បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា មេដឹកនាំខ្មែរដែលវៀតណាមបានលើកបន្តុបកាលពីជាង ៤០ឆ្នាំមុន នៅតែរក្សាតួនាទីរបស់ខ្លួនរស់ក្រោមឥទ្ធិពលវៀតណាមដដែល ព្រោះថាក្នុងជំនួបទល់មុខប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី២១ ធ្នូ លោក ហ៊ុន សែន នៅតែបន្តបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមលើកម្ពុជាដដែល។
អ្នកវិភាគនយោបាយឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា មេដឹកនាំបក្សកាន់អំណាចព្យាយាមបន្តឋានៈជាអាយ៉ងរបស់វៀតណាមគ្រប់រូបភាព ដូចជាការបន្តទំនាក់ទំនងក្រោមលេសលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មី តភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ពន្លឿនផែនការពាណិជ្ជកម្មតាមព្រំដែន និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនានា ជាដើម។
លោក គឹម សុខ បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងមេដឹកនាំបក្សអំណាចកម្ពុជា និងមេដឹកនាំកុម្មុយនីស្តវៀតណាមទាំងនេះ បើមិនអាចអនុវត្តឱ្យមានតម្លាភាពទេ គឺដូចជាជួយរុញល្បឿនរណសិរ្សរបស់ប្រទេសវៀតណាម ឈ្លានពានអធិបតេយ្យភាពកម្ពុជាឱ្យកាន់តែឆាប់ទទួលបានជោគជ័យតែប៉ុណ្ណោះ។
អ្នកវិភាគរូបនេះរិះគន់ថា ក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង លោក ហ៊ុន សែន បានអំពាវនាវដល់ភាគីវិវាទទាំងអស់ឱ្យគោរពតាមច្បាប់សមុទ្រឆ្នាំ១៩៨២ ឬ UNCLOS-1982 ប៉ុន្តែពេលលោក ហ៊ុន សែន ជួបទល់មុខជាមួយនឹងប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក បែរជាមិនហ៊ានទាមទារឲ្យភាគីវៀតណាម គោរពច្បាប់សមុទ្រនេះជាមួយនឹងកម្ពុជា ដើម្បីការពារដែនសមុទ្ររបស់ខ្លួនទៅវិញ។
លោក គឹម សុខ បញ្ជាក់ថា តាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្ដែងរបស់កម្ពុជាសព្វថ្ងៃនេះ កោះត្រល់ពិតជាកម្មសិទ្ធិរបស់កម្ពុជាមិនអាចប្រកែកបាន ព្រោះថាកោះខ្មែរមួយនេះមានរយៈចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រតែប៉ុណ្ណោះពីឆ្នេរខេត្តកំពតរបស់ប្រទេសកម្ពុជា គឺស្ថិតក្នុងរង្វង់ ១៩,៣គីឡូម៉ែត្រដែលកំណត់ដោយច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលកំពុងតែធរមានក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបរវាងមេដឹកនាំបក្សកាន់អំណាចជាមួយមេដឹកនាំកុម្មុយនីស្តវៀតណាម ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនជាមួយកម្ពុជា សម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២២ ខាងមុខនេះ។

កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ ប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកម្ពុជា ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជាអ្នកជិតខាងល្អ និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ទាក់ទិននឹងទំនាក់ទំនងកម្ពុជា-វៀតណាមនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថា កម្ពុជា-វៀតណាម នឹងតភ្ជាប់សេដ្ឋកិច្ចឆ្នាំ២០៣០ នៅចុងឆ្នាំ២០២២ នេះ។
ប្រភពដដែលអះអាងថា ភាគីទាំងពីរបានឯកភាពសម្រួលឆ្លងកាត់ទំនិញក្រោមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលកម្ពុជា-វៀតណាមជាហត្ថលេខី ព្រមទាំងកិច្ចព្រមព្រៀងជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។
ដោយឡែករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ សរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា ក្នុងជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang នៅថ្ងៃទី២២ ខែធ្នូ នេះ បានប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា នាយករដ្ឋមន្ត្រីរបស់កម្ពុជាពិតប្រាកដ គឺវៀតណាមទៅវិញទេ ខណៈលោក ហ៊ុន សែន ប្រៀបដូចជានាយករដ្ឋមន្ត្រីស្រមោលរបស់ខ្មែរនោះ តែងសម្បទានគ្រប់បែបយ៉ាង រួមទាំងការអនុញ្ញាតឲ្យវៀតណាមបង្ហូរជនជាតិរបស់គេឲ្យមករស់នៅដោយសេរី និងដោយខុសច្បាប់ក្នុងទឹកដីខ្មែរ និងការកាត់ទឹកដីខ្មែរឲ្យវៀតណាម តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនចាប់តាំងពីឆ្នាំ១៩៧៩ មកនោះ៕