កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ចាត់ទុកថា សកម្មភាពរបស់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី កន្លងមកគ្រាន់តែជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ។ បន្ថែមពីនេះ លោក សម រង្ស៊ី គ្រាន់តែធ្វើសកម្មភាពក្នុងរូបភាពនយោបាយ ដើម្បីប្រមូលស្រោមសំបុត្រពីអ្នកគាំទ្រប៉ុណ្ណោះ។
កូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះថា នៅពេលដែលគណបក្សសង្គ្រោះជាតិជួបគ្រោះថ្នាក់ លោក សម រង្ស៊ី គ្មានសមត្ថភាពក្នុងការដឹកនាំតស៊ូមតិដើម្បីទាមទារយុត្តិធម៌ជូនគណបក្ស និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនទាល់តែសោះ ប៉ុន្តែគាត់បែរជានិយាយដោយគ្មានភាពខ្មាសអៀនថា ខ្លួនជាអ្នកដឹកនាំការតស៊ូមតិដើម្បីគណបក្សទៅវិញ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកថា លោក សម រង្ស៉ី មិនបានធ្វើនយោបាយការទូតដូចដែលគាត់បានអួតនោះទេ ប៉ុន្តែគាត់ពូកែខាងដើរប្រជុំប្រមូលស្រោមសំបុត្រ និងបង្កើតព្រឹត្តិការណ៍ និងកម្មវិធីប្រមូលលុយប៉ុណ្ណោះ។
លោក មុត ចន្ថា អះអាងថា ផែនការប្រមូលលុយលើកទីមួយរបស់លោក សម រង្ស៊ី គឺផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលទទួលបានលុយដល់ទៅ ៣០ម៉ឺនដុល្លារអាមេរិក ចំណែកផែនការមាតុភូមិនិវត្តន៍លើទីពីរនៅដើមខែឧសភា ឆ្នាំ២០២១ រៃអង្គាសលុយបានជាង ២០ម៉ឺនដុល្លារអាមេរិក និងផែនការចុងក្រោយ គឺការលក់ប័ណ្ណនាឡិកាដៃម៉ាកកាស្យូ (Casio) ទទួលលុយបានជាង ២៥ម៉ឺនដុល្លារផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោក សម រង្ស៉ី គឺបានជួបត្រឹមតែតំណាងរាស្ត្រអាមេរិក ២រូប គឺលោក Alan LOWENTHAL និងលោក Steve CHABOT ក្រៅពីនោះ លោក សម រង្ស៊ី ស្កាត់ជួបអ្នកគាំទ្ររបស់ខ្លួនដើម្បីប្រមូលស្រោមសំបុត្រប៉ុណ្ណោះ។
លោក មុត ចន្ថា គូសបញ្ជាក់ថា មន្ត្រីរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុប មិនអនុញ្ញាតឱ្យលោក សម រង្ស៉ី ជួបទេ ដោយសារអំពើខុសច្បាប់ជាច្រើនរបស់គាត់ ដូចជាការប្រកាសធ្វើមាតុភូមិនិវត្តន៍ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៩ និងការប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេសកាលពីពេលថ្មីៗនេះ ជាដើម។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកថា សកម្មភាពនយោបាយរបស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មិនដែលចាត់ទុកស្មារតី «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» នោះទេ ព្រោះសកម្មភាពទាំងនោះមិនមានការគាំទ្រពីរូបលោក ហើយក៏មិនបានគាំទ្រនូវជំហររបស់លោកក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។
ជុំវិញបញ្ហានេះ ត្រូវគេមើលឃើញថា ស្មារតីរួបរួម «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» បានដើរដល់ផ្លូវបំបែក បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចេញមុខគាំទ្រគណបក្សភ្លើងទៀន ដើម្បីបន្តជីវិតនយោបាយរបស់លោកបន្តទៀត ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បាននាំគ្នាចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាជាអ្នកធ្វើឱ្យបែកបាក់ស្មារតីរួបរួមនេះទៅវិញ និងទាមទារឱ្យលោក កឹម សុខា លាលែងចេញពីតំណែងប្រធានបក្សប្រឆាំងផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ចរិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី មិនដែលរក្សាភាពស្មោះត្រង់ជាមួយដៃគូនយោបាយរបស់ខ្លួននោះឡើយ គឺមេដឹកនាំរូបនេះគិតតែពីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ត្រូវលោក សម រង្ស៊ី ប្រើល្បិចកលសហការជាមួយលោក ហ៊ុន សែន កម្ចាត់ទ្រង់ចេញពីឆាកនយោបាយ។ ដោយឡែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏អាចត្រឹមតែជាកូនអុកនយោបាយរបស់លោក សម រង្ស៊ី ផងដែរ៕