31 C
Phnom Penh

ទីក្រុង​ប៉េកាំង គំរាម​ដាក់​ទោស​ប្រហារ​ជីវិត​ដល់​ជនជាតិ​ចិន-តៃវ៉ាន់​ដែល​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ចិន បាន​អនុម័ត​នូវ​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត ដែល​ក្នុង​នោះ​សំដៅ​ទៅ​លើ​ពលរដ្ឋ​ដែន​កោះ​តៃវ៉ាន់ ទាំងឡាយ​ណា​ដែល​ធ្វើ​ចលនា​បំបែក​ខ្លួន ឬ​ប្រកាស​ដែនដី​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មិថុនា ខណៈ​ទីក្រុង​ប៉េកាំង បង្កើន​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​ដែន​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធានាធិបតី​ដែន​កោះ​តៃវ៉ាន់ ឡៃ ជីនតេ ស្បថ​ចូល​កាន់​តំណែង​កាលពី​ខែ​ឧសភា។

យោង​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន VOA ជា​ភាសា​អង់គ្លេស ចិន​បាន​ហៅ​លោក ឡៃ ជីនតេ ថា​ជា​ជន​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​កំពុង​ចាប់ផ្ដើម​លេង​ល្បែង​សង្គ្រាម​គំរាម​ប្រទេស​ចិន ក្រោយពី​បុរស​នេះ​ស្បថ​ចូល​កាន់​តំណែង។

ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េកាំង ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម និង​បង្កើន​ការ​ល្បាត​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ និង​នៅ​បណ្ដា​កោះ​មួយ​ចំនួន​របស់​ដែន​កោះ​តៃវ៉ាន់។

ក្នុង​ទស្សនៈ​របស់​ទីក្រុង​ប៉េកាំង នេះ គឺ​តៃវ៉ាន់​នៅតែ​ជា​ដែនដី​ផ្នែក​មួយ​របស់​ប្រទេស​ចិន ហើយ​បើ​ទោះជា​ដែន​កោះ​នេះ​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ក៏ដោយ​នោះ ដែល​ចិន មើល​ឃើញ​ថា​ជម្រើស​តែ​មួយ គឺ​ការ​បង្រួបបង្រួម​គ្នា តែ​យ៉ាងណា ទស្សនៈ​សាធារណជន​តៃវ៉ាន់ វិញ​បង្ហាញ​ថា ពួកគេ​មិន​គាំទ្រ​ការ​បង្រួបបង្រួម​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​ចិន នោះ​ទេ តែ​ពួកគេ​ត្រូវការ​ឯករាជភាព​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ។

ទីក្រុង​ប៉េកាំង មិន​បាន​លាក់​ការណ៍​សម្ងាត់​អ្វី​នោះ​ទេ គឺ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ទាំងស្រុង​ចំពោះ​លោក ឡៃ ជីនតេ ដែល​ជា​ប្រធានាធិបតី​ថ្មី​របស់​ដែន​កោះ​តៃវ៉ាន់ និង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់​ដែន​កោះ​នេះ។

វិធានការ​ថ្មី​របស់​ទីក្រុង​ប៉េកាំង នេះ ត្រូវ​គេ​គិត​ថា​ជា​ការ​សាកល្បង​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន ដើម្បី​ដាក់​ទម្ងន់​ជា​សាធារណៈ​ទៅ​លើ​កោះ​តៃវ៉ាន់។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីន ហួរ គោលការណ៍​ច្បាប់​នេះ​ទៅ​លើ​អង្គការ​ទាំងឡាយ​ណា ឬ​ក្រុម​ជន​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំបែក​រដ្ឋ ហើយ​រុញ​ឲ្យ​ប្រជាជន​កោះ​តៃវ៉ាន់ ធ្វើ​សកម្មភាព​ដើម្បី​បំបែក​រដ្ឋ។ យោង​តាម​ប្រភព​ដដែល​នេះ តុលាការ​ប្រទេស​ចិន រដ្ឋអាជ្ញា​ប្រទេស​ចិន រួម​ទាំង​អង្គការ​សន្តិសុខ​រដ្ឋ មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​ពលរដ្ឋ​កោះ​តៃវ៉ាន់ ដែល​ធ្វើ​សកម្មភាព​ចង់​បំបែក​រដ្ឋ​ដែល​គេ​ថា​រំលោភ​លើ​អធិបតេយ្យភាព​ជាតិ​របស់​ទីក្រុង​ប៉េកាំង និង​រំលោភ​លើ​បូរណភាព​ទឹកដី​ទីក្រុង​ប៉េកាំង។

នៅ​ក្នុង​ច្បាប់​នេះ ការ​ដាក់​ទណ្ឌកម្ម​ដោយ​ទោស​ប្រហារ​ជីវិត មាន​លក្ខណៈ​ពិសេស​ទៅ​លើ​មេដឹកនាំ​នៃ​ក្រុម​បំបែក​ខ្លួន​ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​កោះ​តៃវ៉ាន់ ដែល​ត្រូវ​ទីក្រុង​ប៉េកាំង ហាមឃាត់​ដាច់ខាត។

