35 C
Phnom Penh

បណ្ឌិត​មួយ​រូប​ចោទ​លោក កឹម សុខា ថា​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដេក​ចាំ​ទទួល​ផលប្រយោជន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​បាន​ប្រៀបធៀប និង​ឌឺដង​ទៅកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ដ៏​ស្លូតបូត​ម្នាក់​ដែល​ប្រកាស​លែងលះ​ប្តី​ដ៏​ឆ្លាតវៃ និង​ចេះ​តស៊ូ​ដើម្បី​ខ្លួន ប៉ុន្តែ​នាង​ជា​ប្រពន្ធ​ប្រឹង​អង្គុយ​សមាធិ​ដោយ​ក្តី​សង្ឃឹម​ថា ខ្លួន​នឹង​ក្លាយ​ជា​មេម៉ាយ​ស្តុក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ទំនង​សំដៅ​រិះគន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ដោយសារតែ​លោក កឹម សុខា ជឿ​លើ​អ្នក​ជិតខាង និង​កូនៗ​ទាំង​ក្នុង និង​ក្រៅ​ខោ​ដែល​គ្មាន​វិន័យ និង​មាន​និស្ស័យ​ជា​ត្រី​កំភ្លាញ ត្រី​ក្រឹម ត្រីងៀត និង​ត្រី​បក ជាដើម ទើប​លោក កឹម សុខា ហ៊ាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ចេតនា​ដើម្បី​កេង​ចំណេញ​នយោបាយ​ផ្ទាល់ខ្លួន។

បណ្ឌិត សេង សារី អះអាង​ថា ដោយសារ​ខាង​ប្តី​ដឹង​ពី​គម្រោង​របស់​ប្រពន្ធ​ជា​មុន ប៉ុន្តែ​ដើម្បី​ការពារ​ប្រពន្ធ​ដ៏​កម្សត់​របស់​ខ្លួន ប្តី​បាន​និយាយ​ថា តើ​អូន​ភ្លេច​គោលដៅ​រួម​ហើយ​ឬ​ដែល​ធ្លាប់​បាន​សន្យា​នឹង​គ្នា​ថា នឹង​តស៊ូ​ឱ្យ​ដល់​ទី​បញ្ចប់ ហើយ​ទោះបី​ប្រពន្ធ​ខំ​ប្រកាស​ផ្តាច់​ទំនាក់ទំនង ក៏​ប្តី​មិនព្រម​ផ្តាច់​ទំនាក់ទំនង​នេះ​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ លើកឡើង​ថា បើ​ខាង​ប្រពន្ធ​ចង់​លែងលះ​ពិត​មែន​នោះ នៅតែ​អាច​ទៅ​រួច ប៉ុន្តែ​ទាល់តែ​ប្រពន្ធ​សុំ​ចុះ​ចេញពី​ផ្ទះ មាន​ន័យ​ថា «សុំ​លាលែង​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មុន​សិន» ហើយ​កុំ​ភ្លេច​នាំ​កូនៗ​ដែល​ពូកែ​ជេរប្រមាថ​ទៅ​ជាមួយ​ផង បើ​មិន​ដូច្នោះ​ទេ លោក កឹម សុខា និង​លោក សម រង្ស៊ី លែង​គ្នា​មិន​ដាច់​នោះ​ឡើយ។

ការ​អះអាង​របស់​បណ្ឌិត សេង សារី គឺ​ចង់​បង្ហាញ​ថា ករណី​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផ្តើម​ធ្វើ​ឱ្យ​បែកបាក់​ការ​រួបរួម «សម រង្ស៊ី និង កឹម សុខា» គឺ​ដោយសារតែ​លោក កឹម សុខា គ្រាន់​តែ​ចង់​កេង​ចំណេញ​នយោបាយ​ខ្លួនឯង ជាជាង​ការ​ជួយ​ដៃគូ​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ។

ប៉ុន្តែ​កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​គណនី Facebook របស់​កញ្ញា​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា អតីត​មេដឹកនាំ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បោះបង់​គោលដៅ​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​អស់​ហើយ នៅ​ពេល​ដែល​ពួកគេ​ប្រកាស​ជំហរ​គាំទ្រ​ឱ្យ​មាន​សមាជ​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កន្លងមក មិន​ដែល​ចាត់ទុក​ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនោះ​មិន​មាន​ការ​គាំទ្រ​ពី​លោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី Facebook កាលពី​ថ្ងៃ​ទី​១២ ធ្នូ ដែរ​ថា អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្សី បាន​ដើរ​ចេញពី​ទិសដៅ​រួម​នៃ​សម្ពន្ធភាព​រវាង កឹម សុខា ទៅ​បង្កើត​ចលនា និង​យន្តការ​ផ្សេង​ក្រៅពី​ស្មារតី​ដើម​នៃ​ការ​រួបរួម​ជាច្រើន​លើក​ច្រើនសា​ដោយ​ខ្លួនឯង ហើយ​លោក កឹម សុខា មិនមែន​ជា​អ្នក​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​នោះ​ទេ។

លោក ហ៊ុន កុសល រៀបរាប់​ថា កាលពី​ដើម​ឆ្នាំ​២០១៩ លោក សម រង្ស៊ី ធ្លាប់​ប្រមាថ​ថា ការ​ជាប់​គុក​របស់​លោក កឹម សុខា ជា​រឿង​ឥតប្រយោជន៍ ប៉ុន្តែ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បែរជា​ធ្វើ​យុទ្ធនាការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ការ​រៀបចំ​ផែនការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ព្រមទាំង​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​របស់​គាត់​ឡើងវិញ ដោយ​កុហក​អ្នក​គាំទ្រ​ថា ជា​ផែនការ​ក្រោម​ស្មារតី​រួបរួម សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ផែនការ​ខុសច្បាប់​ខាងលើ​នេះ​មាន​ការ​ចូលរួម​ឯកភាព​ពី​លោក កឹម សុខា មែន​នោះ ល្មម​គ្រប់គ្រាន់​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាត់ទោស​ព្យួរ​ក​លោក កឹម សុខា បាន​ហើយ ប៉ុន្តែ​ការ​អះអាង​នោះ​គ្រាន់តែ​ជា​ការ​កុហក​របស់​លោក សម រង្ស៊ី ដើម្បី​ទម្លាក់​កំហុស និង​រុញច្រាន​ឱ្យ​លោក កឹម សុខា ជាប់​គុក​ជំនួស​គាត់​តែប៉ុណ្ណោះ ហើយ​ករណី​នេះ​ក៏​ជា​ចេតនា​មួយ​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ផង​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ដែរ​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ពេល​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​អះអាង​ថា ស្មារតី​រួបរួម សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​ដដែល។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា យុទ្ធសាស្ត្រ​របស់​លោក សម រង្ស៊ី គ្មាន​អ្វី​ក្រៅពី​ចង់​ឃើញ​លោក កឹម សុខា ជាប់​គុក​អស់​មួយ​ជីវិត និង​អស់​ទុន​នយោបាយ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស