31 C
Phnom Penh

ស្ថានការណ៍​យោធា​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​ផុយ​ស្រួច​ស្រប​ពេល​កងទ័ព​ណាតូ​ទៅ​ដល់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានការណ៍​យោធា​ចុងក្រោយ​នេះ​នៅ​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន កាន់តែ​ធ្លាក់​ចូល​ក្នុង​ភាព​ផុយ​ស្រួច​ហើយ។ កងទ័ព​រុស្ស៊ី កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ចូល​ដល់​ជិត ១០​ម៉ឺន​នាក់ ដោយ​មាន​អាវុធ​គ្រប់​ប្រភេទ រាប់​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើងធំ បាន​ដាក់​ពង្រាយ​រួច​ហើយ។

តែ​សម្រាប់​អ៊ុយក្រែន​វិញ ក៏​បាន​ដាក់​ពង្រាយ​កងទ័ព និង​សព្វាវុធ​មាន​ចំនួន​មិន​តិច​ជាង​រុស្ស៊ី​នោះ​ដែរ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​កងទ័ព​ណាតូ បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​ក្របខ័ណ្ឌ​ជា​ទ័ព​ជំនួយ​របស់​អ៊ុយក្រែន។

តាម​សារព័ត៌មាន Ukraine International ប្រទេស​លោក​ខាងលិច ឬ​សមាជិក​អង្គការ​ណាតូ មាន​ដូចជា​អាមេរិក អង់គ្លេស កាណាដា ប៉ូឡូញ បាន​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​ហើយ។ សម្រាប់​អ៊ុយក្រែន មិន​ទាន់​ចូល​ជា​សមាជិក​អង្គការ​ណាតូ​នៅឡើយ​ទេ តែ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​បាន​កំពុង​ក្លាយជា​ដៃគូ​របស់​ណាតូ។ សម្រាប់​ណាតូ មាន​សមាជិក ៣០​ប្រទេស។

យ៉ាងណា ក្នុង​ស្ថានការណ៍​យោធា​ដ៏​ផុយ​ស្រួច​នេះ សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​អឺរ៉ុប​ដែល​ជា​សមាជិក​អង្គការ​យោធា​ណាតូ កំពុង​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​ក្នុង​គ្រាអាសន្ន ដោយ​បារម្ភ​ថា​ប្រទេស​រុស្ស៊ី អាច​នឹង​ធ្វើការ​គំរាមកំហែង​ដោយ​កម្លាំង​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ណា​មួយ។

មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​អំពី​សកម្មភាព​យោធា​របស់​រុស្ស៊ី នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន ក៏ដូចជា​សង្គ្រាម​វោហារសាស្ត្រ​ខ្លាំងៗ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ អាច​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​នៅតែ​បញ្ជាក់​ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចំពោះ​រដ្ឋាភិបាល​អ៊ុយក្រែន នៅតែ​រឹងមាំ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋការ​លោក បៃដិន ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​សកម្មភាព​ងាយ​គ្រោះថ្នាក់​ណា​មួយ​ដែល​ធ្វើឡើង​ដោយ​ប្រទេស​រុស្ស៊ី ហើយ​ក្រុង​វ៉ាស៊ីនតោន នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​នូវ​វិធានការ​នោះ​ទេ បើ​ស្ថានការណ៍​ធ្ងន់ធ្ងរ​ធ្លាក់​មក​ដល់។

តែ​បើ​តាម​មន្ត្រី​រូប​នេះ សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ដល់​វិមាន​ក្រឹមឡាំង ឲ្យ​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម ដោយ​ត្រូវ​ស្ដារ​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​គ្នា និង​បន្ថយ​អំពើ​ហិង្សា​ទាប​បំផុត។

ជាមួយ​គ្នា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​អាមេរិក​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ពិគ្រោះ​យោបល់​អំពី​បញ្ហា​នេះ​ជាមួយ​សម្ពន្ធមិត្ត និង​ប្រទេស​អ៊ុយក្រែន។ លោក​បន្ត​ទៀត​ថា សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​រៀបចំ​នូវ​ផែនការ​ក្នុង​គ្រា​មាន​អាសន្ន​មួយ​ចំនួន​តាម​ស្ថានការណ៍​ជាក់ស្ដែង។

ជាមួយ​គ្នា​នេះ មន្ទីរ​ប៉ុងតាហ្គោន បាន​ចាត់តាំង​នាយសេនាធិការ​យោធា​ឧត្តមសេនីយ៍ Mark Milley ឱ្យ​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី របស់​លោក​តាម​ទូរស័ព្ទ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នៃ​ប្រទេស​រុស្ស៊ី និង​អាមេរិក បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​សន្តិសុខ ដោយ​បាន​ហៅ​ទូរស័ព្ទ​នោះ​ទៅ​កាន់​មេទ័ព​រុស្ស៊ី គឺ​ដើម្បី​ធានា​កាត់បន្ថយ​នូវ​ហានិភ័យ និង​ការ​មិន​បង្ក​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី។

ព័ត៌មាន​ស៊ើបការណ៍​របស់​អ៊ុយក្រែន បាន​ប៉ាន់ប្រមាណ​ថា រុស្ស៊ី​បាន​ដាក់​កងទ័ព​របស់​ខ្លួន​ប្រមាណ​ជាង ៩​ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន បើ​គិត​មក​ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះ។

ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​រុស្ស៊ី ដណ្ដើម​គ្រីមៀ ពី​អ៊ុយក្រែន តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ប៉ុន្តែ​ក្រោយ​ពី​គ្រីមៀ របូត​ទៅ​រុស្ស៊ី ដោយ​សន្តិវិធី គឺ​តំបន់​ស្វយ័ត​មួយ​របស់​អ៊ុយក្រែន គឺ​តំបន់​ដុនបាស់ ក៏​បាន​រើ​បម្រះ​ទៅ​ក្រោម​រុស្ស៊ី តែ​មិន​អាច​ធ្លាក់​ក្រោម​រុស្ស៊ី ផ្ទាល់​ឡើយ។

តំបន់​នោះ​បាន​ធ្លាក់​ក្នុង​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្វយ័ត​ដែល​រុស្ស៊ី នៅ​ពីក្រោយ និង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន។ ដោយ​បារម្ភ​ថា​ដុនបាស់ អាច​នឹង​ធ្លាក់​ក្រោម​រុស្ស៊ី អ៊ុយក្រែន​កាន់តែ​ខំ​ការពារ​តំបន់​នោះ។

ប៉ុន្តែ​អ្វី​ដែល​ក្រុម​លោក​ខាងលិច​ចូល​ពាក់ព័ន្ធ គឺ​ប្រឆាំង​អនុត្តរភាព​របស់​រុស្ស៊ី តាម​សំណើ​របស់​អ៊ុយក្រែន ហើយ​ក្រោយ​ពី​គ្រីមៀ របូត​នៅ​ក្រោម​រុស្ស៊ី គឺ​លោក​ខាងលិច​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី មក​ដល់​ពេលនេះ។ ជាមួយ​គ្នា​នេះ លោក​ខាងលិច និង​អង្គការ​ណាតូ បាន​បន្ថែម​វត្តមាន​កងទ័ព​កាន់តែ​ច្រើន​នៅ​បណ្ដា​ប្រទេស​សមាជិក​ណាតូ នៅ​អឺរ៉ុប​ខាងកើត ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស