27 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​មូលហេតុ​កម្ពុជា​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន​ឆ្នាំ​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​កម្ពុជា​មិន​អាច​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​នាម​អាស៊ាន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Code of Conduct ឬ COC ឬ​ជា​ក្រមសីលធម៌​សម្រាប់​ដោះស្រាយ​វិបត្តិ​ឈូងសមុទ្រ​ចិន​ខាង​ត្បូង (South China Sea) កាលពី​ឆ្នាំ​២០១២ មិនមែន​មកពី​កម្ពុជា​ការពារ​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ ប៉ុន្តែ​ដោយសារ​ប្រទេស​មួយ​ចំនួន​ដែល​ដណ្តើម​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ទាមទារ​ឱ្យ​ប្រធាន​អាស៊ាន គឺ​កម្ពុជា​នៅ​ពេល​នោះ​ចេញ​សេចក្តី​ប្រកាស​កាត់​សេចក្តី​រឿង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅ​តាម​ការ​ចង់បាន​របស់​ពួកគេ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ថា សូម​កុំ​បន្ទោស​កម្ពុជា​ដូច​ឆ្នាំ​២០១២ ទៀត ប្រសិនបើ​កម្ពុជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​បញ្ហា COC បាន ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ ចោទ​សួរ​ថា តើ​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​កាត់​សេចក្តី​បែងចែក​ដែន​កោះ​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​ឬ​ទេ?

លោក ហ៊ុន សែន បញ្ជាក់​ទៅ​កាន់​ពិភពលោក​ឲ្យ​ហើយ​មុន​ពេល​លោក​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ​ថា សូម​ស្គាល់​ធាតុ​ពិត​នៃ​បញ្ហា​ឆ្នាំ​២០១២ ឱ្យ​បាន​ច្បាស់ ថា​អ្វី​ទៅជា​បញ្ហា​ចម្បង​នៅ​ពី​ក្រោយ​កម្ពុជា​ចេញ​សេចក្តី​ថ្លែងការណ៍​មិន​បាន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ?

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​កម្ពុជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍ COC កាលពី​ឆ្នាំ​២០១២ ដោយសារតែ​សមាជិក​អាស៊ាន​បាន​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​ធ្វើជា​ចៅក្រម​កាត់​សេចក្តី​លើ​ដែន​កោះ​មួយ​ចំនួន​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ដែល​ខុស​ពី​ធម្មនុញ្ញ​អាស៊ាន​ដែល​បាន​ចែង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​នឹង​ត្រូវ​ដល់​វេន​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​បរាជ័យ​កាលពី​ខ្លួន​លោក​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ទាក់ទិន​នឹង​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ ជុំវិញ​ការ​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​មិន​បាន មិនមែន​មកពី​កម្ពុជា​ការពារ​មហាអំណាច​កុម្មុយនីស្ត​ចិន​នោះ ថា​ជា​ការ​និយាយ​ភូត​កុហក​សាធារណមតិ​ជាតិ និង​អន្តរជាតិ។

លោក ម៉ែន ណាត បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍ COC ឆ្នាំ​២០១២ ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន គឺជា​ការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដែល​មហាយក្ស​ចិន បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន​មាន​ព្រំដែន​ទឹក​ជាប់​នឹង​ឈូងសមុទ្រ​ចិន​ខាងត្បូង​នោះ ប៉ុន្តែ​ដោយសារ​លោក ហ៊ុន សែន ត្រូវការ​ផលប្រយោជន៍​ពី​មហាអំណាច​កុម្មុយនីស្ត​ចិន ទើប​គាត់​ជំទាស់​នឹង​សេចក្តី​ថ្លែងការណ៍​អាស៊ាន​នៅ​ពេល​នោះ​តែម្តង។

កាលពី​ឆ្នាំ​២០១២ រដ្ឋ​ជា​សមាជិក​ក្នុង​សមាគម​អាស៊ាន​ដែល​មាន​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន មាន​ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយណេ ហើយ​ពួកគេ​ទាមទារ​ឱ្យ​ប្រធាន​អាស៊ាន គឺ​កម្ពុជា​ដាក់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទៅ​ដោះស្រាយ​ក្នុង​កម្រិត​ថ្នាក់​អន្តរជាតិ ប៉ុន្តែ​កម្ពុជា​មិន​យល់ព្រម ឬ​ប្រើ​សិទ្ធិ​វេតូ​នៅ​ពេល​នោះ។

ជុំវិញ​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ផាន ក្វាងសៀ (Pan Quangxue) នៅ​ពេល​នោះ​អះអាង​ថា ចិន​ប្រកាន់​ជំហរ​ដាច់ខាត​មិន​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ទៅជា​បញ្ហា​អន្តរជាតិ​ជា​ដាច់ខាត ខណៈ​កម្ពុជា​ប្រកាស​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​យល់ស្រប​គ្នា​ជា​ឯកច្ឆន្ទ​ថា មិន​លើក​យក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ដោះស្រាយ​ជា​កម្រិត​ថ្នាក់​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​តំណាង​ប្រទេស​ហ្វីលីពីន បាន​ច្រានចោល​ការ​លើកឡើង​នេះ​ទាំងស្រុង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​រង​នូវ​ឥទ្ធិពល​ខ្លាំង​បំផុត​ពី​មហាយក្ស​ចិន ទាំង​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដូច្នេះ​កម្ពុជា​ពិបាក​នឹង​លាង​ខ្លួន​ពី​ការ​ចោទប្រកាន់​ថា​មិនមែន​ជា​កូនអុក​របស់​កុម្មុយនីស្ត​ចិន​ណាស់ ហើយ​នេះ​ក៏​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ផង​ដែរ​សម្រាប់​កម្ពុជា ក្នុង​ការ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុង​នាម​ប្រធាន​អាស៊ាន ជាពិសេស​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដ៏​ធំ​របស់​ចិន។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ វេទិកា​អនាគត​អាស៊ី មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​សំណួរ​ជុំវិញ​ទំនាក់ទំនង​កម្ពុជា-ចិន​ថា បើ​មិន​ឱ្យ​កម្ពុជា​ពឹង​មហាអំណាច​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា ខណៈ​មហាអំណាច​ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​រយៈពេល​កន្លងមក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស