រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២១ ពេលដែលប្រទេសកម្ពុជាញាំញីដោយហានិភ័យនៃការរីករាលដាលនៃមេរោគ Covid-19 នេះ អត្រានាំចេញប្រចាំឆ្នាំរបស់កម្ពុជា បានធ្លាក់ចុះ ០,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នេះថា ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២១ មានចំនួនជិត ១៦ពាន់លានដុល្លារអាមេរិក (១៥៧២៩លានដុល្លារ) ដែលចំនួននេះបានធ្លាក់ចុះចំនួន ០,១២% ធៀបនឹងតម្លៃនាំចេញសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ មានចំនួនជាង ១៧ពាន់លានដុល្លារ (១៧២១៥លានដុល្លារ)។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងក្នុងពិធីបូកសរុបការងារនោះថា ការរំខានបង្កដោយជំងឺ Covid-19 ដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា រួមនឹងការទទួលរងឥទ្ធិពលពីបដិវត្តន៍ឧស្សាហកម្មទី៤ បម្រែបម្រួលអាកាសធាតុ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈ ព្រមទាំងការប្រទាញប្រទង់គ្នាផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងមហាអំណាចពិភពលោក គឺសុទ្ធសឹងតែជាចំណោទបញ្ហាសម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា ដែលទាមទារដំណោះស្រាយ។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងប្ដេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសការរក្សាឱ្យបាននូវសន្តិសុខស្បៀង ការបន្តស្វែងរកទីផ្សារថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការកែប្រែបញ្ហាប្រឈមទៅជាឱកាសក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