អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនស្នងការរងលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្តរាគមន៍ លោកវរសេនីយ៍ឯក កែវ ណារុន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានរកឃើញថា ពួកគេពិតជាបានពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ប្រាកដមែន។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ធ្នូ ថា ស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បានពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកប្រាកដមែន ចំណែកនាយការិយាល័យអន្តរាគមន៍ខេត្តកំពង់ឆ្នាំង លោក កែវ ណារុន ក៏បានពាក់ព័ន្ធនឹងការកាប់ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនេះដែរ។
ប្រភពដដែលអះអាងថា ក្រោយពីស៊ើបអង្កេតយ៉ាងហ្មត់ចត់ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា មន្ត្រីរាជការទាំងពីររូបនេះបានល្មើសទៅនឹងអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ស្តីអំពីការកំណត់ដែនដីព្រៃលិចទឹកស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបយ៉ាងធ្ងន់ធ្ងរ ដូច្នេះ ACU បានសម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើដើម្បីបន្តនីតិវិធីច្បាប់តែម្តង។
ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជាដាច់អហង្ការឱ្យស្រាវជ្រាវ និងចាប់ខ្លួនឱ្យអស់ចំពោះអ្នកដែលបានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបធ្វើជាកម្មសិទ្ធិ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយដែលហៅកាត់ថា ACU បានអញ្ជើញលោក ស៊ុំ សុជាតិ និងលោក កែវ ណារុន មកសាកសួរ និងស្ដាប់ចម្លើយសារភាពរបស់ពួកគេពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ ក្រោយពីសាកសួរចប់សព្វគ្រប់ ACU ក៏សម្រេចឃាត់ខ្លួនអ្នកទាំងពីរនោះតែម្តង។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ធ្នូ នេះថា លោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធលើករណីរំលោភលើដីព្រៃលិចទឹកនេះ។ បន្ថែមពីនេះ លោកថារដ្ឋាភិបាលក៏ត្រូវបន្តស្រាវជ្រាវមន្ត្រីផ្សេងទៀតផងដែរដែលបានរំលោភទន្ទ្រានកាន់កាប់ និងជួញដូរដីព្រៃលិចទឹកទាំងនោះ ត្បិតមន្ត្រីដែលប្រព្រឹត្តល្មើសក្នុងករណីនេះមិនមែនមានតែពីររូបខាងលើនេះទេ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ដើម្បីធានានូវភាពគង់វង្សទៅថ្ងៃអនាគត រដ្ឋាភិបាលត្រូវតែពង្រឹងយន្តការដល់ស្ថាប័នមានសមត្ថកិច្ចដែលមានស្រាប់ រួមមានរដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។ ជាងនេះទៀត គណៈកម្មការជំនាញរបស់រដ្ឋសភា ត្រូវតែចាត់វិធានការដោយដាក់ផែនការលើអភិបាលខេត្តទាំង៦ និងក្រសួងពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីត្រួតពិនិត្យទីតាំងជាក់ស្តែងយ៉ាងហោចណាស់ក្នុងមួយឆ្នាំឱ្យបានពីរដងដែរ។
កាលពីថ្ងៃទី១៦ ខែធ្នូ នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមានថា រដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារ និងដកហូតដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាតទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកទាំងនោះ។
នៅថ្ងៃទី១៧ ខែធ្នូ នេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានបង្ហាញរបាយការណ៍របស់ខ្លួនថា រយៈពេលជិត ៣សប្តាហ៍មកនេះ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រានក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ត្រឡប់មកវិញសរុបជាង ៤ម៉ឺនហិកតារ ហើយក្នុងនោះខេត្តកំពង់ធំ ប្រគល់មកវិញបានជាង ៥ពាន់ហិកតារ និងខេត្តសៀមរាប ជាដើម ប្រគល់ជូនរដ្ឋវិញបាន ២០៥១ហិកតារផងដែរ។
ជុំវិញបញ្ហានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានអះអាងក្នុងពិធីបិទសន្និសីទអន្តរជាតិ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ថា តាមការស្រាវជ្រាវរបស់លោករកឃើញថា តំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ ត្រូវបានរំលោភបំពានដល់ទៅជាង ១០ម៉ឺនហិកតារ តែមន្ត្រីមូលដ្ឋានកុហកថាត្រឹមតែ ៣ពាន់ហិកតារប៉ុណ្ណោះ ដោយឡែកនៅខេត្តសៀមរាប មានការរំលោភបំពានដីព្រៃលិចទឹកដល់ទៅរាប់ម៉ឺនហិកតារផងដែរ តែមន្ត្រីថ្នាក់ក្រោមឆ្លើយថា ត្រឹមតែ ២ពាន់ហិកតារប៉ុណ្ណោះ។
ជុំវិញការទន្ទ្រានដីព្រៃលិចទឹកនេះ គណៈកម្មការអន្តរក្រសួង ចេញបង្ក្រាបបទល្មើសរំលោភទន្ទ្រានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប បានបង្ហាញកាលពីពេលថ្មីៗនេះថា មេបញ្ជាការរងយោធភូមិភាគទី៥ ផ្កាយ២ លោក ភ្លន់ តារា បានកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ប្រមាណ ៦០០ហិកតារនៅតំបន់៣ ខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនទាន់មានចំណាត់ការណាមួយរបស់រដ្ឋាភិបាលលើលោកផ្កាយ២ នេះនៅឡើយទេ។
ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា ការទន្ទ្រានកាន់កាប់ដៃព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប បានកើតឡើងតាំងពី ១០ឆ្នាំមុនមកម្ល៉េះ ក្នុងនោះមានទាំងប្រជាពលរដ្ឋ និងឈ្មួញធំៗ រួមទាំងមន្ត្រីរាជការផងដែរ ដែលបានឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីផលប្រយោជន៍របស់ពួកគេរៀងៗខ្លួន៕