ជា​ការ​ឆ្លើយតប​នឹង​បទបញ្ញត្តិ​ថ្មី​នេះ ក្រុមប្រឹក្សា​កិច្ចការ​ផ្ទៃក្នុង​តៃវ៉ាន់ បាន​ទទូច​ដល់​សាធារណជន​តៃវ៉ាន់ កុំ​គំរាមកំហែង ឬ​ក៏​កុំ​ប្រជែង​ជាមួយ​នឹង​ច្បាប់​របស់​បក្ស​កុម្មុយនីស្ត​ចិន នោះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​កិច្ចការ​តៃវ៉ាន់ បាន​ថ្លែង​ថា អាជ្ញាធរ​ទីក្រុង​ប៉េកាំង មាន​មហិច្ឆតា​ផ្ដាច់មុខ​គ្រប់គ្រង​លើ​ដែន​យុត្តាធិការ​កោះ​តៃវ៉ាន់ ដែល​គេ​ហៅថា​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត គឺជា​ការ​ចាប់​បង្ខំ​ពលរដ្ឋ​តៃវ៉ាន់ អនុវត្ត​តាម គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ លោក ឡៃ ជីនតេ ដាក់​សំណើ​សុំ​ចរចា​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ទីក្រុង​ប៉េកាំង បាន​ទាត់​ចោល​ដោយ​មិន​ទទួលស្គាល់​លោក ឡៃ ជីនតេ ជា​មេដឹកនាំ​កោះ​តៃវ៉ាន់ ថ្មី​នោះ​ទេ ហើយ​ក៏​មិន​ទទួលស្គាល់​អ្នកស្រី សាយ អ៊ឹងវិន អតីត​មេដឹកនាំ​ដែន​កោះ​តៃវ៉ាន់ នោះ​ទេ។ តែ​គេ​ថា ចិន​ដែល​ចេញ​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​តៃវ៉ាន់ ដែល​ប៉ុនប៉ង​បំបែក​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​នោះ គឺជា​វិធានការ​ដើម្បី​ចាប់​បង្ខំ​ឱ្យ​អាជ្ញាធរ​កោះ​តៃវ៉ាន់ បច្ចុប្បន្ន​នេះ លះបង់​ចោល​ការ​ប៉ុនប៉ង​ដើម្បី​ប្រកាស​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ​ផ្ដាច់ខ្លួន​ចេញពី​ទីក្រុង​ប៉េកាំង។

លោក ឡៃ ជីនតេ ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃ​ចន្ទ ទី​២៤ មិថុនា នេះ បាន​ថ្លែង​ប្រតិកម្ម​វិញ​ថា ប្រទេស​ចិន ពុំ​មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រជាជន​តៃវ៉ាន់ ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​កាត់ទោស​ឆ្លង​ដែន​រដ្ឋ​ណា​មួយ​ឡើយ បើ​ពួកគេ​បញ្ចេញ​ទស្សនៈ​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​កោះ​តៃវ៉ាន់។ លោក ឡៃ ជីនតេ ថ្លែង​បន្ត​ថា ប្រជាធិបតេយ្យ​ពុំ​មែន​ជា​បទឧក្រិដ្ឋ ហើយ​ថា​ប្រព័ន្ធ​ផ្ដាច់ការ​ទើប​ជា​បិសាច។

លោក ឡៃ ជីនតេ ព្រមាន​ថា ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន កាន់តែ​អាក្រក់​ថែម​ទៀត បើ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ត្រូវ​គេ​រឹត​បន្តឹង​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន។ លោក​ទទូច​ថា ប្រជាជន​តៃវ៉ាន់ និង​ទីក្រុង​ប៉េកាំង គួរតែ​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ជាង​មុន។

តែ​យ៉ាងណា តៃវ៉ាន់ និង​ប៉េកាំង បើ​ទោះជា​បងប្អូន​បង្កើត​នឹង​គ្នា​ក៏ដោយ តែ​ដែនដី​ពីរ​នេះ​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ជា​ប្រវត្តិសាស្ត្រ​ទៅ​ហើយ​ចាប់តាំងពី​ការ​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤០ ដែល​សាធារណរដ្ឋ​ចិន បច្ចុប្បន្ន​នៅ​លើ​កោះ​តៃវ៉ាន់ ជា​របប​មួយ​រួច​ផុត​សង្គ្រាម​ស៊ីវិល​នៃ​ទីក្រុង​ប៉េកាំង បច្ចុប្បន្ន​នេះ​នៅ​ឆ្នាំ​១៩៤៩ ហើយ​ចាប់តាំងពី​នោះ​មក តៃវ៉ាន់​ដែល​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​យ៉ាង​ខ្លាំង​នេះ តែងតែ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​ដែនដី​ដូច​នឹង​ប្រទេស​មួយ​ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដូច​ប្រទេស​មួយ​ដែល​ឯករាជ្យ​រួច​ទៅ​ហើយ។

បច្ចុប្បន្ន ចិន​តែងតែ​ព្យាយាម​ចង់​វាយលុក​កោះ​តៃវ៉ាន់ នេះ ដើម្បី​ច្បាម​យក​មក​នៅ​ជាមួយ​ក្រុង​ប៉េកាំង ប៉ុន្តែ​គេ​ថា​មិន​អាច​ទៅ​រួច​ដោយសារតែ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​តៃវ៉ាន់ ជានិច្ច ហើយ​តៃវ៉ាន់​ខ្លួនឯង​ផ្ទាល់​ជា​ដែនដី​ដែល​មាន​រចនាសម្ព័ន្ធ​ទ័ព​រឹងមាំ​អាច​ទប់ទល់​ការ​វាយលុក​ភ្លាមៗ​ពី​ក្រុង​ប៉េកាំង ដែល​ជា​សាច់ឈាម​នឹង​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស