38 C
Phnom Penh

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ត្រូវ​តុលាការ​កំពូល​ចេញ​លិខិត​ឱ្យ​ចូលរួម​សវនាការ​នៅ​ចុង​ខែ​ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​លិខិត​អញ្ជើញ​ឱ្យ​ចូលរួម​សវនាការ​ជាមួយ​មេធាវី​តំណាង​ដោយ​អាណត្តិ គឺ​លោក ជួង ជូងី និង​លោក សំ សុគង់ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ​ជា​កំហិត។

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ​ថា ក្រសួង​មហាផ្ទៃ​មិន​មាន​អង្គហេតុ​ស្រប​តាម​ច្បាប់​គ្រប់គ្រាន់ និង​មាន​ភាព​ចាំបាច់​ដើម្បី​ចោទប្រកាន់​គណបក្ស​បេះដូង​ជាតិ​នោះ​ទេ ព្រោះ​ថា​រហូត​មក​ទល់​ពេលនេះ គណបក្ស​បេះដូង​ជាតិ មិន​ទាន់​មាន​ការ​ចោទ​ប្តឹង​ពី​បទ​ណា​មួយ​ពី​ក្រសួង​មហាផ្ទៃ​នោះ​ដែរ។

លោក សៀម ភ្លុក អះអាង​ថា លោក​មាន​ហេតុផល និង​អំណះអំណាង​ដោះ​បន្ទុក​គ្រប់គ្រាន់​តាម​អង្គហេតុ និង​ច្បាប់​រួច​ហើយ​សម្រាប់​ចូល​បំភ្លឺ​នៅ​តុលាការ ព្រោះ​ថា​គណបក្ស​របស់​លោក​ធ្វើ​សកម្មភាព​នានា​កន្លងមក គឺ​ស្រប​ទៅ​តាម​ច្បាប់​ទាំងអស់ មិន​បាន​បំពាន​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ។

ប្រធាន​តុលាការ​កំពូល លោក ឌិត មុន្ទី បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ព្រមទាំង​មេធាវី​តំណាង​ដោយ​អាណត្តិ គឺ​លោក ជួង ជូងី និង​លោក សំ សុគង់ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ឱ្យ​ចូលរួម​សវនាការ​ស្ដីពី​បណ្តឹង​សុំ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ក្រសួង​មហាផ្ទៃ ចុះបញ្ជី​គណបក្ស​នយោបាយ​ជូន​គណបក្ស​បេះដូង​ជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ វេលា​ម៉ោង ៨​ព្រឹក​ជា​កំហិត។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ លោក សៀម ភ្លុក បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ខ្លួន​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​របស់​សមាជិក​គណបក្ស​នោះ​ចំនួន​ជាង ៤៧០០​នាក់ បាន​រក​ឃើញ​ថា​សុទ្ធសឹងតែ​ជា​ស្នាម​មេដៃ​មិន​ប្រក្រតី។

ក្រសួង​មហាផ្ទៃ បាន​អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា ស្នាម​មេដៃ​សមាជិក​ជាង ៤​ពាន់​នាក់​របស់​គណបក្ស​បេះដូង​ជាតិ ចំនួន ២០​រូប គឺ​ខុស​ពី​ស្នាម​មេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ និង ២០​រូប​ផ្សេង​ទៀត​បាន​ផ្ដិត​ជំនួស​ឈ្មោះ​មនុស្ស​ក្នុង​បញ្ជី​ដល់​ទៅ​ជាង ៥០​នាក់ ខណៈ​ស្នាម​មេដៃ ៧៤​នាក់​ទៀត​ជា​ស្នាម​មេដៃ​ក្លែង​បន្លំ​ទាំងអស់។

គណបក្ស​បេះដូង​ជាតិ ត្រូវ​គេ​ចោទ​ថា​ជា​គណបក្ស​ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​អ្នក​រៀបចំ​នៅ​ខាងក្រោយ​ឆាក ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក សម រង្ស៊ី នៅ​មិនទាន់​ចេញ​លិខិត​បដិសេធ​ផ្លូវការ​ណា​មួយ​លើ​ការ​ចោទប្រកាន់​នេះ​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស