រណែន​ទេ តែ​ប្រទេស​ធំ​នេះ​ខឹងសម្បា​នឹង​អាមេរិក​ព្រោះ​តែ​ចាញ់​ប្រៀប​តៃវ៉ាន់ គឺ​ចាញ់​ប្រៀប​នៃ​តម្លៃ​ការទូត។

បែប​នេះ​ក្ដី ក្រុង​ប៉េកាំង​បាន​ត្រឹមតែ​ប្រតិកម្ម​ខឹងសម្បា​តែប៉ុណ្ណោះ ដែល​ថ្មីៗ​នេះ តៃវ៉ាន់​បាន​ពង្រីក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជាច្រើន​ថែមទៀត ជាពិសេស​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត មាន​ដូចជា​សាធារណរដ្ឋឆេក សាធារណរដ្ឋ​ស្លូវ៉ាគី សាធារណរដ្ឋ​លីទុយអានី សាធារណរដ្ឋ​អេស្តូនី ជាដើម។

មិន​តែប៉ុណ្ណោះ រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ យូហ្សេបវុយ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ស្នើ​ឱ្យ​មក​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ជា​ទីស្នាក់ការ​ធំ​របស់​សហភាព​អឺរ៉ុប។

ប្រមុខ​ការទូត​តៃវ៉ាន់​បាន​ជួប​ជាច្រើន​ជាមួយ​សម​ភាគី​របស់​លោក​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ២៧​ប្រទេស។ សម្រាប់​ចិន ក៏​ប្រតិកម្ម​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មិន​ខ្វល់​នឹង​ក្រុង​ប៉េកាំង​ឡើយ។ ប្រទេស​នៅ​អាស៊ី​ដែល​អាមេរិក​កត់សម្គាល់​ថា​មាន​ប្រជាធិបតេយ្យ​ច្រើន​ជាងគេ ហើយ​ត្រូវ​បាន​ស្នើ​ឱ្យ​មក​ចូលរួម​ប្រជុំ មាន​ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ម៉ាល់ឌីវ នេប៉ាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ទីម័រខាងកើត។

ប្រទេស​ឥណ្ឌា ដែល​គេ​ហៅថា​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក នឹង​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​កំពូល​នេះ គឺ​នាយករដ្ឋមន្ត្រី Narendra Modi។ លោក Narendra Modi នឹង​ថ្លែង​សុន្ទរកថា​អំពី​គុណតម្លៃ​លទ្ធិប្រជាធិបតេយ្យ​សកល។ សម្រាប់​ប្រទេស​នៅ​អឺរ៉ុប​សឹងតែ​ទាំងអស់ ត្រូវ​បាន​ស្នើ​ឱ្យ​មក​ចូលរួម​ក្នុង​សន្និសីទ​នេះ។

ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ដូចជា​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ ហុឡង់ដ៍ ស៊ុយអែត កាណាដា អ៊ីតាលី អ៊ុយក្រែន វ៉ាំងឡង់ អូស្ត្រាលី ញូវហ្សឺឡែន ជាដើម សុទ្ធតែ​រំពឹង​ថា​មេដឹកនាំ​ប្រទេស​ទាំងនេះ នឹង​ប្រើប្រាស់​សុន្ទរកថា​របស់​ពួកគាត់​ប្រកប​ដោយ​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​កម្លាំង​ប្រជាធិបតេយ្យ​ពិភពលោក​កាន់តែ​រីក​ធំ​ឡើង និង​រឹងមាំ។

ចំពោះ​ដែន​កោះ​តៃវ៉ាន់​វិញ ដែល​មាន​ឈ្មោះ​ក្នុង​ចំណោម ១១០​ប្រទេស ត្រូវ​បាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​មក​ចូលរួម​ប្រជុំ​នៃ​សន្និសីទ​ពិភពលោក អំពី​លទ្ធិប្រជាធិបតេយ្យ អាច​ត្រូវ​បាន​អ្នកស្រី សាយ អ៊ឹងវិន ជា​ប្រធានាធិបតី​ដែន​កោះ​មួយ​នេះ នឹង​ថ្លែង​សុន្ទរកថា​ខណៈ​តំណាង​របស់​តៃវ៉ាន់​ប្រចាំ​នៅ​ក្រុង​វ៉ាស៊ីនតោន នឹង​ចូលរួម​ដោយ​ផ្ទាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស