31 C
Phnom Penh

ប្រធាន​រដ្ឋសភា​កម្ពុជា​សំណូមពរ​វៀតណាម​ឱ្យ​បន្ត​ជួយ​សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រដ្ឋសភា​កម្ពុជា លោកស្រី ឃួន សុដារី សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​ឡើង។

នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ឃួន សុដារី ថ្លែង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​រវាង​កម្ពុជា និង​វៀតណាម នៅតែ​បន្ត​ឈរ​ស្ថិតស្ថេរ​យ៉ាង​រឹងមាំ និង​លូតលាស់​ទ្វេ​ឡើង​ថែម​ទៀត​ទាំង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

ប្រភព​ដដែល​បាន​លើក​ជា​សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការ​វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ទាំង​សងខាង ក៏ដូចជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​អភិវឌ្ឍ​ប្រទេស​ជាតិ នៅ​ក្នុង​នោះ​មាន​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​ឡើង​ផង​ដែរ។

លោកស្រី ឃួន សុដារី បន្ត​ថា ទោះបី​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក្តី ក៏​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​បាន​បន្ត​ទំនាក់ទំនង និង​ធ្វើ​សកម្មភាព​សំខាន់ៗ​ជាមួយ​គ្នា និង​បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ទាំង​ក្នុង​ក្របខ័ណ្ឌ​សភា​តំបន់ និង​សកលលោក រួម​មាន AIPA, IPU, APPF និង APF ជាដើម។

ជា​ការ​ឆ្លើយតប លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ថា លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជ​រដ្ឋាភិបាល និង​រដ្ឋសភា​នីតិកាល​ទី​៧ បាន​ចេញ​ដំណើរ​ដោយ​ភាព​ស្វាហាប់ និង​ច្បាស់លាស់ ដែល​នឹង​នាំ​មក​នូវ​ជោគជ័យ​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ និង​ប្រជាជន ជាពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ​ឡើង។

ប្រភព​ដដែល​បាន​លើកឡើង​ថា សូម​បន្ត​គាំទ្រ និង​ជំរុញ​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កន្លងមក និង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​នៅ​គ្រប់​កម្រិត។

ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន ៩ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កំពត ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចំណង​មិត្តភាព​កម្ពុជា និង​វៀតណាម បច្ចុប្បន្ន​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​ប្រទេស​វៀតណាម​តែ​មួយ​គត់។ ជាក់ស្តែង ចាប់ពី​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨៥ មក កម្ពុជា​បាន​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ព្រៃឈើ និង​ដីធ្លី​រាប់​សិប​ម៉ឺន​ហិកតារ​ដែល​ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រាប់​សិប​ឆ្នាំ​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ងាក​ទៅ​រក​មហាមិត្ត​ចិន ជា​ខ្នង​បង្អែក​របស់​ខ្លួន​វិញ​ក្នុង​បំណង​ឱ្យ​ជួយ​គាំទ្រ​ដល់​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​អំណាច​បន្ត​ពី​ខ្លួន ប៉ុន្តែ​ទំនាក់ទំនង​នេះ​ក៏​មិន​ខុសពី​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​វៀតណាម កន្លង​មក​ដែរ គឺ​កម្ពុជា​ត្រូវតែ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ចិន ដូច​ដែល​កម្ពុជា​ធ្លាប់​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​វៀតណាម ដូច្នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស