មន្ត្រីជាន់ខ្ពស់របស់អង្គការ Human Rights Watch បានលើកឡើងថា ការយាយីរបស់អាជ្ញាធរចំពោះកូដកម្មដោយសន្តិវិធី និងការចេញដីកាបដិសេធកូដកម្មរបស់តុលាការចំពោះកម្មករនៃក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គឺធ្វើឡើងដោយលម្អៀងផ្នែកនយោបាយ ដែលបង្ខំឱ្យកម្មករទាំងនោះប្រឈមមុខកាន់តែខ្លាំងមួយកម្រិតទៀតជាមួយនឹងអាជ្ញាធរបន្ថែមពីលើការប្រឈមជាមួយនឹងម្ចាស់ក្រុមហ៊ុន Naga World។
អនុប្រធានប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២១ ខែធ្នូ នេះថា វត្តមានរបស់ប៉ូលិស និងកម្លាំងសន្តិសុខដែលបានញុះញង់ឲ្យមានអំពើហិង្សាលើបាតុករដែលប្រមូលផ្តុំគ្នាដោយសន្តិវិធី គឺបង្ហាញពីសកម្មភាពបំភិតបំភ័យ ការយាយីយ៉ាងធ្ងន់ធ្ងរលើការតវ៉ារបស់កម្មករដែលកំពុងទាមទារដោយស្របច្បាប់ពីការរំលោភបំពានលើសិទ្ធិការងាររបស់ក្រុមហ៊ុន Naga World នៅពេលនេះ។
លោក ហ្វីល រ៉ូបឺសុន រិះគន់ថា ការឃោសនារបស់រដ្ឋាភិបាលកម្ពុជាក្នុងចេតនាព្យាយាមបង្ខូចសកម្មភាពកូដកម្មដោយសន្តិវិធី ថាជាការបដិវត្តពណ៌នោះ គឺជាសកម្មភាពជ្រុលហួសហេតុ និងបង្ហាញពីការរើសអើងតាមអំពើចិត្តរបស់ខ្លួនលើក្រុមសហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតកម្មករខ្មែររបស់ក្រុមហ៊ុន Naga World ទាំងស្រុង។
មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការរារាំងសកម្មភាពកូដកម្មរបស់កម្មករទាំងនោះដោយសន្តិវិធីជាបន្ទាន់ ជាពិសេសក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គួរអនុញ្ញាតឱ្យមេដឹកនាំសហជីព និងបុគ្គលិករបស់ខ្លួនរាប់រយនាក់ផ្សេងទៀតដែលក្រុមហ៊ុនបានបណ្តេញចេញកាលពីពេលកន្លងទៅ អាចចូលធ្វើការងារវិញ ដើម្បីបញ្ចប់នូវវិវាទនេះឱ្យបានឆាប់។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ និងតុលាការកម្ពុជា បានចោទប្រកាន់ និងរារាំងកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ថាជាកូដកម្មខុសច្បាប់កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុន Naga world ចំនួនជាង ១៣០០នាក់ មានទាំងកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះផង ដែលរងការរំលោភបំពានសិទ្ធិការងារពីខាងក្រុមហ៊ុន បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន Naga World ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ក្នុងចំណោមកម្មករនិយោជិតជាង ១៣០០នាក់ដែលក្រុមហ៊ុន Naga World បានបញ្ឈប់ពីការងារដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១ មក។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ឈ្មោះថា Fresh News បានចុះផ្សាយដោយចោទប្រកាន់ថា ប្រធានសហជីពរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជាមេខ្លោងក្នុងការរៀបចំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុន Naga World ដែលទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែការចុះផ្សាយនេះ ត្រូវគេមើលឃើញថា ជាចេតនាដើម្បីលាបពណ៌កម្មករទាំងនោះប៉ុណ្ណោះ ត្បិតពួកគេមិនបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ គ្រាន់តែធ្វើកូដកម្មទាមទារយុត្តិធម៌ពីថៅកែក្រុមហ៊ុន ណាហ្គា វើលដ៍ ប៉ុណ្ណោះ។
ដោយឡែកអ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ហេង សួរ បានចោទប្រកាន់ផងដែរថា ការប្រើប្រាស់អនីតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ា គឺជាតាក់តិចមួយដែលរៀបចំចលនាបដិវត្តន៍ពណ៌ ហើយអ្នករៀបផែនការនេះតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនីតិជន ឬលើស្ត្រីទាំងនោះ ដើម្បីទាញសមានចិត្ត និងបញ្ឆេះកំហឹងពីមហាជន។

បែបនេះក្តី នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រតិកម្មថា ក្រសួងពាក់ព័ន្ធគួរតែរៀន និងប្រឹងប្រែងរកវិធីដោះស្រាយដែលអាចទទួលយកបានពីភាគីវិវាទទាំងសងខាង ជាជាងប្រឹងបង្កើតអត្ថបទលាបពណ៌ភាគីផ្សេងៗដែលជាការគេចវេះមិនព្រមរកដំណោះស្រាយជូនកម្មករនិយោជិតដែលរងការរំលោភបំពានលើសិទ្ធិការងាររបស់ពួកគេនៅពេលនេះ។
ជុំវិញបញ្ហានេះ អង្គការសង្គមស៊ីវិល ៦០ស្ថាប័ននៅកម្ពុជា ប្រតិកម្មថា វិវាទរវាងក្រុមហ៊ុន Naga world និងបុគ្គលិករបស់ខ្លួនអាចដោះស្រាយបាន លុះត្រាតែក្រុមហ៊ុនចូលតុចរចាជាមួយកម្មករនិយោជិត ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។
ចំណែកប្រព័ន្ធតុលាការ និងកម្លាំងសន្តិសុខរបស់សាលាក្រុងភ្នំពេញ មិនគួរប្រើប្រាស់ជាឧបករណ៍ដើម្បីបំបិទសំឡេងរបស់កម្មករនិយោជិតលើបញ្ហានេះឡើយ។
កម្មករនិយោជិតដែលកំពុងចូលធ្វើកូដកម្ម អះអាងនៅថ្ងៃទី២១ ខែធ្នូ នេះថា ពួកគេនឹងបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយពីខាងក្រុមហ៊ុន ស្របតាមច្បាប់ការងារ ហើយខាងក្រុមហ៊ុនក៏គួរចេញមុខដោះស្រាយដើម្បីបញ្ចប់បញ្ហា ជាជាងប្រើតុលាការ និងសាលាក្រុងភ្នំពេញចេញមុខប្រឈមមុខជាមួយកូដករជំនួសខ្លួនដូចពេលនេះ៕