30 C
Phnom Penh

សារ​របស់​លោក កឹម សុខា បង្ហាញ​ពី​ការ​បែកបាក់​ស្មារតី​សង្គ្រោះ​ជាតិ ឬ​កឹម សុខា និង​សម រង្ស៊ី ជា​មនុស្ស​តែ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក ឈប់​បំពាន​មក​លើ​រូបលោក​ដោយ​យក​ឈ្មោះ និង​រូបថត​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា​នយោបាយ​ដែល​លោក​មិន​គាំទ្រ អាច​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ័ន្តច្រឡំ។

ការ​ចេញ​សារ​ជា​លើកដំបូង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ ដែល​និយាយ​ចំ​ឈ្មោះ​លោក សម រង្ស៊ី គឺជា​សញ្ញា​ដែល​បង្ហាញ​ថា ទំនាក់ទំនង​នយោបាយ ឬ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​រួម​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា និង​អតីត​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី នោះ បាន​ឈាន​ដល់​ផ្លូវបំបែក​ហើយ។

លោក កឹម សុខា បាន​បញ្ជាក់​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា រហូត​មក​ដល់​ពេលនេះ លោក សម រង្ស៊ី និង​សហការី នៅតែ​បន្ត​យក​ឈ្មោះ និង​រូបថត​របស់​លោក​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​នឹង​សកម្មភាព​នានា​ដែល​ពុំ​មាន​ការ​អនុញ្ញាត ឬ​គាំទ្រ​ពី​លោក​ឡើយ។

លោក កឹម សុខា បញ្ជាក់​ថា ទង្វើ​របស់​ពួកគេ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សម រង្ស៊ី និង កឹម សុខា មិនមែន​ជា​មនុស្ស​តែ​មួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់​នេះ​មិន​មាន​ការ​គាំទ្រ ឬ​ជា​ជំហរ​របស់​លោក​ឡើយ។ លោក​ថា លោក​មិន​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី និង​ក្រុម​ទាំងនោះ​ឡើយ។

ក្រៅពី​លោក កឹម សុខា បាន​ចេញ​សារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា នេះ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​អំពាវនាវ​ដល់​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​របស់​លោក ឱ្យ​បញ្ឈប់​សកម្មភាព​មួយ​ចំនួន​ដែល​ជា​ការ​បំពាន​ដល់​លោក កឹម សុខា ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា នា​ពេល​កន្លងមក និង​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​គាត់ នៅតែ​បន្ត​ប្រព្រឹត្ត​ច្រំដែល ដោយ​បាន​ប្រើប្រាស់​ឈ្មោះ និង​រូបភាព​របស់​លោក កឹម សុខា និង​ពាក្យស្លោក​ថា «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» សម្រាប់​បំភ័ន្ត និង​បិទបាំង​ទង្វើ​ទុច្ចរិត ដើម្បី​កេង​ចំណេញ​ប្រយោជន៍​បុគ្គល និង​បក្ខពួក​របស់​ខ្លួន​ជាបន្តបន្ទាប់។

សេចក្តី​ថ្លែងការណ៍​បាន​ចោទប្រកាន់​ថា លោក សម រង្ស៊ី និង​ក្រុម​គាំទ្រ​របស់​លោក បាន​ចាកចេញ​ទៅ​បង្កើត​ចលនា​ខុសច្បាប់​លើក​បន្តុប​តួនាទី​ខ្លួនឯង បាន​ប្រមាថ​ព្រះមហាក្សត្រ និង​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​ដែល​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ទង្វើ​ប្រាសចាក និង​ដើរ​ផ្ទុយពី​ស្មារតី​ដើម​នៃ​ការ​រួបរួម​ជាមួយ​លោក កឹម សុខា តទៅទៀត​ហើយ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ដែល​បាន​ប្តូរ​ទៅជា​គណបក្ស​ភ្លើង​ទៀន ក្នុង​ពេល​បច្ចុប្បន្ន​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល ប្រកាស​រំលាយ​ទាំង​អយុត្តិធម៌​ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​លោក ហ៊ុន សែន និង​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨​រូប​ផង​ដែរ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រោយ​ការ​រំលាយ​គណបក្ស​នេះ អ្នក​នយោបាយ​ជាន់ខ្ពស់​ខ្លះ​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​នយោបាយ ចំណែក​ឯ​លោក កឹម សុខា ត្រូវ​រឹតត្បិត​សេរីភាព​នយោបាយ និង​ការ​ដើរហើរ ចំណែក​ឯ​សកម្មជន​នយោបាយ​គណបក្ស​នេះ ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ ប្រើ​ហិង្សា សម្លាប់ និង​ចាប់​ដាក់​គុក ហើយ​ខ្លះ​ទៀត​បាន​ភៀសខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​ពួកគេ​សង្ឃឹម​ការ​តស៊ូ​របស់​ថ្នាក់​ដឹកនាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​ឱកាស​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី ក្នុង​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​យ៉ាងណា អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ឲ្យ​ដឹង​ដែរ​ថា ការ​ចាប់ផ្តើម​ដើរ​ចេញ​របស់​គណបក្ស​ភ្លើង​ទៀន​ពី​ដៃគូ​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​សន្និដ្ឋាន​ថា ក្រុម​ម្ខាង​លែង​គោរព​កិច្ចសន្យា លក្ខន្តិកៈ និង​អាច​បំភ្លេច​នូវ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដោយសារ​មើល​ទៅ​គ្មាន​ក្តី​សង្ឃឹម​ថា​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស