ស្មារតី សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ គឺបានដើរដល់ផ្លូវបំបែកហើយ បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចេញមុខគាំទ្រគណបក្សភ្លើងទៀន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទថា សកម្មភាពរបស់លោក សម រង្ស៊ី ដែលគាំទ្រគណបក្សភ្លើងទៀន និងសកម្មភាពមួយចំនួនផ្សេងទៀតកន្លងមក គឺជាការបំពានលើរូបលោក និងដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួនប៉ុណ្ណោះ។
លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថា សកម្មភាពនយោបាយរបស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មិនដែលចាត់ទុកស្មារតី សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយនោះទេ ព្រោះសកម្មភាពទាំងនេះមិនមានការគាំទ្រពីរូបលោក ហើយក៏មិនបានគាំទ្រនូវជំហររបស់លោកក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។
លោក កឹម សុខា បញ្ជាក់ថា លោក សម រង្ស៊ី បានដើរចេញពីគោលការណ៍ និងស្មារតីដើមរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានបង្ហាញជំហរគាំទ្រគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់ខ្លួនកាលពីពេលថ្មីៗនេះ។
លោក កឹម សុខា បានទាមទារ និងអំពាវនាវឱ្យលោក សម រង្ស៊ី និងសហការីបញ្ឈប់ការយករូបលោកទៅប្រើប្រាស់ដើម្បីកេងចំណេញនយោបាយផ្ទាល់ខ្លួន និងធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំបន្តទៀត។
ប៉ុន្តែអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២៩ វិច្ឆិកា នេះថា សេចក្តីថ្លែងការណ៍របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាលទ្ធផលនៃការគំរាមកំហែងពីលោក ហ៊ុន សែន ដែលភ័យខ្លាចចំពោះការឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងប៉ុណ្ណោះ។
ជុំវិញការប្រកាសចែកផ្លូវគ្នារវាងមេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់បក្សនេះ និងក្រុមអ្នកឃ្លាំមើលសង្គមនាំគ្នាបញ្ចេញប្រតិកម្ម និងទស្សនៈរបស់ពួកគេរៀងៗខ្លួនព្រោងព្រាតលើបណ្ដាញសង្គម Facebook។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៩ វិច្ឆិកា នេះថា លោក កឹម សុខា ជាមេបក្សចម្លែក ព្រោះថាបើគាត់មិនចង់ឲ្យសហការី សកម្មជន និងអ្នកគាំទ្រប្រើរូបនិងឈ្មោះរបស់គាត់ក្នុងបុព្វហេតុនៃការតស៊ូនយោបាយរបស់គណបក្សសង្គ្រោះជាតិ ចុះហេតុអ្វីបានជាគាត់មិនលាលែងតំណែងពីប្រធានគណបក្ស?
ប៉ុន្តែសហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី បានសរសេរលើគណនី Facebook របស់អ្នកស្រីនៅថ្ងៃទី២៩ វិច្ឆិកា នេះដែរថា លោក កឹម សុខា មិនមានកំហុសនោះទេក្នុងការប្រើសិទ្ធិការពារខ្លួនរបស់គាត់ ដើម្បីកុំឱ្យពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះសកម្មភាពដែលលោក សម រង្ស៊ី តែងប្រព្រឹត្តដោយគ្មានការឯកភាពពីរូបលោក ដូចដែលអតីតមេដឹកនាំបក្សប្រឆាំងរូបនោះធ្លាប់បានធ្វើកន្លងមក។

អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា ខ្លឹមសារអត្ថបទរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មិនមែនជាការប្រកាសបំបែកព្រលឹងគណបក្សសង្គ្រោះជាតិនោះទេ គ្រាន់តែលើកឡើងពីការពិតតែប៉ុណ្ណោះ។ មេធាវីរូបនេះអះអាងថា នៅពេលដែលគណបក្សភ្លើងទៀន ចាប់ផ្តើមដំណើរការជាផ្លូវការឡើងវិញជាឯកតោភាគីដោយមានការជ្រោមជ្រែងពីលោក សម រង្ស៊ី និងគ្មានការឯកភាពពីលោក កឹម សុខា បែបនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក សម រង្ស៊ី បានសម្រេចចិត្តបែកចេញពីស្មារតីរួបរួមជាមួយនឹងលោក កឹម សុខា ហើយ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា ក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ការប្រកាសឱ្យលោក សម រង្ស៊ី បញ្ឈប់យករូបប្រធានគណបក្សសង្គ្រោះជាតិ ទៅប្រើក្នុងចេតនាកេងចំណេញនយោបាយបុគ្គលពីសំណាក់លោក កឹម សុខា គឺជារឿងត្រឹមត្រូវ ព្រោះថាកិច្ចព្រមព្រៀងបង្កើតសម្ពន្ធភាពរវាង សម រង្ស៊ី និង កឹម សុខា នឹងត្រូវបញ្ចប់ទៅវិញនៅពេលដែលលោក សម រង្ស៊ី បានងាកចេញទៅចងសម្ពន្ធភាពជាមួយគណបក្សនយោបាយផ្សេង ឬធ្វើសកម្មភាពនយោបាយផ្ទុយពីស្មារតីដើមដូចដែលលោក សម រង្ស៊ី សម្រេចចិត្តគាំទ្រគណបក្សភ្លើងទៀននៅពេលនេះ។
ដោយឡែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានបញ្ចេញទស្សនៈលើបញ្ហានេះ ដោយចោទជាសំណួរថា តើលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាមនុស្សតែមួយ ឬក៏លោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយ? ព្រោះថាលោក កឹម សុខា នៅតែចង់រក្សាស្មារតីដើមរបស់សង្គ្រោះជាតិ ចំណែកឯមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចង់ឱ្យជំហរគណបក្សប្រឆាំងរលាយសាបសូន្យ ខណៈលោក សម រង្ស៊ី ប្រកាសជំហរគាំទ្របើកផ្លូវនយោបាយឱ្យគណបក្សភ្លើងទៀននៅពេលនេះ ដែលជាការបំបែកព្រលឹង និងរំលាយស្មារតីរួមរបស់គណបក្សសង្គ្រោះជាតិទាំងស្រុង។

សកម្មភាពអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលដឹកនាំចលនាខុសពីជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនមែនជាលើកទីមួយនោះទេ។
កាលពីដើមខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានរៀបចំសមាជលើកទី២ នៅសហរដ្ឋអាមេរិក ទីក្រុងអាតាឡង់តា និងប្រកាសតែងតាំងខ្លួនឯងជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ និងបង្កើតឱ្យមានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-A) និងគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) ដែលមិនមែនជាជំហររបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់បានបដិសេធទៅនឹងសកម្មភាពបំពានច្បាប់ និងរំលោភលក្ខន្តិកៈរបស់លោក សម រង្ស៊ី ម្តងហើយម្តងទៀតតាមរយៈអតីតនាយកខុទ្ទកាល័យរបស់លោក កាលពីពេលកន្លងទៅថា ផ្អែកលើស្មារតីរួមរបស់គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២ គឺរាល់សកម្មភាពនយោបាយទាំងអស់របស់បក្សប្រឆាំង ត្រូវតែមានការឯកភាពពីមេដឹកនាំកំពូលទាំងពីរជាផ្លូវការ ទើបចាត់ទុកជាសកម្មភាពនយោបាយដែលស្របច្បាប់របស់គណបក្សសង្គ្រោះជាតិ។
ទោះជាបែបនេះក្តី ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ មក គេសង្កេតឃើញថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានព្យាយាមបង្កើតអង្គការចាត់តាំង និងព្រឹត្តិការណ៍នយោបាយធំៗដែលរំលោភលើលក្ខន្តិកៈគណបក្ស រំលោភលើរដ្ឋធម្មនុញ្ញ និងបំពានលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាច្រើនលើកច្រើនសា ដោយប្រើគណបក្សសង្គ្រោះជាតិជាឧបករណ៍រហូតមក ដូចជាការប្រកាសធ្វើមាតុភូមិនិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ និងការប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេសកាលពីពេលថ្មីៗនេះ ជាដើម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬ CNRP USA បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា លោក សម រង្ស៊ី និងសហការីរបស់គាត់ នៅតែបន្តកុហកអ្នកគាំទ្ររបស់ខ្លួនថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ខ្លួនក្នុងការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកកាន់តែខ្លាំងឡើងៗក្នុងពេលបច្ចុប្បន្ននេះ។
ប្រភពដដែលរិះគន់ថា លោក សម រង្ស៊ី និងសហការីរបស់គាត់ បាននាំគ្នាចាកចេញទៅបង្កើតចលនាខុសច្បាប់ជាច្រើនលើកច្រើនសា។ បន្ថែមពីនេះ ក៏បានប្រកាសគាំទ្រគណបក្សនយោបាយផ្សេងដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវទង្វើប្រាសចាក និងដើរផ្ទុយពីស្មារតីដើមនៃការរួបរួមជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងស្រុង។
ដោយសារតែមើលឃើញការដឹកនាំរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ងាកចេញពីស្មារតីដើមរបស់គណបក្សសង្គ្រោះជាតិបែបនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក យ៉ង់ ប្រេឌី ណុយ អគ្គជំនួយការជាន់ខ្ពស់ទី១ របស់គណបក្សសង្គ្រោះជាតិ អ្នកស្រី Nalen Smith ដែលសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ភាគីលោក សម រង្ស៊ី ប្រចាំសហរដ្ឋអាមេរិក (CNRP-A) និងអនុប្រធានបក្សប្រឆាំងប្រចាំសហគមន៍អឺរ៉ុប (CNRP-O) លោក ឡោ ឡៃសូ ជាដើម បាននាំគ្នាដាក់ពាក្យលាលែងពីតំណែងជាបន្តបន្ទាប់កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅ។
ចំណែកអតីតអគ្គលេខាធិការនៃ CNRP-O លោក ប៉ុន សៅរី កាលពីចុងខែមិថុនា ឆ្នាំ២០២១ ធ្លាប់បានរិះគន់យ៉ាងចាស់ដៃដែរថា សកម្មជននៅមូលដ្ឋានដែលបានតស៊ូលះបង់ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យកន្លងមក បានផ្តល់ក្តីសង្ឃឹមទៅលើគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ ប៉ុន្តែមន្ត្រីបក្សប្រឆាំងដែលចេញទៅបង្កើតបក្សថ្មីមិនដឹងខ្លួនទេថា ទង្វើរបស់ពួកគេក្នុងពេលនេះ គឺជាការចូលរួមជាមួយលោក ហ៊ុន សែន ក្នុងការបំផ្លាញ និងរំលាយគណបក្សសង្គ្រោះជាតិយ៉ាងពេញទំហឹង។
ការលាលែងពីតួនាទី និងប្រកាសឈប់គាំទ្រលោក សម រង្ស៊ី ពីសំណាក់មន្ត្រីជាន់ខ្ពស់នៅក្រៅស្រុកទាំងនោះ គឺដោយសារតែពួកគេមិនស្របទៅនឹងសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី ដែលងាកចេញពីស្មារតីគណបក្សសង្គ្រោះជាតិ ទៅគាំទ្រគណបក្សចាស់របស់ខ្លួន គឺគណបក្សភ្លើងទៀន ដែលទើបនឹងធ្វើសមាជជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដែលបានប្តូរទៅជាគណបក្សភ្លើងទៀនក្នុងពេលបច្ចុប្បន្ននេះ។

គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ គឺមានអាយុជិត ៥ឆ្នាំកន្លះហើយ ប៉ុន្តែត្រូវតុលាការកំពូលប្រកាសរំលាយទាំងអយុត្តិធម៌ពីបទក្បត់ជាតិ និងបានបំបិទសិទ្ធិនយោបាយប្រធានបក្សប្រឆាំង លោក កឹម សុខា រហូតមកទល់នឹងពេលនេះ។ កាលពីចុងឆ្នាំ២០២០ លោក សម រង្ស៊ី ធ្លាប់បានអះអាងដែរថា មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយនាំគ្នាទៅបង្កើតបក្សថ្មី គឺជាការចាញ់បោក និងលក់ខ្លួនឲ្យលោក ហ៊ុន សែន តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវគេមើលឃើញថា ហាក់លែងមានភាពអត់ធ្មត់ និងទាមទារការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិទៀតហើយ ស្របពេលដែលគណបក្សចាស់របស់លោកកំពុងរៀបចំកំណែទម្រង់ថ្មី ដែលគេសង្ស័យថាជាការរៀបចំរបស់លោក សម រង្ស៊ី ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នៅពេលខាងមុខនេះ។

អតីតប្រធានចលនាយុវជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោករិះគន់លោក សម រង្ស៊ី ដែលយករូបថតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក កឹម សុខា ផុសប្រៀបផ្ទឹមគ្នា គឺកំពុងរំឭកនូវប្រវត្តិសាស្ត្រចាស់ដ៏សែនឈឺចាប់បំផុតឲ្យមហាជនបានដឹង។
លោក យឹម ស៊ីណន ចោទជាសំណួរថា តើលោក សម រង្ស៊ី បានធ្វើយ៉ាងណាចំពោះលោកទាំងពីរ?
- សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះលើកតម្កើងលោក សម រង្ស៊ី រហូតដល់ជាសមាជិកឧត្ដមក្រុមប្រឹក្សាជាតិ និងផ្តល់តំណែងដល់ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ទោះខុសត្រូវយ៉ាងណា លោក សម រង្ស៊ី គួរខិតខំផ្សះផ្សាពង្រឹងសាមគ្គីផ្ទៃក្នុងគណបក្សដឹកនាំប្រទេសជាតិ បម្រើម្ចាស់ឆ្នោតនៅទូទាំងប្រទេស។ ប៉ុន្តែលោក សម រង្ស៊ី បែរជាដោយសារគំនុំបុគ្គលជាធំ ក្បត់មេ ទៅបង្កើតគណបក្សជាតិខ្មែរ បំបែកហ៊្វុនស៊ិនប៉ិច ក្បត់រាស្រ្តម្ចាស់ឆ្នោតឆ្នាំ១៩៩៣។
- សម្រាប់គណបក្សសង្គ្រោះជាតិវិញ ខណៈលោក កឹម សុខា កំពុងជាប់ឃុំឃាំង ហើយគណបក្សប្រឈមនឹងការរំលាយ លោក សម រង្ស៊ី បែរជានាំគ្នារត់ចោលស្រុក បោះបង់ចោលសមរភូមិ។ លុះមានការរំលាយគណបក្សហើយ ក៏នាំគ្នាប្រើយុទ្ធសាស្ត្រ “ដេកផ្ទះ ឈ្នះឯងទៀត“ ដែលជួយឱ្យបោះឆ្នោតដែលគ្មានគណបក្សសង្គ្រោះជាតិ ឆ្នាំ២០១៨ ប្រព្រឹត្តិទៅយ៉ាងរលូន។
- ចំណែកឯមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ប្រមាថព្រះមហាក្សត្រ បំបះបំបោរយោធា គឺជាការបង្កើតសោកនាដកម្មដល់បណ្តាអ្នកប្រជាធិបតេយ្យទាំងមូល។ នៅទីបំផុត លោក សម រង្ស៊ី នាំគ្នីគ្នាត្រឡប់ទៅផ្ទះចាស់ (គណបក្សភ្លើងទៀន) ក្បត់សង្គ្រោះជាតិ ក្បត់ប្រធានបក្ស (លោក កឹម សុខា) ក្បត់សមាជិកសមាជិកា និងក្បត់ឆន្ទៈរាស្រ្តម្ចាស់ឆ្នោតឆ្នាំ២០១៣ ដែលគាំទ្រភ្លូកទឹកភ្លូកដីមានអ្នកគាំទ្រខ្លះលក់ទាំងមាន់ទាជ្រូក ខ្លះរហូតលក់ដល់ឆ្កែទៀតផង។
លោក យឹម ស៊ីណន បន្តថា សូមកុំនិយាយថា លោក សម រង្ស៊ី ជាអ្នកបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឱ្យសោះ ធាតុពិត សម រង្ស៊ី នេះឯងដែលជាអ្នកបំផ្លាញបក្សអ្នកប្រជាធិបតេយ្យធំបំផុតទាំងនៅគណបក្សហ៊្វុនស៊ិនប៉ិច ហើយថ្មីៗចុងក្រោយនេះ គឺនៅគណបក្សសង្គ្រោះជាតិតែម្តង៕